បើតាមផែន អង្គការដែលប្រតិបត្តិគម្រោងនេះ មានគោលដៅនឹងបង្កើទារកកដ្ឋានសហគមន៍នេះ សរុបចំនួន១៤កន្លែង ដែលមានទីតាំនៅជិតនឹងលំនៅដ្ឋានរបស់កម្មកររោងចក្រ ដែលជាដៃគូរបស់គម្រោងនេះ។
លោកស្រី SELLE Stéphanie នាយកប្រតិបត្តិអង្គការពិភពកុមារ និងអភិវឌ្ឍន៍ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា «គុណភាពនៃការថែទាំទារក និងកុមារតូចគឺជាកត្តាចាំបាច់សម្រាប់អនាគតកុមារ និងសុខមាលភាព របស់ពួកគាត់»។
គម្រោងទារកដ្ឋានសហគមន៍ទទួលបានការគាំទ្រហិរញ្ញវត្ថុពីមូលនិធិអភិវឌ្ឍសង្គមរបស់ប្រទេសជប៉ុនគ្រប់គ្រងដោយធនាគារពិភពលោក និងអនុវត្តដោយអង្គការពិភពកុមារ និងការអភិវឌ្ឍន៍។ ហើយគម្រោងនេះធ្វើការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
តាមផែនការរបស់គម្រោង ទារកដ្ឋានសរុបចំនួន១៤ ដែលស្ថិតនៅជិតលំនៅដ្ឋានរបស់កម្មកររោងចក្រដែលជាដៃគូ នឹងត្រូវបើកដំណើរការ ដែលមកទល់បច្ចុប្បន្ននេះ គម្រោងបានសាងសង់អាគារទារកដ្ឋានចំនួន៤ រួចរាល់ហើយ និងមានទីតាំងថ្មីចំនួន៥ទៀតត្រូវបានកំណត់រួចស្រេចដើម្បីត្រៀមសាងសង់ផងដែរ។ គម្រោងនេះ នឹងជួយបង្កើនផលិតភាពរបស់រោងចក្រ ដោយកាត់បន្ថយការលាឈប់ពីការងារ និអវត្តមានរបស់កម្មករ។
បើតាមរបាយការណ៍ របស់អង្គការ CARE កាលពីឆ្នាំ២០១៦បង្ហាញថា នៅកម្ពុជាមានប្រជាជន៦០ម៉ឺននាក់ បម្រើការនៅក្នុងឧស្សាហកម្មកាត់ដេរ និងមានប្រហែល៦០% គឺជាស្ត្រី។ ច្បាប់ការងាររបស់កម្ពុជា នៅឆ្នាំ១៩៩៦ មាត្រា១៨៦ បញ្ជាក់ថា ចំពោះក្រុមហ៊ុនដែលមានបុគ្គលិកជាស្ត្រីច្រើនជាង១០០នាក់ ក្រុមហ៊ុននោះ តម្រូវឲ្យផ្ដល់សេវាថែទាំកូនតូចរបស់បុគ្គលិកដែលមានអាយុចាប់ពី១៨ខែ ដល់៣៦ខែ។ ប៉ុន្ដែ ការសិក្សានៅឆ្នាំ២០១៩ ដោយអង្គការពិភពកុមារ និងអភិវឌ្ឍន៍បង្ហាញថា មានរោងចក្រត្រឹមតែ១៣រោងចក្រប៉ុណ្ណោះ ក្នុងចំណោមរោងចក្រ២០០នៅកម្ពុជា ដែលបានអនុវត្តតាមច្បាប់ការងារនេះ៕