យោងតាមនាយកការិយាល័យប្រចាំតំបន់អារ៉ាប់នៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) លោក អាប់ដាឡា អាល់ ដាដារី (Abdallah Al Dardari) ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះចុងក្រោយនេះ ចំនួនប្រជាជនប៉ាឡេស្ទីន ដែលរស់នៅក្នុងភាពក្រីក្របានកើនឡើងប្រមាណ៣០ម៉ឺននាក់។ ការវាស់វែងសេដ្ឋកិច្ចសំខាន់ៗ ដូចជាអត្រាមានការងារធ្វើ និងកំណើនផលិតផលក្នុងស្រុកសរុបនៅតំបន់ហ្គាហ្សា និងវេសប៊ែង បានដាំក្បាលចុះទាំងអស់។ ស្របពេលជាមួយគ្នានេះ ភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍ថា មនុស្សជិត១លាន៥សែននាក់នៅហ្គាហ្សា ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីការប្រយុទ្ធគ្នាផ្ទុះកាលពីខែមុន។
ក្នុងនោះរបាយការណ៍អង្គការសហប្រជាជាតិ ក៏ព្រមានអំពីអត្រាអ្នកអត់ការងារធ្វើក្នុងតំបន់ហ្គាហ្សាកើនឡើងដល់៦១% និងនៅវេសប៊ែង២៤%ផងដែរ។ រីឯផលិតផលក្នុងស្រុកសរុបប៉ាឡេស្ទីន ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ៤,២ភាគរយ បន្ទាប់ពីសង្រ្គាមមួយខែ ដែលខាតបង់ប្រហែល៨៥៧លានដុល្លារ។ ហើយប្រសិនបើសង្រ្គាមបន្តអូសបន្លាយដល់ខែទីពីរ ការខាតបង់នឹងកើនទ្វេដងដល់ទៅប្រមាណជិត២ពាន់លានដុល្លារ ឬប្រហែល៨,៤ភាគរយនៃ GDP។ លោក អាល់ ដាដារី ប្រធាន UNDP ប្រចាំតំបន់អារ៉ាប់ បានប្រាប់ CNN ថា នេះគឺជាផលប៉ះពាល់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៣០ឆ្នាំមកនេះនៅហ្គាហ្សា។
ទិន្នន័យរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ប្រជាជននៅហ្គាហ្សា ប្រមាណ៦១%ហើយ ឋិតនៅក្រោមបន្ទាត់នៃភាពក្រីក្រក្នុងឆ្នាំ២០២០។ ហើយបន្ទាប់ពីការវាយប្រយុទ្ធគ្នាមួយខែកន្លងមកនេះ អត្រានៃភាពក្រីក្របានកើនឡើង២០%បន្ថែមទៀត ហើយបើសង្គ្រាមបន្តចូលខែទីពីរ កម្រិតភាពក្រីក្រនៅហ្គាហ្សានិងវេសប៊ែង នឹងហក់ឡើងដល់៣៤% ឬប្រមាណ៥០ម៉ឺននាក់។ ប្រធាន UNDP នៅតំបន់អារ៉ាប់ លោក អាល់ ដាដារី បានសង្កត់ធ្ងន់ថា បើសង្គ្រាមបន្តចូលខែទីពីរនោះ សេដ្ឋកិច្ចប៉ាឡេស្ទីន នឹងដើរថយក្រោយ១៩ឆ្នាំនៃការអភិវឌ្ឍ។
យ៉ាងណាមិញ វាសនាអនាគតហ្គាហ្សា កំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ ខណៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ក៏មិនទាន់ចេញការវាយតម្លៃការចំណាយ សម្រាប់ការកសាងឡើងវិញនៅតំបន់ Gaza នោះដែរ បន្ទាប់ពីសង្គ្រាមនេះផុតរលត់ទៅ។ តែលោក អាល់ ដាដារី បានឱ្យដឹងថា អង្គការសហប្រជាជាតិប្រហែលជានឹងចូលខ្លួនជួយកសាងហ្គាហ្សាឡើងវិញផងដែរ។
គួរជម្រាបថា កាលពីពេលថ្មីៗ អ៊ីស្រាអែល បានយល់ព្រមផ្អាកការវាយប្រយុទ្ធតាមអាកាសបួនម៉ោងក្នុងមួយថ្ងៃ រយៈពេលបីថ្ងៃ និងបើកច្រករបៀបខាងជើងហ្គាហ្សា ដើម្បីឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសទៅភាគខាងត្បូង៕