ពន្ធលើ​អចលនទ្រព្យ

អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ពីប្រភេទអចលនវត្ថុ ដែលមិនជាប់ពន្ធចំណេញមូលធន២០%


ពន្ធលើចំណេញមូលធន ដែលត្រូវរាជរដ្ឋាភិបាលប្រកាសចាប់ផ្ដើមអនុវត្តលើការលក់អចលនទ្រព្យ ចាប់ពីដើមឆ្នាំក្រោយតទៅនោះ បាននិងកំពុងឲ្យអ្នកជំនាញ និងអ្នកជំនួញនៅក្នុងវិស័យនេះ បង្ហាញពីក្ដីព្រួយបារម្ភថា អាចនឹងក្លាយជាបន្ទុកចំណាយបន្ថែមកាន់តែច្រើនសម្រាប់អ្នករកស៊ីក៏ជាពលរដ្ឋដែលទិញ-លក់អចលនទ្រព្យ។ ទោះយ៉ាងណា អគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ជាថ្មីទៀតថា មានប្រភេទអចលនវត្ថុមួយចំនួន នឹងទទួលបានការលើកលែងពន្ធចំណេញមូលធននេះនោះទេ។
បុរីលំនៅដ្ឋាន​ក្នុង​រាជធានីភ្នំពេញ

ឯកឧត្តម កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋាន​ពន្ធដារ​បានគូសបញ្ជាក់​នៅក្នុង​​កិច្ចសម្ភាសន៍​មួយ ដែលរៀបរៀង​ដោយ​អគ្គនាយកដ្ឋានពន្ធដារ និងបាន​ផ្សាយ​លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន ​បានបញ្ជាក់ថា ​ពន្ធចំណេញ​មូលធន​ ២០% លើ​ការលក់​អចលនវត្ថុនេះ នឹង​ត្រូវប្រមូល​តែក្នុង​ករណី​ប្រតិបត្តិការ​លក់​អចលនវត្ថុណា ដែលទទួល​បានប្រាក់​ចំណេញ​តែប៉ុណ្ណោះ ប៉ុន្តែបើ​ក្នុងករណី​ប្រតិបត្តិការ​លក់អចលនវត្ថុ​ណា ដែលមិន​ទទួល​បាន​ប្រាក់​ចំណេញនោះ នឹងមិន​ជាប់កាតព្វកិច្ច​ពន្ធ​នេះឡើយ។

ឯកឧត្តម កែន សម្បត្តិ បានបញ្ជាក់​បន្ថែមទៀត​ថា រាជរដ្ឋាភិបាល​នឹងមាន​ការលើកលែង​ផងដែរ ចំពោះ​ការលក់​ ឬផ្ទេរទ្រព្យ​មួយ​ចំនួន​ដូចជា​ប្រភេទ​ទ្រព្យ​ ដែលជាកម្មសិទ្ធិ​ស្ថាប័នរដ្ឋ ទ្រព្យ​កម្មសិទ្ធិ​បេសកកម្ម​ការទូត​បរទេស ឬកុងស៊ុល​បរទេស និង អង្គការ​អន្តរជាតិ ឬ ទីភ្នាក់ងារ​ប្រតិបត្តិការ​បច្ចេកទេស នៃរដ្ឋាភិបាល​ដទៃ និង រួមជាមួយ​និវាសដ្ឋាន​ដែលជាគោល​ដើម​របស់អ្នក​ជាប់ពន្ធ​ដែលបាន​កាន់កាប់ និងរស់​នៅ​រយៈពេល​៥ឆ្នាំ ​ក៏នឹង​ទទួលបាន​ការ​លើកលែង​ពន្ធ​នេះដែរ ប៉ុន្ដែ លើកលែង​​តែសម្រាប់​ការលក់​អចលនវត្ថុ​ទីមួយ​ប៉ុណ្ណោះ មិនអាច​អនុវត្ត​ចំពោះ​ការលក់​អចលនវត្ថុទី២ ឬ ទី៣​នោះទេ។ 

អគ្គនាយករង​អគ្គនាយកដ្ឋាន​ពន្ធដាររូបនេះបាន​គូសបញ្ជាក់ទៀតថា ចំពោះ​ការ​ផ្ទេរ​អចលនទ្រព្យ​រវាង​សាច់ញាតិ​ ដែលមានការ​លើកលែង​នៅក្នុង​ពន្ធ​ប្រថាប់ត្រា នោះក៏នឹង​ទទួលបាន​ការលើកលែង​លើពន្ធ​លើ​ចំណេញ​មូលធននេះផងដែរ។ តួយ៉ាង ដូចជា​ ការទទួលសិទ្ធិ ឬសិទ្ធិ​កាន់កាប់​ពីសាច់​ញាតិ​រវាងឪពុក- ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ និង រវាង​យាយ-តាបង្កើត និងចៅបង្កើត​ជាដើម។

បើតាម​ការពន្យល់បន្ថែម​របស់​ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃអគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឲ្យដឹងថា ការកំណត់​យក​អត្រាពន្ធ​ថេរ២០​ភាគរយ​លើប្រាក់​ចំណេញ​មូលធននេះ មិនមាន​ន័យថា រដ្ឋយក​ពន្ធ២០​ភាគរយ​ពីប្រាក់​ចំណេញ​ទាំង​មូលនោះទេ ពោលគឺរដ្ឋ​យកតែ​២០ភាគរយ​នៃតម្លៃអចលនទ្រព្យ​ដែលលក់បាននោះ​ប៉ុណ្ណោះ ដើម្បីយក​គណនា​គិត​ពន្ធ​២០ភាគរយ​ ដែល​បាន​កំណត់ក្នុងច្បាប់។ ក្នុងន័យនេះ ជាឧទាហរណ៍ បើអ្នកលក់ផ្ទះ១ខ្នង​បាន​ក្នុងតម្លៃ ១លាន​ដុល្លារ នោះ នឹងរដ្ឋ​នឹង​យក​តម្លៃ ២០% នៃតម្លៃ​ផ្ទះនោះ មកគិតពន្ធ ២០% ដែលបាន​កំណត់ ដូច្នេះ បើអ្នកលក់ផ្ទះនោះ បាន​ក្នុងតម្លៃ១លានដុល្លារ នោះ​អ្នកនឹងត្រូវបង់​ពន្ធ​ចំណេញ​មូលធននេះ ៤ម៉ឺនដុល្លារ។ 

យ៉ាងណាក៏ដោយ ​អ្នកជំនាញនិង ជំនួញ​អចលទ្រព្យនៅតែ​បង្ហាញក្តី​បារម្ភ​ពីការសម្រេច​គិតពន្ធ​លើចំណេញ​មូលធន​អចលនទ្រព្យនេះ​ ដោយអះអាងថា ការសម្រេច​នាពេលនេះ ជាការបន្ថែម​បន្ទុកចំណាយ ​របស់អ្នក​ដែលជាប់​កាតព្វកិច្ចពន្ធ​នេះ​ដដែល ​ខណៈបញ្ហា​ជំងឺសកល​នៅមិនទាន់​ផុតរលត់​នៅ​ឡើយនោះ។

លោកឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុ​កម្ពុជា និង ជាអគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ី ភី អិល បាន​បញ្ជាក់ដែរថា នៅក្នុង​កាលៈទេសៈ​នៃវិបត្តិ​ជំងឺ កូវីដ-១៩​ជាសកលនេះ បើសិន​ជាអាច រាជរដ្ឋាភិបាល​កម្ពុជា​គួរតែបន្ធូរ​បន្ថយ​ដៃបន្តិច ឬ អាច​ពន្យារ​ពេល​ការអនុវត្ត​ការគិតពន្ធ​លើចំណេញ​មូលធន​នេះមួយ​រយៈពេល​ទៀត រង់ចាំមើល​ស្ថានភាព​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅ​ប្រទេស​មានសកម្មភាព​ល្អប្រសើរ​សិន ចាំសម្រេច​ចិត្ត​អនុវត្ត​ទើបជា​ការល្អប្រសើរ។

ចំណែកឯ លោក ច្រឹក សុខនីម ប្រធានសមាគម​អ្នកវាយតម្លៃ និង ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បានគូស​បញ្ជាក់ថា រដ្ឋគួតែព្យារពេល​នៃការចាប់​ផ្តើម​អនុវត្ត​គិតពន្ធ​នេះ រហូតដល់​ជំងឺ​កូវីដ-១៩ ផុតរលត់​ទៅវិញ និងស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​កាន់តែល្អ​ឡើងវិញ​នោះ​អាចចាប់ផ្តើម​គិតពន្ធ​ប្រភេទនេះ​ទើបជាការ​ល្អសម្រាប់​អ្នកប្រើប្រាស់។ លោកថា ការបង់ពន្ធជូន​រដ្ឋ គឺជាកាតាព្វកិច្ច​របស់​ពលរដ្ឋ ប៉ុន្តែក្នុងអំឡុង​ពេលដ៏​លំបាកនេះ រដ្ឋគួរ​ពន្យារ​ពេល​តទៅទៀត រហូតដល់​សកម្មភាព​សេដ្ឋកិច្ច​ដំណើរ​ការ​ល្អប្រសើរឡើងវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Pointer បើក​សម្ពោធ​ការិយាល័យប្រឹក្សាអចលនទ្រព្យ ជាមួយនឹង​ការ​តាំងបង្ហាញ​គម្រោង​ជាច្រើន​និង​ការបញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់​៥​ម៉ឺន​ដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនអចលនទ្រព្យ Pointerនឹងបើកសម្ពោធការិយាល័យប្រឹក្សាអចលនទ្រព្យនៅថ្ងៃទី 5-6 កញ្ញា 2020 ដែលមានឈ្មោះថា Property Consulting Center ស្ថិត…

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ហាក់នៅថេរ ស្របពេលតម្លៃលើទីផ្សារសកល ហក់ឡើងវិញជាបន្តបន្ទាប់

ព័ត៌មាន
ខណៈដែលតម្លៃ ប្រេងនៅក្នុងទីផ្សារសកលកំពុងហក់ឡើងថ្លៃវិញ ជាបន្តបន្ទាប់នោះ គេសង្កេតឃើញថា តម្លៃប្រេងឥន្ធនៈ ដែលដាក់លក់នៅក្នុងប្រទេសកម្ពុជា ហាក់នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ