
ក្រុមហ៊ុន Goldman Sachs បានអះអាងថា ពន្ធលើប្រេងរបស់អាម៉េរិក១០% ដែលនឹងត្រូវបានស្នើឡើងអាចធ្វើឱ្យអ្នកផលិតបរទេសខាតបង់ថវិការហូតដល់១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារប្រេងឆៅរបស់កាណាដា និងបណ្តាប្រទេសនៅអាម៉េរិកឡាទីន នៅតែពឹងផ្អែកលើក្រុមហ៊ុនចម្រាញ់ប្រេងរបស់អាម៉េរិក ដោយសារសមត្ថភាពកែច្នៃនៅមានកម្រិត។
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានព្រមានដាក់ពន្ធ២៥% លើប្រេងឆៅរបស់ម៉ិកស៊ិក និងពន្ធ១០% លើប្រេងឆៅរបស់កាណាដា ហើយពន្ធថ្មីនេះអាចនឹងចាប់ផ្តើមអនុវត្តនៅខែមីនា ខាងមុខនេះ ក្រោយលោកបានពន្យារពេលកាលពីខែកុម្ភៈ។
តែយ៉ាងណាក្រុមហ៊ុន Goldman Sachs រំពឹងថា សហរដ្ឋអាម៉េរិកនឹងនៅតែជាទីផ្សារចម្បងសម្រាប់ប្រេងឆៅពីប្រទេសទាំងនោះ ខណៈសមត្ថភាពចម្រាញ់កម្រិតខ្ពស់ និងការចំណាយទាបនៅតែបន្តធ្វើឱ្យក្រុមហ៊ុនចម្រាញ់ប្រេងរបស់អាម៉េរិក ក្លាយជាអ្នកទិញដែលមានការប្រកួតប្រជែងបំផុត។
ក្រុមហ៊ុន Goldman Sachs បានប៉ាន់ប្រមាណថា តម្លៃប្រេងនឹងកើនឡើង៥០សេនក្នុងមួយបារ៉ែល។ ក្រៅពីប៉ះពាល់ដល់អ្នកនាំចេញ ក្រុមហ៊ុនវិនិយោគដ៏ធំមួយនេះអះអាងថា អ្នកប្រើប្រាស់នៅអាម៉េរិក ក៏នឹងប្រឈមមុខនឹងផលប៉ះពាល់ផ្នែកពន្ធក្នុងតម្លៃ២២ពាន់លានដុល្លារផងដែរ ខណៈរដ្ឋាភិបាលអាម៉េរិកអាចរកប្រាក់ចំណូលបាន២០ពាន់លានដុល្លារពីវិធានការពន្ធនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុនចម្រាញ់ និងពាណិជ្ជករអាចទទួលបានអត្ថប្រយោជន៍ក្នុងតម្លៃ១២ពាន់លានដុល្លារ។
ប្រទេសកាណាដា ដែលជាប្រទេសនាំចេញប្រេងកំពូលទៅកាន់សហរដ្ឋអាម៉េរិក ទំនងជាជំរុញការនាំចេញតាមបំពង់បង្ហូរចំនួន៣,៨លានបារ៉ែលក្នុងមួយថ្ងៃតាមទម្រង់នៃការបញ្ចុះតម្លៃ ដើម្បីទូទាត់ផលប៉ះពាល់ ដែលបង្កឡើងដោយពន្ធគយរបស់លោក ដូណាល់ ត្រាំ៕
ដោយៈ សរ សុជាតិ