សមយុទ្ធប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្តសហរដ្ឋអាមេរិកនិងហ្វីលីពីន ក្រោមឈ្មោះថា ស្មាកៀកស្មា (Balikatan) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃអង្ការ ទី ១១ មេសានេះ រហូតដល់ថ្ងៃទី២៨ មេសា មានបុគ្គលិកយោធាជាង ១៧ ៦០០ នាក់។ សមយុទ្ធនេះនឹងក្លាយជាការបង្ហាញអំណាចសព្វាវុធថ្មីបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី។ បុគ្គលិកយោធាអាមេរិកប្រហែល ១២ ២០០ នាក់ រួមជាមួយកងកម្លាំងហ្វីលីពីនចំនួន ៥ ៤០០ នាក់ និងសមភាគីអូស្ត្រាលីចំនួន ១១១ នាក់ ត្រូវចូលរួមក្នុងសមយុទ្ធដែលមានគោលបំណងពង្រឹងសម្ព័ន្ធភាពសម្រាប់ទប់ទល់នឹងប្រទេសចិនកុម្មុយនីស្ត រួមទាំងនៅក្នុងការប៉ះទង្គិចគ្នាជាយថាហេតុលើបញ្ហាកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យដែរ។
មន្ត្រីយោធាអាមេរិកនិងមន្ត្រីហ្វីលីពីនបានឱ្យដឹងថា គេនឹងឃើញឥទ្ធិពលនាវាចម្បាំង យន្តហោះចម្បាំង ក៏ដូចជាកាំជ្រួចការពារដែនអាកាស ផាទ្រីយ៉ូត (Patriot), កាំភ្លើងធំហាយម៉ាស (HIMARS) និងកាំជ្រួចប្រឆាំងរថក្រោះចាវឺលីន (Javelins) របស់អាមេរិក នៅក្នុងសមយុទ្ធនោះ។
លោក មីខាអែល ឡូជីកូ (Michael Logico) អ្នកនាំពាក្យនៃសមយុទ្ធ ស្មាកៀកស្មា ខាងភាគីហ្វីលីពីន បានប្រាប់អ្នកយកព័ត៌មាននៅមុនការចាប់ផ្តើមសមយុទ្ធនេះថា៖ «យើងត្រូវបាញ់ទៅកាន់គោលដៅដែលស្រដៀងនឹងអ្វីដែលយើងរំពឹងថានឹងអាចកើតមាននៅក្នុងការគំរាមកំហែងជាក់ស្តែង ដែលជាការឈ្លានពានមកពីសត្រូវតាមផ្លូវសមុទ្រ។ យើងកំពុងបង្ហាញថា យើងត្រៀមខ្លួនប្រយុទ្ធរួចជាស្រេចហើយ»។
អ្នកនាំពាក្យសមសុទ្ធភាគីហ្វីលីពីនរូបនេះ បានសង្កត់ធ្ងន់ថា នៅក្នុងសមយុទ្ធបាញ់បាញ់គ្រាប់ពិតនេះ កងកម្លាំងសម្ព័ន្ធមិត្តនឹងបាញ់ពន្លិចនាវាគោលដៅក្នុងដែនទឹកហ្វីលីពីន នៅខេត្ត ហ្សាំបាល់ (Zambales) ភាគខាងលិច នៅថ្ងៃទី ២៦ មេសា រួមជាមួយនឹងការផ្លោងកាំភ្លើងធំនិងការវាយប្រហារតាមផ្លូវអាកាសនៅតាមកោះនឹងឆ្នេរសមុទ្រផង។
លោក ឡូជីកូ បាននិយាយបញ្ជាក់ថា នៅក្នុងខេត្ត ប៉ាឡាវ៉ាន (Palawan) ភាគខាងលិច ដែលបែរមុខទៅរកសមុទ្រចិនខាងត្បូង សមយុទ្ធនឹងផ្តោតលើការដណ្តើមយកកោះមួយ ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងសត្រូវមកវិញ។
មុននេះមួយថ្ងៃ គឺកាលពីថ្ងៃចន្ទ ទី ១០ មេសា ប្រទេសចិនបានប្រកាសបិទបញ្ចប់សមយុទ្ធយោធារយៈពេលបីថ្ងៃនៅជុំវិញកោះតៃវ៉ាន់ដោយជោគជ័យ និងត្រូវបានតៃវ៉ាន់ថ្កោលទោសយ៉ាងខ្លាំងដែរ។ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ិន វេន (Tsai Ing-wen) បានរិះគន់សមយុទ្ធចិន ដោយនិយាយថាទីក្រុងប៉េកាំងមានអាកប្បកិរិយា«មិនទទួលខុសត្រូវ»។ លោកស្រីបានសរសេរនៅលើទំព័រហ្វេកប៊ុនរបស់ខ្លួនថា សមយុទ្ធយោធានេះបានបង្កឱ្យមានអស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងនៅក្នុងតំបន់។ លោកស្រីបានគូសបញ្ជាក់បន្ថែមថា៖ «នេះមិនមែនជាអាកប្បកិរិយាទទួលខុសត្រូវក្នុងនាមជាមហាប្រទេសនៅក្នុងតំបន់ទេ»។
ក្រសួងការពារជាតិកោះតៃវ៉ាន់នេះបានឱ្យដឹងនៅថ្ងៃអង្គារថា បើទោះបីចិនបិទបញ្ចប់សមយុទ្ធរបស់ខ្លួនទៅហើយក្តី ក៏នាវាកងទ័ពជើងទឹកចិនចំនួន ៨ គ្រឿង នៅតែស្ថិតក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ដដែល។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលទីក្រុងប៉េកាំង បានឈានទៅដល់ការប៉ះទង្គិចគ្នាក្នុងជម្លោះដ៏រ៉ាំរ៉ៃ ទាក់ទងនឹងបូរណភាពទឹកដី រវាងប្រទេសចិន ហ្វីលីពីន ព្រមទាំងប្រទេសចំនួន ៤ ផ្សេងទៀត និងទាក់ទងនឹងគោលដៅរបស់ទីក្រុងប៉េកាំងក្នុងការច្បាមយកតៃវ៉ាន់ដោយកម្លាំងក្នុងករណីចាំបាច់។
ប្រទេសចិនកាលពីសប្តាហ៍មុនបានព្រមានប្រឆាំងនឹងការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិកកាន់តែច្រើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា វានឹងនាំទៅរកភាពតានតឹងកាន់តែច្រើន ហើយសន្តិភាពនិងស្ថិរភាពកាន់តែតិចនៅក្នុងតំបន់កាន់៕