
នៅក្នុងសន្និសីទមួយរៀបចំឡើងដោយសមាគមធនាគារផ្ដល់ឥណទានលំនៅឋាន (MBA) ដែលមានមូលដ្ឋាននៅវ៉ាស៊ីនតុនឌីស៊ី លោក ចន វិល្លៀម (John Williams) ប្រធានធនាគារកណ្ដាលអាម៉េរិក សាខាក្រុងញូវយ៉ក បានលើកឡើងថា ធនាគារកណ្ដាលអាម៉េរិក នឹងមិនបញ្ចុះអត្រាការប្រាក់នៅអំឡុងខែមិថុនា ឬ ខែកក្កដា ខាងមុខនោះទេ ដោយសារកំពុងស្ថិតក្នុងដំណើរការប្រមូលទិន្នន័យនៅឡើយ និងកំពុងតាមដានស្ថានការណ៍វិវត្តជាក់ស្ដែង។
សូមបញ្ជាក់ថា ធនាគារកណ្ដាលអាម៉េរិក គ្រោងកោះប្រជុំចំនួន ៣លើកទៀត សម្រាប់ឆ្នាំ២០២៥ នេះ ដោយលើកទី១ គ្រោងធ្វើនៅខែមិថុនា លើកទី២ គ្រោងធ្វើនៅខែកក្កដា ហើយលើកទី៣ គ្រោងធ្វើនៅខែកញ្ញា។ ពេលនេះបណ្ដាវិនិយោគិនប្រមើមើលឃើញឱកាសមិនដល់១០% ផងទេ ដែលធនាគារកណ្ដាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់នៅពេលកោះប្រជុំលើកក្រោយនៅថ្ងៃទី១៧-១៨ ខែមិថុនា ដ៏ខ្លីខាងមុខនេះ។ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន វិនិយោគិនទាំងនោះ ព្យាករថា ធនាគារកណ្ដាលអាម៉េរិក ទំនងជាបញ្ចុះអត្រាការប្រាក់តិចតួចត្រឹម ០,២៥% ចំនួន២លើកប៉ុណ្ណោះ នៅត្រឹមដំណាច់ឆ្នាំនេះ។
ជាមួយគ្នានេះដែរ លោក រ៉ាហ្វាអែល ប៊ូស្ទិក (Raphael Bostic) ប្រធានធនាគារកណ្ដាលអាម៉េរិក សាខាក្រុងអាត្លង់តា (Atlanta) ក៏បានលើកឡើងដូចគ្នានឹងលោក ចន វិល្លៀម (John Williams) ដែរក្នុងអំឡុងផ្តល់បទសម្ភាសក្នុងសន្និសីទរៀបចំឡើងដោយសមាគមធនាគារផ្ដល់ឥណទានលំនៅឋាននៅក្នុងទីក្រុងវ៉ាស៊ិនតោនឌីស៊ី ៕
ដោយ: តែម សុខុម