ប្រទេសទាំងពីរក៏បានប្រកាសកិច្ចព្រមព្រៀងថ្មីៗលើវិស័យការពារជាតិ និងបច្ចេកវិទ្យាផងដែរ ខណៈបណ្ដាប្រទេសលោកខាងលិច កំពុងស្វែងរកមធ្យោបាយកាត់បន្ថយការពឹងផ្អែកលើចិនក្នុងការផ្គត់ផ្គង់រ៉ែសំខាន់ៗ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។
ការប្រកាសពីការបង្កើតសម្ព័ន្ធយុទ្ធសាស្ត្រថ្មីលើវិស័យយោធា និងរ៉ែកម្ររវាងបារាំង និងម៉ាឡេស៊ី ធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សារវាងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី១៧ ខែវិច្ឆិកា នេះ។ មេដឹកនាំទាំងពីរបានបង្ហាញជំហរថា ការពង្រឹងកិច្ចសហប្រតិបត្តិការនឹងជួយឱ្យប្រទេសទាំងពីររក្សាបាននូវឯករាជភាពជាយុទ្ធសាស្ត្រ និងពង្រឹងសន្តិសុខ។ តាមកិច្ចព្រមព្រៀងលើវិស័យរ៉ែកម្រ ម៉ាឡេស៊ីនឹងអនុញ្ញាតឱ្យនាំចេញវត្ថុធាតុដើមរ៉ែកម្រមួយចំនួនទៅកាន់ប្រទេសបារាំង ខណៈបារាំងនឹងជួយគាំទ្រម៉ាឡេស៊ី ក្នុងការអភិវឌ្ឍសមត្ថភាពកែច្នៃរ៉ែក្នុងស្រុក។
គួរបញ្ជាក់ថា ម៉ាឡេស៊ី បានហាមឃាត់ការនាំចេញរ៉ែកម្រឆៅ ឬមិនទាន់កែច្នៃតាំងពីឆ្នាំ២០២៤ ដើម្បីការពារធនធានធម្មជាតិរបស់ខ្លួន។ ប៉ុន្តែកាលពីខែមុន ប្រទេសនេះបានបន្ធូរបន្ថយការរឹតបន្តឹង ដោយអនុញ្ញាតឱ្យនាំចេញក្នុងលក្ខខណ្ឌជាក់លាក់សម្រាប់គោលបំណងស្រាវជ្រាវ និងកែច្នៃ។ ក្រៅពីវិស័យរ៉ែកម្រ មេដឹកនាំបារាំង និងម៉ាឡេស៊ី ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនដែលគ្របដណ្តប់លើវិស័យការពារជាតិ រ៉ែកម្រ និងការផ្លាស់ប្តូរទៅរកថាមពលស្អាត។ ក្នុងនោះ ក៏មានផែនការរួមគ្នាបង្កើតមជ្ឈមណ្ឌលថ្នាក់តំបន់មួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងបែបកូនកាត់ផងដែរ។
ជាមួយគ្នានេះ ប្រធានាធិបតី ម៉ាក្រុង បានប្រកាសថា ក្រុមហ៊ុន Airbus របស់បារាំង នឹងផ្គត់ផ្គង់ឧទ្ធម្ភាគចក្រដល់កងទ័ពអាកាសម៉ាឡេស៊ី ប៉ុន្តែមិនបានបញ្ជាក់ពីចំនួន និងព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះទេ។ ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយបារាំងនេះកើតឡើង នៅពេលម៉ាឡេស៊ី កំពុងពិនិត្យឡើងវិញនូវភាពគួរឱ្យជឿជាក់របស់ដៃគូផ្គត់ផ្គង់សព្វាវុធបរទេស បន្ទាប់ពីប្រទេសន័រវេស បានដកហូតអាជ្ញាបណ្ណនាំចេញមីស៊ីលដែលគ្រោងផ្គត់ផ្គង់ឱ្យកងទ័ពជើងទឹកម៉ាឡេស៊ី៕
អត្ថបទៈ សួន ឡង់ទី