
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំនាព្រឹត្តិការណ៍សមរាត្រី ដែលកើតមាន២ដងក្នុង១ឆ្នាំនេះ ខេត្តសៀមរាប តែងតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករជាងថ្ងៃធម្មតា។ យ៉ាងណាមិញសម្រាប់ព្រឹត្តិការណ៍សមរាត្រី នៅថ្ងៃទី២១-២៣ ខែកញ្ញា ខាងមុខនេះ លោកជឿជាក់ថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនជាងឆ្នាំមុនៗទៅកម្សាន្តនៅខេត្តសៀមរាប ដោយសារព្រឹត្តិការណ៍សមរាត្រីនៅឆ្នាំនេះប៉ះចំថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានពេលវេលាជួបជុំ និងចេញដើរលេងកម្សាន្តច្រើន។
ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានចាត់ទុកព្រឹត្តិការណ៍សមរាត្រី គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងការទាក់ទាញ់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកកម្សាន្តនៅក្នុងខេត្តសៀមរាប ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ ដែលកើតចេញពីភាពអស្ចារ្យ នៃស្ថាបត្យកម្មរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកឱ្យតាំងពីបុរាណកាលមកមួយនេះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រី កើតឡើង២ដងក្នុង១ឆ្នាំ ដោយលើកទី១ គឺសមរាត្រីរដូវប្រាំង ដែលកើតឡើងចន្លោះពីថ្ងៃទី២១-២៣ ខែមីនា និងលើកទី២ គឺសមរាត្រីរដូវវស្សា ដែលអាចកើតឡើងនៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា។ ព្រឹត្តិការណ៍សមរាត្រី គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីគ្រប់ទិសទីមកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលព្រះអាទិត្យនឹងចាប់ផ្តើមរះនៅពេលព្រឹកព្រលឹមស្រាងៗចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត។ យ៉ាងណាមិញ នៅក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ ស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានជាង៨ម៉ឺននាក់៕