សម្រាប់នៅពេញមួយឆ្នាំ២០២៣នេះវិញ ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាកត់សម្គាល់ឃើញថា ចន្តរទិញ-លក់អចលនទ្រព្យនៅកម្ពុជាជារួមនៅតែជួបនូវបញ្ហាប្រឈម និងមិនទាន់មានភាពល្អប្រសើរឡើងវិញគួរឱ្យកត់សម្គាល់នោះទេ ក៏ប៉ុន្តែផ្នែកខ្លះនៃវិស័យនេះនៅតែអាចទទួលបានឱកាសទីផ្សារមួយចំនួនផងដែរ។
នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានខេមបូណូមីស ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CPL បានគូសបញ្ជាក់ថា ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជានៅពេញមួយឆ្នាំ២០២៣នេះ នៅតែមិនទាន់អាចងើបឡើងវិញជាប្រក្រតីភាពនោះទេ ប៉ុន្តែមិនមែនមានន័យថា វិស័យនេះបានជាប់គាំងលែងដំណើរការនោះទេ ពោលគឺចរន្តទិញ-លក់អចលនទ្រព្យនៅកម្ពុជាចាប់ផ្ដើមមានសកម្មភាពឡើងវិញជាសន្សឹមៗ បើទោះបីនៅមានកម្រិតក្តី។ ជាក់ស្តែងតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ចន្តរទិញ-លក់អចលនទ្រព្យសម្រាប់ក្រុមហ៊ុនលោកនៅឆ្នាំ២០២៣នេះ ហាក់មានការធ្លាក់ចុះប្រមាណ១០%ទៅ១៥% បើធៀបនឹងឆ្នាំ២០២២។
ជាមួយគ្នានេះ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្ញាក់ងារអចលនវត្ថុកម្ពុជាកត់សម្គាល់ឃើញថា នៅក្នុងឆ្នាំ២០២៣ នេះ វិស័យអចលនទ្រព្យកម្ពុជានៅតែបន្តជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនទាំងខាងក្នុង និងខាងក្រៅ ជាពិសេសបញ្ហាខ្វះលំហូរសាច់ប្រាក់ពីខាងក្រៅតែម្តង ដោយសារការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុនៅលើពិភពលោក ក៏ដូចជាការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្មនៅលើទីផ្សារអន្តរជាតិជាដើម។ តែយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា វិស័យអចលនទ្រព្យកម្ពុជា នៅតែអាចទទួលបានឱកាសទីផ្សារមួយចំនួន។
បើតាមលោក សន សៀប មកទល់ពេលនេះទីផ្សារលំនៅដ្ឋាន និងខុនដូរ ដែលបានសាងសង់រួចនៅតែមានការទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ទិញ និងជួលជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ និងវិនិយោគិនបរទេសមួយចំនួន។ ដោយឡែកសម្រាប់អចលនទ្រព្យបែបពាណិជ្ជកម្ម ដូចជាអាគារការិយាល័យ និងអគារពាណិជ្ជកម្មជាដើម នៅតែស្ថិតក្រោមសម្ពាធនៃការធ្លាក់ចុះតម្រូវការ។ យ៉ាងណាមិញសម្រាប់អចលនទ្រព្យផ្នែកឧស្សាហកម្មវិញ អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា មានការកម្រើកឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៣នេះ ខណៈអចលនទ្រព្យសម្រាប់ផ្នែកកសិកម្មនៅតែមានកំណើនជាវិជ្ជមាន។ តែយ៉ាងណា លោក សន សៀប អះអាងថា ការកសាងទំនុកចិត្តដល់អ្នកវិនិយោគនៅតែជាបញ្ហាប្រឈមមួយ សម្រាប់ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាអាចងើបឡើងវិញបានឆាប់រហ័ស។ ដោយឡែកសម្រាប់ឧកញ៉ា ចេង ខេង នៅក្នុងឆ្នាំ២០២៣នេះ ចរន្តទិញ-លក់ និងជួលអចលនទ្រព្យនៅកម្ពុជា ដែលចាប់ផ្ដើមមានសកម្មភាពឡើងវិញគួរឱ្យកត់សម្គាល់នោះ ភាគច្រើនស្ថិតនៅក្នុងតំបន់ជាយក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ និងសៀមរាបជាដើម។
សូមបញ្ជាក់ថា ក្នុងត្រីមាសទី៣ឆ្នាំ២០២៣ កម្ពុជាបានអនុម័តគម្រោងសំណង់ចំនួន៧៤៩គម្រោង ថយចុះជាង៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ក៏ប៉ុន្តែបើក្រឡេកមើលទៅលើតម្លៃគម្រោងសាងសង់ក្នុងត្រីមាសទី៣នេះវិញ ហាក់មានការកើនឡើងដល់ទៅជាង១៩២% ឯណោះ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានទំហំវិនិយោគសរុបជាង២ពាន់២រយលានដុល្លារ។ ការកើនឡើងនៃតម្លៃគម្រោងនេះ គឺភាគច្រើនជាប្រភេទសំណង់លំនៅឋាន សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕