ឥណ្ឌូនេស៊ី -ចិន - ជប៉ុន - រុស្ស៊ី - អាមេរិក

ឥណ្ឌូនេស៊ីកៀរគរចិន ជប៉ុន រុស្ស៊ី និងអាមេរិកឱ្យធ្វើសមយុទ្ធរួម ខណៈរុស្ស៊ីធ្វើសមយុទ្ធឯកតោភាគីក្បែរប្រទេសជប៉ុន


ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទ ទី ៥ មិថុនា បានចាប់ផ្តើមបើកលំហាត់កងទ័ពជើងទឹកពហុភាគីនៅក្នុងដែនទឹករបស់ខ្លួន រួមជាមួយកងទ័ពជើងទឹកមកពីបណ្តាប្រទេសនានា ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស ចិន ជប៉ុន រុស្ស៊ី និងកូរ៉េខាងត្បូងផង។ សមយុទ្ធ«មិនមែនសង្គ្រាម»នេះបានប្រព្រឹត្តទៅចំពេលមានភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបង្កឡើងដោយការប្រជែងគ្នារវាងមហាអំណាចសហរដ្ឋអាមេរិកនិងមហាអំណាចចិន។ ទន្ទឹមនឹងនេះ សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី ជាឯកតោភាគីនៅក្បែរប្រទេសជប៉ុនក៏កំពុងធ្វើឡើងដូចគ្នាដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ឥណ្ឌូនេស៊ីកៀរគរចិន ជប៉ុន រុស្ស៊ី និងអាមេរិកឱ្យធ្វើសមយុទ្ធរួម ខណៈរុស្ស៊ីធ្វើសមយុទ្ធឯកតោភាគីក្បែរប្រទេសជប៉ុន

កងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធ កូម៉ូដូ (Komodo) ដែលបានចាប់ផ្ដើមនៅថ្ងៃចន្ទ ដោយមានការចូលរួមពីកងទ័ពជើងទឹកជាច្រើនប្រទេស ក្នុងដែនសមុទ្ររបស់ខ្លួនតាមទម្លាប់នេះ គឺជាសមយុទ្ធ«មិនមែនសង្គ្រាម»។ វាមានគោលបំណងពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសដៃគូចំនួន ៣៦ ប្រទេសនៅលើពិភពលោក។

លំហាត់កងទ័ពនេះកើតឡើងខណៈពេលដែលប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងបង្កើនការទូតផ្នែកយោធានៅក្នុងតំបន់ ដោយរៀបចំសមយុទ្ធញឹកញាប់ជាងមុនជាមួយសម្ព័ន្ធមិត្ត និងដៃគូជុំវិញកោះតៃវ៉ាន់ និងនៅក្នុងផ្លូវទឹកដ៏មមាញឹក គឺសមុទ្រចិនខាងត្បូង និងសមុទ្រប៉ាស៊ីហ្វិកខាងលិច។ វាក៏បានកើតឡើងក្រោយពីមានឧបទ្ធវហេតុកាលពីចុងសប្តាហ៍នៅច្រកសមុទ្រតៃវ៉ាន់ ដែលកងទ័ពជើងទឹកអាមេរិកបាននិយាយថា នាវាចម្បាំងចិនបានបើកកាត់នៅពីមុខនាវាចម្បាំងរបស់ខ្លួនក្នុងចម្ងាយតែប្រហែល ១៥០ ម៉ែត្រ ពោលគឺហៀបធ្វើឱ្យមានការប៉ះទង្គិចគ្នា។

កងនាវាជើងទឹកឥណ្ឌូនេស៊ីបានឱ្យដឹងថា នាវាចំនួន ១៥ គ្រឿង រួមទាំងរបស់ចិននិងរបស់រុស្ស៊ីផង បានទម្លាក់យុថ្កានៅកោះ ស៊ូឡាវេស៊ី (Sulawesi) កាលពីថ្ងៃចន្ទ ជាពេលដែលសមយុទ្ធ Komodo បានចាប់ផ្តើម។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន CCTV កាលពីថ្ងៃចន្ទ, កងទ័ពជើងទឹកចិនបានបញ្ជូននាវាពិឃាត ចាងជាង (Zhanjiang) និងនាវាចម្បាំង ស៊ូចាង (Xuchang) ដែលបំពាក់ដោយកាំជ្រួចហោះតាមបញ្ជា ឬ guided missiles។

សមយុទ្ធ Komodo ឆ្នាំនេះ ជាលំហាត់កងទ័ពជើងទឹករួមគ្នាលើកទីបួន ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ បើគិតចាប់តាំងពីការធ្វើសមយុទ្ធលើកដំបូងក្នុងឆ្នាំ ២០១៤។

ទន្ទឹមនេះ កាលពីថ្ងៃចន្ទដដែលនោះ ប្រទេសរុស្ស៊ីក៏បានបើកសមយុទ្ធកងទ័ពជើងទឹកជាឯកតោភាគីនៅក្បែប្រទេសជប៉ុនដែរ។ យោងតាមក្រសួងការពារជាតិរុស្ស៊ី កងកម្លាំងនាវាចរណ៍ប៉ាស៊ីហ្វិករបស់រុស្ស៊ីបានចាប់ផ្តើមធ្វើលំហាត់នៅក្នុងសមុទ្រជប៉ុននិងសមុទ្រអូខូស (Okhotsk) ពីថ្ងៃចន្ទ ទី៥ រហូតដល់ថ្ងៃទី២០ ខែមិថុនា។ មាននាវាចម្បាំងនិងនាវាជំនួយជាង៦០គ្រឿង យន្តហោះអាកាសចរណ៍កងទ័ពជើងទឹកប្រហែល៣៥គ្រឿង ឆ្មាំឆ្នេរសមុទ្រ និងបុគ្គលិកយោធាជាង ១ ម៉ឺន ១ ពាន់នាក់ ចូលរួមនៅក្នុងសមយុទ្ធនៃក្រុមកងនាវាចរណ៍ប៉ាស៊ីហ្វិកនេះ។ នេះបើតាមការបញ្ជាក់ដោយក្រសួងការពារជាតិរុស្ស៊ីក្នុងគណនេយ្យថេលេក្រាមរបស់ខ្លួន៕




អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់បទល្មើសកាប់ព្រៃឈើទន្ទ្រានយកដីឱ្យបានម៉ឺងម៉ាត់

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យបណ្ដាអភិបាលខេត្ត និងអាជ្ញាធរតាមបណ្ដាខេត្តទាំងអស់ត្រូវទប់ស្កាត់ឱ្យទាល់តែបានពីការកាប់…

ថៃ ដែលជាប្រទេសនាំចេញសាច់មាន់ជាង ៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ នឹងបង្កើតប្រព័ន្ធតាមដានទីផ្សារឱ្យផលិតករ

ព័ត៌មាន
ស្ថិតិផ្លូវការបង្ហាញថា ទីផ្សារសាច់មាន់ថៃនៅក្រៅប្រទេសមានតម្លៃសរុបជាង ៤ ពាន់លានដុល្លារ ខណៈដែលការនាំចេញនៅត្រីមាសទីមួយ ឆ្នាំ២០២៣នេះ មានតម្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ