ទឹកស្ទឹងព្រែកត្នោត

អភិបាលខេត្តកំពង់ស្ពឺ៖ទឹកស្ទឹងព្រែកត្នោតបានវិលមករកភាពធម្មតាវិញហើយ


ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺបានអះអាងថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្ទឹងព្រែកត្នោត បានវិលមករកសភាពធម្មតាវិញហើយ ក្រោយមានការកើនឡើងធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ និងផលដំណាំមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងជាយរាជធានីភ្នំពេញ។
ទឹកជំនន់ស្ទឹងព្រែកត្នោតជន់លិចផ្ទះប្រជាពលរដ្ឋ

ក្រោយពីជំនន់ទឹកភ្លៀងបង្កឲ្យមានការជន់លិចនៅប៉ុន្មានថ្ងៃកន្លងមកនេះ កម្រិតទឹកស្ទឹងព្រែកត្នោតនៅខេត្តកំពង់ស្ពឺ បានវិលត្រឡប់មករកប្រក្រតីភាពឡើងវិញហើយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ ការវិលមករកភាពធម្មតានៃកម្រិតទឹកក្នុងស្ទឹងព្រែកត្នោតនេះ គឺបន្ទាប់ពីកម្ពុជាគ្មានភ្លៀងធ្លាក់ខ្លាំងនៅប៉ុន្មានថ្ងៃជាប់គ្នាកន្លងមកនេះ។ នេះបើតាមការអះអាងរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា មូលហេតុដែលធ្វើឲ្យកម្រិតទឹកក្នុងស្ទឺងព្រែកត្នោតកើនឡើងខ្លាំង ដោយសារខេត្តកំពង់ស្ពឺមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើ ហើយក៏បានហូរចាក់ចូលស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោម។

អភិបាលខេត្តកំពង់ស្ពឺរូបនេះបានគូសបញ្ជាក់ថា ជំនន់ទឹកភ្លៀងក្នុងស្ទឹងព្រែកត្នោតនៅប៉ុន្មានថ្ងៃកន្លងមកនេះមិនត្រឹមតែធ្វើឲ្យជន់លិចដល់ផ្ទះប្រជាពលរដ្ឋរស់នៅតាមសណ្តរស្ទឹងនេះនោះទេ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់ផលដំណាំរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទៀតផង។ ឯកឧត្តម បានបន្ថែមថា យ៉ាងហោចណាស់មានស្រូវកំពុងផើម និងដាក់គ្រាប់ចំនួន៤៥០ហិកតាបានរងផលប៉ះពាល់ពីគ្រោះធម្មជាតិជំនន់ទឹកភ្លៀងក្នុងស្ទឹងព្រែកត្នោត។ តែយ៉ាងណា ឯកឧត្តម អះអាងថា រដ្ឋបាលខេត្តបានត្រៀមគ្រាប់ពូជសម្រាប់ចែកជូនពលរដ្ឋរងគ្រោះរួចរាល់អស់ហើយ។ 

ជាមួយគ្នានេះ រដ្ឋបាលសាលារាជធានីភ្នំពេញបានប្រកាសនៅថ្ងៃទី២៨ តុលា ថា ស្ថានភាពទឹកស្ទឹកព្រែកត្នោតអាចគ្រប់គ្រងបានទាំងស្រុងហើយ និងបានស្រកចុះចន្លោះពី០,៥ទៅ០,៧ម៉ែត្រ ដែលធ្វើឲ្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមសណ្តរស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហាក់មានភាពល្អប្រសើរឡើងវិញ។ តែយ៉ាងណា យើងមិនទាន់ដឹងពីតួលេខជាក់លាក់នៃផលដំណាំ និងចំនួនគ្រួសាររស់នៅរាជធានីភ្នំពេញសរុប ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងស្ទឹងព្រែកត្នោតនៅឡើយទេ។

យ៉ាងណាក៏ដោយចុះ បើតាម  លោកស្រី គឹម ញឹប  អភិបាលខណ្ឌដង្កោបានបញ្ជាក់ប្រាប់ខេមបូណូមីស កាលពីពេលថ្មីៗថា មានគ្រួសាររស់នៅក្នុងសង្កាត់មួយចំនួន ក្នុងខណ្ឌដង្កោជាង២ពាន់គ្រួសារ ដែលផ្ទះរបស់ពួកគាត់ត្រូវបានជនលិចដោយសារជំនន់ទឹកភ្លៀងក្នុងស្ទឹងព្រែកត្នោត។ ក្នុងចំណោមគ្រួសារទាំងនេះមានគ្រួសារមួយចំនួនត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព និងមានគ្រួសារជាច្រើនបានបន្តរស់នៅផ្ទះដែលរងការជន់លិច៕

None



អត្ថបទបន្ទាប់


សហគ្រិនខ្មែរបានរៀបចំវេទិកាពិភាក្សាស្តីអំពី «ការជំរុញអាជីវកម្មឆ្ពោះទៅកាន់ឌីជីថលក្នុងបរិបទថ្មីសម្រាប់សហគ្រាសធុនតូច មធ្យម និង ធុរកិច្ចបង្កើតថ្មី»

ថ្ងៃពុធ ទី ២៧ ខែតុលា ឆ្នាំ២០២១ សហគ្រិនខ្មែរ ដែលជាអង្គភាពក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំ «វេទិកាពិភាក្សាសម្រាប់សហគ្រាស…

ធនាគារជាតិ៖កម្ពុជាមានទុនបម្រុងអន្តរជាតិ ២១ពាន់លានដុល្លារអាមេរិក ជាកម្រិតខ្ពស់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន

ធនាគារជាតិនៃកម្ពុជា បានលើកឡើងថ្មីៗនេះថា បច្ចុប្បន្នកម្ពុជាមានទុនបម្រុងអន្តរជាតិសរុបប្រមាណ ២១ពាន់លានដុល្លារអាមេរិក ដែលកម្រិតនេះ គឺខ្ពស់ជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ