វិស័យកសិកម្ម

តើការបន្តលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យកសិកម្ម អាចរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយជំរុញការកែច្នៃកសិផលក្នុងស្រុក?


ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានអនុវត្តគោលការណ៍លើកទឹកចិត្តដល់វិស័យសំខាន់ៗមួយចំនួនតាមរយៈការលើកលែងពន្ធ។ តួយ៉ាង រាជរដ្ឋាភិបាលបានសម្រេចបន្តលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យកសិកម្មរហូតដល់ដំណាច់ឆ្នាំ២០២៧ ចំពោះសហគ្រាសដែលដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញកសិផលសក្តានុពលរបស់កម្ពុជា។
វិស័យកសិកម្ម
ដោយ

អ្នកជំនាញ បានចាត់ទុកការបន្តលើកលែងផ្នែកពន្ធដារសម្រាប់វិស័យកសិកម្មកម្ពុជានៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ជួយជំរុញការអភិវឌ្ឍវិស័យការច្នៃកសិផលនៅកម្ពុជា និងជំរុញការទាក់ទាញការវិនិយោគក្នុងវិស័យនេះ។

​​អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជាអ្នកជំនួញក្នុងវិស័យកសិកម្មមួយរូបបានចាត់ទុកការបន្តលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់វិស័យកសិកម្មរហូតដល់ដំណាច់ឆ្នាំ២០២៧ វានឹងជួយផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្មកម្ពុជា ហើយវាក៏ជាផ្នែកមួយជួយជំរុញការវិនិយោគបន្ថែមលើវិស័យនេះផងដែរ។ ដោយមើលឃើញថា នៅក្នុងខ្សែច្រវាក់ផលិតកម្មកែច្នៃកសិផលនៅកម្ពុជា នាពេលបច្ចុប្បន្នមានការចំណាយថ្លៃដើមខ្ពស់ ដែលពិបាកក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសដទៃ ដូច្នេះក្រៅពីការលើកលែងផ្នែកពន្ធដារ អ្នកជំនាញរូបនេះស្នើឱ្យរដ្ឋគួរមានការលើកទឹកចិត្តផ្នែកមួយចំនួនទៀត ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិត។ បន្ថែមលើនេះ រដ្ឋក៏គួរមានកញ្ចប់ថវិកាសម្រាប់ជួយដល់វិស័យកែច្នៃកសិកម្មផងដែរ សំដៅជំរុញការអភិវឌ្ឍវិស័យកែច្នៃនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន សម្រាប់ជំរុញដល់កំណើននាំចេញ។

​ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចាត់ទុកការបន្តលើកលែងផ្នែកពន្ធដារសម្រាប់វិស័យកសិកម្មកម្ពុជា​ គឺជាឱកាសសម្រាប់កសិករ និងអ្នកផលិតកែច្នៃកសិផលក្នុងស្រុកអាចកាត់បន្ថយការចំណាយរបស់ខ្លួន ស្របពេលដែលសហគ្រាសក្នុងស្រុកកំពុងបង្កើនការផលិត ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក នៅក្នុងកាលៈទេសៈដែលប្រជាពលដ្ឋពហិការឈប់ប្រើប្រាស់ផលិតផលថៃ ហើយងាកមកគាំទ្រផលិតផលខ្មែរ។ ក្រៅពីការលើកទឹកចិត្តផ្នែកពន្ធដារ អ្នកជំនាញរូបនេះយល់ឃើញថា ប្រសិនបើក្រសួងស្ថាប័នពាក់ព័ន្ធអាចជួយសម្រួលបន្ថែមលើការធ្វើបែបបទរដ្ឋបាល និងនីតិវិធីផ្សេងៗឱ្យបានលឿនជាងមុននោះ វានឹងកាន់តែជួយជំរុញឱ្យវិស័យកែច្នៃកសិកម្មរបស់កម្ពុជាកាន់តែមានការរីកចម្រើនបន្ថែមទៀត។

​គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសបន្តការលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យកសិកម្មកម្ពុជា រហូតដល់ដំណាច់ឆ្នាំ២០២៧ ដោយត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ឬសេវាកម្មដល់សហគ្រាសដែលដាំដុះ ការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬការនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុក ដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ​។ ជាមួយគ្នានេះ សហគ្រាសដែលត្រូវបានកំណត់ខាងលើ ត្រូវទទួលបានការអនុគ្រោះលើការព្យួរទុកការបង់ពន្ធអប្បបរមា, ព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងរួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស៕




អត្ថបទបន្ទាប់


ចិន ព្រមានកម្ទេចបរទេសណាដែលប៉ុនប៉ងជ្រៀតជ្រែករឿងកោះតៃវ៉ាន់

ភាពតានតឹងនៅក្នុងតំបន់កាន់តែកើនឡើងកម្ដៅគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងនៅពេលប្រទេសចិន នៅថ្ងៃពុធ ទី ២៦ ខែវិច្ឆិកា បានបន្ដផ្លោងពាក្យសម្តីធ្ងន់ៗ ព្រ…

តើកម្ពុជា គួរត្រៀមខ្លួន និងពង្រឹងចំណុចអ្វីខ្លះ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងរដូវសម្បូរភ្ញៀវទេសចរ?

ស្របពេលសម្បូរភ្ញៀវទេសចរ ឬ High Season ចូលមកដល់ គេសង្កេតឃើញថា ភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ