ចំណូលពន្ធដារ

តើមានកត្តាអ្វីខ្លះ ធ្វើឲ្យអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា ចំណូលពន្ធដារនឹងកើនឡើងថែមទៀតនៅឆ្នាំក្រោយ?


អគ្គនាយកដ្ឋានពន្ធដារ នៅ១១ខែដំបូងឆ្នាំនេះ បានប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ ជាង ២ពាន់៥រយលានដុល្លារ កើនលើសផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២១ប្រមាណជាង ១៤%។ អ្នកជំនាញរំពឹងថា នៅឆ្នាំ២០២២ ចំណូលពន្ធដារនឹងកើនកាន់តែច្រើនបន្ថែមទៀត ដោយសារតែភាពអំណោយផលនៃការងើបឡើងនៃសេដ្ឋកិច្ច។
អគ្គនាយកដ្ឋានពន្ធដារ

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​គូសបញ្ជាក់​ថា បើ​ទោះជា កូ​វី​ដ​-១៩​នៅ​បន្ត​អូស​បន្លាយ​ក៏​ពិតមែន តែ​ការងារ​ប្រមូល​ចំណូល​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នា​រយៈពេល​១១​ខែ ក្នុង​ឆ្នាំ​២០២១ ដំណើរការ​ដោយ​រលូន ពិសេស ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២១ តែ​ម្ដង​។ បើ​តាម​ឯកឧត្តម គង់ វិបុល មូលហេតុ​ដែល​ធ្វើ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ មាន​លើស​ផែនការ ដោយសារ​តែ​រាជរដ្ឋាភិបាល​កម្ពុជា អាច​គ្រប់គ្រង​ស្ថានការណ៍​នៃ​ជំងឺ​កូ​វី​ដ​-១៩ គួប​ផ្សំ​វិធីសាស្ត្រ​គ្រប់គ្រង​នៃ​ការ​ប្រមូល​ចំណូល​ពន្ធ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ជាដើម​។

ជុំវិញ​ការ​ប្រមូល​ចំណូល​ពន្ធដារ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នេះ​ដែរ ត្រូវ​បាន​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា យល់​ឃើញ​ថា ចាប់តាំងពី​មានការ​ប្រកាស​ឱ្យ​បើក​ប្រទេស​ឡើង​វិញ សេដ្ឋកិច្ច​កម្ពុជា ហាក់​ចាប់ផ្ដើម​មាន​ស្ទុះ​ងើបឡើង​វិញ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ប្រមូល​ចំណូល​ពន្ធដារ រយៈពេល ១១​ខែ ឆ្នាំ​២០២១ នេះ​លើស​ផែនការ​កំណត់​។ ឧកញ៉ា លឹ​ម ហេង យល់​ឃើញ​ថា តាម​រយៈ​ការ​ប្រមូល​ចំណូល​ពន្ធដារ សេដ្ឋកិច្ច​កម្ពុជា នឹង​ប្រសើរ​ឡើង​នៅ​ឆ្នាំ​បន្ទាប់ ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា អាច​គ្រប់គ្រង​ស្ថានការណ៍​កូ​វី​ដ​-១៩ យ៉ាង​មាន​ប្រសិទ្ធភាព​។

ឧកញ៉ា ចាន់ សុ​ឃាំង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ស៊ិ​ក​នេ​ត​ឈ័​រ អ​ហ្វ​អេ​ស៊ា ខូ​អិ​ល​ធី​ឌី បាន​គូសបញ្ជាក់​ថា បញ្ហា​កូ​វី​ដ​-១៩ បាន​ប៉ះពាល់​ដល់​ដំណើរការ​ខ្សែ​ចង្វាក់​ផលិតកម្ម​អាជីវកម្ម​របស់​ក៏​ពិតមែន តែ​មិន​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​លោក​ត្រូវ​ដួល​រំលំ​នោះ​ទេ ពោល​គឺ​នៅ​តែ​អាច​បន្ដ​ដំណើរការ​ជា​ធម្មតា​។ បើ​តាម​ឧកញ៉ា ចាន់ សុ​ឃាំង បញ្ហា​តម្លៃ​ដឹក​ជញ្ជូន​ខ្ពស់ និង​ខ្វះ​មធ្យោបាយ​ដឹក​ជញ្ជូន នៅ​តែ​ជា​ឧបសគ្គ​សម្រាប់​អាជីវកម្ម ហើយ​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​។ ក៏​ប៉ុន្តែ យ៉ាងណា​អ្នកជំនួញ​រូប​នេះ ក៏​បាន​មើលឃើញ​ពី​ភាព​ប្រសើរ​ឡើងជា​បណ្ដើរ​ៗ នៃ​ស្ថានភាព​អាជីវកម្ម​ផង​ដែរ ក្រោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ឱ្យ​មានការ​បើក​ប្រទេស​ឡើង​វិញ​។

យ៉ាងណា​ក៏​ដោយ អ្នកជំនាញ និង​អ្នកជំនួញ នៅ​តែ​មានគំនិត​សុ​ទិដ្ឋិ​យម ចំពោះ​សេដ្ឋកិច្ច​កម្ពុ​ជានា​ឆ្នាំ​បន្ទាប់ បើ​ទោះ​បច្ចុប្បន្ន មាន​វត្តមាន​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​កំពុង​អុកឡុក​ពិភពលោក​កាន់តែ​ខ្លាំង​ក៏​ដោយ​ចុះ នោះ​ក៏​ដោយសារ​តែ​កម្ពុជា​មាន​សម្ទុះ​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ជូន​ប្រជាពលរដ្ឋ​កម្ពុជា បាន​ជាង​៨៨%​ទៅ​ហើយ ធៀប​នឹង​ប្រជាជន​សរុប ចំនួន​១៦​លាន​នាក់​គិត​មក​ទល់​ពេល​នេះ​។ យ៉ាងណាមិញ សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២១​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា នឹង​កើន​ក្នុង​រង្វង់​២,៥% ខណៈ​នៅ​ឆ្នាំ​២០២២​រំពឹង​កើន​ដល់​លើស​៥%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple កើនឡើងជិតដល់ ៣ ទ្រីលានដុល្លារហើយ

ព័ត៌មាន
តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានកើនឡើងជាបន្តបន្ទាប់នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ខណៈគិតត្រឹមថ្ងៃចន្ទនេះ តម្លៃទីផ្សាររបស់ក្រុមហ៊ុនយ…

មេរោគបំប្លែងថ្មី អូមីក្រុង បានចូលដល់ចិនដីគោកជាលើកដំបូងហើយ ខណៈចិនបន្ដរឹតត្បិតខ្លាំង

ព័ត៌មាន
ចិនដីគោកបានប្រកាសពីការរកឃើញករណីឆ្លងកូវីដ១៩បំប្លែងថ្មី អូមីក្រុង ជាលើកដំបូង បើទោះបីជាកន្លងមកប្រទេសមហាយក្សសេដ្ឋកិច្ចមួយនេះ មានការរឹតត្បិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ