វិស័យការបរទេស

អាម៉េរិក ប្រាប់ពលរដ្ឋខ្លួននៅអឺរ៉ុប ឱ្យបង្កើនការប្រុងប្រយ័ត្នពីការវាយប្រហារភេវរកម្ម ក្រោយសង្គ្រាមអាម៉េរិក-អ៊ីរ៉ង់ ផ្ទុះឡើងជាថ្មី


ស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំទីក្រុងឡុងដ៍ រួមជាមួយបណ្តាស្ថានទូតអាម៉េរិក នៅទូទាំងទ្វីបអឺរ៉ុប បានចេញសេចក្តីប្រកាសអាសន្នផ្នែកសន្តិសុខរួមគ្នាមួយដោយដាស់តឿនឱ្យពលរដ្ឋអាម៉េរិក បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅតាមទីប្រជុំជន និងពិធីបុណ្យនានា។ ការព្រមានពីហានិភ័យនៃការវាយប្រហារភេរវកម្មនេះធ្វើឡើងក្រោយភ្លើងសង្គ្រាមរវាងអាម៉េរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងជាថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Anadolu។
វិស័យការបរទេស
ដោយ

សេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំទីក្រុងឡុងដ៍ បានសង្កត់ធ្ងន់លើការការពារសន្តិសុខសម្រាប់ចក្រភពអង់គ្លេស និងបណ្តាប្រទេសនានានៅអឺរ៉ុប ដោយតម្រូវឱ្យពលរដ្ឋអាម៉េរិក តាមដានស្ថានការណ៍ជុំវិញខ្លួនគ្រប់វិនាទី និងត្រៀមលក្ខណៈការពារសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ។
ស្ថានទូតអាម៉េរិក បានព្រមានថា ទីកន្លែងដែលមានមនុស្សកុះករ អាចក្លាយជាផ្ទាំងស៊ីបសម្រាប់ក្រុមភេរវករ និងឧក្រិដ្ឋជនធ្វើសកម្មភាព។ គោលដៅទាំងនោះរួមមានតំបន់ទេសចរណ៍ ផ្សារទំនើប មជ្ឈមណ្ឌលដឹកជញ្ជូនសាធារណៈ ទីសក្ការបូជា និងទីប្រជុំជននានា។ ទន្ទឹមនឹងនេះ ស្ថានទូត ក៏បានរំលឹកពីការគំរាមដាក់គ្រាប់បែកក្លែងក្លាយ ដែលកំពុងវាយប្រហារលើវិស័យអាកាសចរណ៍ស៊ីវិលនៅអឺរ៉ុប និងបានបង្កការរំខានដល់ជើងហោះហើរជាច្រើនក្នុងខែនេះ ព្រមទាំងណែនាំឱ្យពលរដ្ឋតាមដានព័ត៌មានក្នុងស្រុកជាប់ជានិច្ច។
ការប្រកាសអាសន្ននៅអឺរ៉ុបនេះកើតឡើងចំពេលដែលជម្លោះយោធារវាងអាម៉េរិក និងអ៊ីរ៉ង់បានផ្ទុះឡើងវិញ និងកំពុងរាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីយោធាអាម៉េរិកម្នាក់បានបង្ហើបថា កាលពីថ្ងៃអង្គារ យន្តហោះចម្បាំងអាម៉េរិកបានបើកការវាយប្រហារកម្ទេចទីតាំងបាញ់មីស៊ីលរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅលើកោះកេស ក្នុងច្រកសមុទ្រ Hormuz ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អ៊ីរ៉ង់មកលើកងទ័ព និងទ្រព្យសម្បត្តិអាម៉េរិក។ ជាការឆ្លើយតប កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏បានប្រកាសថា ខ្លួនបានបាញ់ប្រហារលើប្រព័ន្ធរ៉ាដាយោធាអាម៉េរិកនៅមូលដ្ឋានទ័ព ស៊ីក អ៊ីសា ក្នុងប្រទេសបារ៉ែន ព្រមទាំងព្រមានធ្ងន់ៗដល់បារ៉ែនចំពោះការចងសម្ព័ន្ធភាពជាមួយទីក្រុងវ៉ាស៊ីនតោន។
ភាពតានតឹងផ្នែកយោធានេះបានជះឥទ្ធិពលភ្លាមៗទៅលើទីផ្សារថាមពលសកល ដោយគិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើង០,៧% ឈានដល់ជាង៩៣ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅអាម៉េរិក កំពុងជួញដូរក្នុងចន្លោះពីជាង៨៤ទៅជាង៨៦ដុល្លារក្នុងមួយបារ៉ែល៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


តើលោក ដូណាល់ ត្រាំ មានចក្ខុវិស័យយុទ្ធសាស្ត្រយ៉ាងណាចំពោះប្រជាជាតិ អាស៊ីអាគ្នេយ៍?

ចក្ខុវិស័យគោលនយោបាយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មកកាន់តំបន់អាស៊ីអាគ្នេយ៍នៅក្នុងអាណត្តិដឹកនាំនេះ គឺការពង្រឹងឥទ្ធិពល និងវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ