
នាពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជានៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗរហូតដល់អាណត្តិថ្មីនេះ គឺមិនដែលមានគោលការណ៍លក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលគ្រប់គ្នាស្គាល់ថា ព្រលានយន្តហោះពោធិ៍ចិនតុង ទៅឱ្យក្រុមហ៊ុនឯកជនណាមួយនោះទេ ហើយសម្រាប់ពេលអនាគត ក៏មិនមាននោះដែរ។ ម្តេចធិបតីបានរំលឹកថា កន្លងមករាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីពិនិត្យផ្លូវច្បាប់លើកិច្ចព្រមព្រៀង ដែលកំពុងអនុវត្ត ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មីសម្រាប់ព្រលានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ ដើម្បីចរចាក្នុងកិច្ចប្រតិបត្តិការ ដោយមិនមែនចរចារដើម្បីដោះដូរព្រលានយន្តហោះនេះឱ្យទៅអ្នកណានោះទេ។
បើតាមការបញ្ជាក់របស់ សម្តេចធិបតី នៅពេលព្រលានយន្តហោះពោធិ៍ចិនតុងបិទដំណើរការ នឹងនៅតែរក្សាទុកដូចស្ថានភាពបច្ចុប្បន្នដដែល ដើម្បីត្រៀមបម្រុងក្នុងករណីមានការចុះចតចាំបាច់បន្ទាន់ ឬនៅពេលមានអាសន្នណាមួយ និងប្រគល់ទៅឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាអ្នកគ្រប់គ្រង និងឱ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានានៅទីនោះ។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ជាគោលការណ៍ក្នុងការគ្រប់គ្រង និងចាត់ចែងព្រលានយន្តហោះនេះទៅថ្ងៃអនាគត គឺរក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះ ផ្ដល់ផលប្រយោជន៍សាធារណៈជាអតិបរមាជូនប្រជាពលរដ្ឋ និងរៀបចំការគ្រប់គ្រង ថែរក្សា និងប្រើប្រាស់ដោយចីរភាពនូវទីតាំង និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ទៅតាមរូបមន្តណាមួយ ដោយធានារក្សានូវកម្មសិទ្ធិស្របច្បាប់របស់រដ្ឋ ពោលគឺទ្រព្យសម្បត្តិទាំងអស់ត្រូវធានាជាសម្បត្តិរបស់រដ្ឋ មិនផ្ដល់ឱ្យឯកជននោះឡើយ។
គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញលាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតាជាអាកាសយានដ្ឋានដំបូងគេរបស់កម្ពុជា ដែលបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ១៩៥៧ និងសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៩ ដោយមានឈ្មោះថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង។ បើគ្មានការប្រែប្រួលទេអាកាសយានដ្ឋានអន្តរនេះ នឹងត្រូវបិទប្រតិបត្តិការទាំងស្រុងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ៕
អត្ថបទ សោម ស្រីពេជ្រ