យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Euronews អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសអារ៉ាប់រួម បានប្រកាសជាផ្លូវការកាលពីថ្ងៃទី២ ខែមីនា ថា រដ្ឋាភិបាលនឹងឈរឈ្មោះជាអ្នកចេញមុខទូទាត់រាល់ថ្លៃស្នាក់នៅ និងការហូបចុកទាំងអស់ សម្រាប់អ្នកដំណើរដែលរងផលប៉ះពាល់ដោយសារការផ្អាកប្រតិបត្តិការអាកាសយានដ្ឋានភ្លាមៗ។
ក្រសួងវប្បធម៌ និងទេសចរណ៍អាប៊ូដាប៊ី បានផ្ញើសារាចរណ៍បន្ទាន់ទៅកាន់គ្រប់សណ្ឋាគារទាំងអស់ ដោយសង្កត់ធ្ងន់ថាដោយសារកាលៈទេសៈមិនអាចគ្រប់គ្រងបាន និងដើម្បីសម្រួលដល់ភ្ញៀវ ដែលហួសកំណត់ស្នាក់នៅ តែមិនអាចចាកចេញបាន ក្រសួងស្នើឱ្យសណ្ឋាគារពន្យារការស្នាក់នៅជូនពួកគេដោយក្ដីអនុគ្រោះ ហើយរាល់ថ្លៃចំណាយបន្ថែម នឹងត្រូវទូទាត់សងវិញដោយរដ្ឋាភិបាល។
ជាមួយគ្នានេះ នាយកដ្ឋានសេដ្ឋកិច្ច និងទេសចរណ៍ នៃទីក្រុងឌូបៃ ក៏បានចាត់វិធានការស្រដៀងគ្នានេះដែរ ដោយបានផ្ញើអ៊ីមែលណែនាំដល់ម្ចាស់សណ្ឋាគារទាំងអស់ឱ្យផ្ដល់ជម្រើសពន្យារពេលស្នាក់នៅដល់ភ្ញៀវទេសចរ ក្រោមលក្ខខណ្ឌដដែល។ ចំពោះអ្នកដំណើរ ដែលពុំមានលទ្ធភាពចំណាយបន្ត សណ្ឋាគារត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់ ដើម្បីឱ្យរដ្ឋអន្តរាគមន៍ជួយជ្រោមជ្រែង។
គិតត្រឹមពេលនេះមានអ្នកដំណើរប្រមាណជាង២ម៉ឺននាក់កំពុងជាប់គាំងនៅតាមអាកាសយានដ្ឋាននានាក្នុងប្រទេសអារ៉ាប់រួម។ ទោះបីជាការផ្លាស់ប្តូរពេលវេលាជើងហោះហើរបានបង្កជាភាពរញ៉េរញ៉ៃ ប៉ុន្តែសកម្មភាពជួយអ្នកដំណើររបស់រដ្ឋាភិបាលអារ៉ាប់រួម ត្រូវបានគេចាត់ទុកថា ជាគំរូដ៏ល្អបំផុតមួយ នៃបដិសណ្ឋារកិច្ចក្នុងគ្រាអាសន្ន៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស