ក្រោយការទម្លាយការពិតដ៏ឈឺចាប់នេះ ក្រសួងការបរទេសថៃ បានប្រញាប់ប្រញាល់ចេញសេចក្តីថ្លែងការណ៍បដិសេធ ដើម្បីបិទបាំងទង្វើអាក្រក់របស់ខ្លួន។
ក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍បដិសេធទាំងបំពានការពិតចំពោះការបកអាក្រាតទង្វើឈ្លានពានរបស់យោធាថៃ មកលើអធិបតេយ្យភាពកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ និងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងម៉ានីល។ ភាគីថៃ បានប្រឹងប្រែងច្រានចោលការពិត ដែលថា ខ្លួនកំពុងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ដែលជាហេតុធ្វើឱ្យពលរដ្ឋខ្មែរជាង២ម៉ឺននាក់មិនអាចវិលត្រឡប់ទៅកាន់លំនៅឋាន និងទឹកដីកំណើតវិញបាន។
លើសពីនេះ ក្រសួងការបរទេសថៃ ថែមទាំងបានចោទប្រកាន់ទាំងបំពានថា កម្ពុជា បានប្រើប្រាស់តួនាទីជាម្ចាស់ផ្ទះចោទប្រកាន់មកលើខ្លួនក្នុងគោលបំណងបម្រើនយោបាយក្នុងស្រុក ព្រមទាំងបានអំពាវនាវឱ្យដោះស្រាយតាមយន្តការទ្វេភាគី ក្នុងចេតនាមិនចង់ឱ្យសហគមន៍អន្តរជាតិដឹងពីទង្វើឈ្លានពានរបស់ខ្លួន។ ប៉ុន្តែការពិត គឺថា អ្វីដែលកម្ពុជា បានលើកយកមកបង្ហាញនៅលើវេទិកាទាំងពីរនេះ គឺសុទ្ធសឹងតែជាការពិត និងមានភស្តុតាងជាក់ស្តែង ដែលអន្តរជាតិ បានឃើញយ៉ាងច្បាស់។
ពាក់ព័ន្ធនឹងកិច្ចប្រជុំ ហ្វ្រង់កូហ្វូនី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ គឺជាឱកាសមាសសម្រាប់កម្ពុជាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ពង្រឹងទំនាក់ទំនងអន្តរជាតិ និងបញ្ជូនសារដ៏មានអត្ថន័យពីរាជធានីភ្នំពេញទៅកាន់ពិភពលោក។ ឯកឧត្តម បានសង្កត់ធ្ងន់ថា សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម និងស្ថិរភាពយូរអង្វែងសម្រាប់ពិភពលោក។
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាប្រទេសធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាម និងការបែកបាក់យ៉ាងឈឺចាប់ កម្ពុជា យល់ច្បាស់ណាស់ថា សន្តិភាពមិនមែនត្រឹមតែជាពាក្យស្លោកនោះឡើយ ប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះ នៃជីវិត សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍ។ ម្យ៉ាងវិញទៀត ការធ្វើជាម្ចាស់ផ្ទះនេះ ក៏ជាស្ពានបើកទ្វារពង្រីកពាណិជ្ជកម្ម ទាក់ទាញវិនិយោគិន ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងនាំយកបទពិសោធ នៃការកសាងសន្តិភាពដ៏ជោគជ័យរបស់ខ្លួនទៅចែករំលែកដល់សហគមន៍អន្តរជាតិ ផងដែរ។
ដោយឡែកសម្រាប់ការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាអំណះអំណាងដ៏មុតស្រួច មានសក្ខីកម្ម និងភស្តុតាងជាក់ស្តែង ជុំវិញការឈ្លានពាន និងការបំផ្ទុះការប៉ះទង្គិចដោយភាគីថៃ កាលពីឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលបំណងចូលកាន់កាប់ដែនអធិបតេយ្យភាពកម្ពុជា ដោយខុសច្បាប់ ដែលពិភពលោកត្រូវតែដឹង និងកាត់ក្តីឱ្យបានត្រឹមត្រូវ៕
ដោយៈ សរ សុជាតិ