
ប្រធានក្រុមអ្នករៀបចំផែនការរដ្ឋរបស់ចិន បាននិយាយថា ទំហំសេដ្ឋកិច្ចរបស់ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកនឹងហក់ឡើងលើស១៩,៥ទ្រីលានដុល្លារ នៅត្រឹមដំណាច់ឆ្នាំ២០២៥។ ជាការកត់សម្គាល់ មហាយក្សចិន ដែលមានប្រជាជនសរុបជាង១,៤ពាន់លាននាក់ កំពុងជាប់ផុងក្នុងសង្គ្រាមពាណិជ្ជកម្មដ៏អូសបន្លាយជាមួយសហរដ្ឋអាម៉េរិក និងសម្ពាធបអប្បផរណា ឬតម្លៃទំនិញមានការធ្លាក់ចុះ ដែលកំពុងបន្តកើតមាន។
លោក ជឹង សានជា (Zheng Shanjie) ប្រធានគណៈកម្មការជាតិ កំណែទម្រង់ និងអភិវឌ្ឍន៍ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ផែនការរយៈពេល៥ឆ្នាំលើកទី១៤ របស់ចិន បានជួបបញ្ហាប្រឈមច្រើនជាងការរំពឹងទុក ប៉ុន្តែទន្ទឹមនេះ ក៏សម្រេចបានសមិទ្ធផលលើសពីការរំពឹងទុកផងដែរ។
លោក ជឹង សានជា បានលើកឡើងពីវឌ្ឍនភាពដែលចិន សម្រេចបានក្រោមផែនការរយៈពេល៥ឆ្នាំ២០២១-២០២៥ របស់ខ្លួន ដែលផ្តោតលើអាទិភាពសំខាន់ៗដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច នវានុវត្តន៍បច្ចេកវិទ្យា ការផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍបៃតងប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
នៅក្នុងផែនការ៥ឆ្នាំលើកទី១៤ របស់ខ្លួនដែលបានដាក់ចេញនៅឆ្នាំ២០២១ ប្រទេសចិន បានទម្លាក់គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាក់លាក់មួយសម្រាប់ឆ្នាំ២០២១-២០២៥ ប៉ុន្តែបានបន្តកំណត់គោលដៅកំណើនប្រចាំឆ្នាំអំឡុងពេលផែនការនេះ ដោយគោលដៅកំណើនសម្រាប់ឆ្នាំ២០២៥ ត្រូវបានកំណត់ក្នុងរង្វង់ប្រមាណ៥%។
ទិន្នន័យផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចរបស់ចិន បានកើនឡើងក្នុងល្បឿនប្រចាំឆ្នាំជាមធ្យម៥,៤% ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ទោះបីជាមានផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី។
លោក ជឹង សានជា បាននិយាយថា ប្រទេសចិន បានកសាងវិស័យផលិតកម្មដ៏ធំ និងគ្រប់ជ្រុងជ្រោយបំផុតរបស់ពិភពលោក ដោយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងផ្គត់ផ្គង់របស់ខ្លួន និងបង្កើនទំនុកចិត្តលើសមត្ថភាពរបស់ប្រទេសចិន ក្នុងការដោះស្រាយ
ហានិភ័យ និងបញ្ហាប្រឈមផ្សេងៗ៕
ដោយ: តែម សុខុម