នៅក្នុងអំឡុងវេទិកាពិភាក្សាស្ដីពីសក្តានុពលនៃវិស័យកាស៊ីណូរបស់ថៃ នៅទីក្រុងបាងកក កាលពីថ្ងៃទី៣ ខែធ្នូ លោក ចេហ្វ្រី ឃាង (Jeffrey Kiang) អ្នកវិភាគនៅក្រុមហ៊ុនវិនិយោគ និងទីផ្សារមូលធន CLSA ដែលមានការិយាល័យកណ្ដាលនៅទីក្រុងហុងកុង បានលើកឡើងថា ទីផ្សារកាស៊ីណូរបស់ថៃ មានសក្ដានុពលយ៉ាងធំធេង ដែលអាចរកចំណូលបានយ៉ាងតិចចន្លោះពី១០ទៅ១៥ពាន់លានដុល្លារអាម៉េរិក ក្នុង១ឆ្នាំនៅពេលទីផ្សារនេះត្រូវបានអភិវឌ្ឍន៍ពេញលេញ។ ក្រុមហ៊ុននេះធ្លាប់ព្យាករកន្លងមកថា ទីផ្សារកាស៊ីណូរបស់ថៃ មានសក្ដានុពលអាចរកចំណូលបាន៨,៥ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។
លោក ចេហ្វ្រី ឃាង (Jeffrey Kiang) បានវិភាគដោយផ្អែកលើទិន្នន័យឆ្នាំ២០២៣ ថា ប្រទេសថៃអាចនឹងក្លាយជាទីផ្សារកាស៊ីណូផ្ទាល់មិនមែនអនឡាញដ៏ធំបំផុតទី៣របស់ពិភពលោក ដោយភ្ញៀវកាស៊ីណូចន្លោះពី២០%ទៅ២៥%ជាភ្ញៀវមកពីចិនដីគោក ឬចិនប៉េកាំង និងហុងកុង។
ពាក់ព័ន្ធវិស័យកាស៊ីណូរបស់ថៃនេះដែរ លោក បេន លី (Ben Lee) នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយោបល់វិស័យកាស៊ីណូ IGamiX បានធ្វើការកត់សម្គាល់ថា ទីផ្សារកាស៊ីណូថៃ អាចរកចំណូលបានរហូតដល់ទៅ១០ពាន់លានដុល្លារអាម៉េរិកគ្រាន់តែពីភ្ញៀវទេសចរអន្តរជាតិ។
នៅខាងក្រៅវេទិកាពិភាក្សាស្ដីពីសក្តានុពលនៃវិស័យកាស៊ីណូថៃ ខាងលើនេះ សមាជិកសភាថៃ លោក ជូឡាពង់ យូកាតេ (ChulapongYukate) បានថ្លែងប្រាប់សារព័ត៌មាន GGR Asia ថា សេចក្ដីព្រាងច្បាប់ស្ដីពីការអនុញ្ញាតឱ្យបើកកាស៊ីណូនៅថៃអាចនឹងចូលជាធរមាននៅអំឡុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ៕