World Bank - IMF - អ៊ុយក្រែន

ធនាគារពិភពលោក និង IMF បន្ដកៀរគរ និងអនុម័តកញ្ចប់ហិរញ្ញប្បទានរាប់រយលានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន


ខណៈដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្ដអូសបន្លាយប្រមាណ ១០ខែមកហើយនោះ ប្រទេសអ៊ុយក្រែននៅតែបន្ដត្រូវការជំនួយពីគ្រប់ច្រកល្ហក ដើម្បីទ្រទ្រង់រដ្ឋាភិបាលរបស់ខ្លួនកុំឲ្យដួលរលំ និងពង្រឹងសមត្ថភាពផ្នែកយោធាឲ្យកាន់តែខ្លាំងដើម្បីវាយទប់ទល់នឹងការឈ្លានពានពីរុស្ស៊ី។ ក្នុងនោះដែរ ធនាគារពិភពលោកកាលពីថ្ងៃអង្គារទី២០ខែធ្នូ បានសម្រេចអនុម័តកញ្ចប់ហិរញ្ញប្បទានបន្ថែមមានតម្លៃសរុប៦១០លានដុល្លារទៀត ដើម្បីដោះស្រាយតម្រូវការក្នុងការងារសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញ នៅក្នុងប្រទេសអ៊ុយក្រែន។
World Bank និង IMF អនុម័តគម្រោងថ្មីៗជួយអ៊ុយក្រែន!
ដោយ

ជាមួយគ្នានេះស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF ក៏បានអនុម័តបង្កើតកម្មវិធីមួយដែលមានរយៈពេល៤ខែ ក្នុងគោលបំណងរក្សាស្ថិរភាពសេដ្ឋកិច្ច តាមរយៈការជួយកៀរគរហិរញ្ញប្បទានពីម្ចាស់ជំនួយបន្ថែមសម្រាប់អ៊ុយក្រែនផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

នៅក្នុងកញ្ចប់ហិរញ្ញប្បទានទាំង ៦១០លានដុល្លាររបស់ធនាគារពិភពលោក មាន៥០០លានដុល្លារជាកម្ចីថ្មី ក្រោមការគាំទ្រ និងការធានាភាគច្រើនពីប្រទេសអង់គ្លេស។ ក្នុងកម្ចីទាំងនេះ និងមានគម្រោងចាយវាយថ្មីមួយសំដៅស្តារ និងកែលម្អលទ្ធភាពទទួលបានសេវាថែទាំសុខភាពទូទៅ និងដោះស្រាយតម្រូវការទាក់ទងនឹងសេវាសុខាភិបាលសម្រាប់អ្នកធ្វើសង្គ្រាម។ នេះបើតាមការគូសបញ្ជាក់ពីធនាគារពិភពលោក។

ជំនួយថ្មីរបស់ ធនាគារពិភពលោក សម្រាប់អ៊ុយក្រែនធ្លាក់មកជាហូរហែ បន្ទាប់ពីស្ថាប័នអន្តរជាតិមួយនេះ បានផ្តល់ជំនួយប្រមាណ ១៨ពាន់លានដុល្លាររួចទៅហើយ ដល់រដ្ឋាភិបាលទីក្រុងកៀវ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ដែលក្នុងនោះមានទឹកប្រាក់ ១៥ពាន់លានត្រូវបានផ្តល់ឱ្យអ៊ុយក្រែនរួចរាល់ហើយ។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ប្រធានធនាគារពិភពលោក លោកដេវីដ ម៉ាលផាស់ និយាយថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ពិសេសប៉ះពាល់ដល់វិស័យសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ និងបណ្តាញដឹកជញ្ជូនជាដើម។ ប្រាក់កម្ចីបន្ថែមថ្មីចំនួន ៥០០លានដុល្លារ នឹងជួយរដ្ឋាភិបាលអ៊ុយក្រែន គ្របដណ្តប់លើការចំណាយទាក់ទងនឹងអត្ថប្រយោជន៍សម្រាប់កុមារ ក្រុមគ្រួសារ ប្រាក់ខែបុគ្គលិកសាធារណៈ និងការទូទាត់សម្ភារៈប្រើប្រាស់នានាតាមតម្រូវការ។

ដោយឡែក ទឹកប្រាក់ទឹក១១០លានដុល្លារទៀត គឺសម្រាប់គម្រោងលើកកម្ពស់សុខាភិបាលជួយសង្គ្រោះជីវិត កែលម្អ និងពង្រឹងការថែទាំសុខភាពបឋម ដោះស្រាយតម្រូវការកើនឡើងនៃសេវាសុខភាពផ្លូវចិត្ត និងការស្តារនីតិសម្បទា ដែលរងគ្រោះដោយសារសង្គ្រាម និងការស្ដារឡើងវិញសម្រាប់មន្ទីរពេទ្យដែលបានខូចខាត។

ធនាគារពិភពលោកកាលពីខែតុលា ធ្លាប់បានប៉ាន់ប្រមាណថា ការចំណាយលើការស្តារឡើងវិញរបស់អ៊ុយក្រែននឹងមានចំនួនជិត ៣៥០ពាន់លានដុល្លារ ប៉ុន្តែក្រុមមន្ត្រីនិយាយថា ការចំណាយបាននិងកំពុងកើនឡើងបន្ថែមទៀត ដោយសារចាប់ពីពាក់កណ្តាលខែតុលាមករុស្ស៊ីបានវាយប្រហារសំដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអស់ជាច្រើន។ គិតត្រឹមដើមខែធ្នូឆ្នាំ២០២២ កន្លែងថែទាំសុខភាពចំនួនជាង ៥០០កន្លែងនៅអ៊ុយក្រែន ដែលស្មើនឹង ៥,៥% នៃកន្លែងផ្តល់សេវាសុខាភិបាលសរុប ត្រូវខូចខាត ឬបំផ្លាញទាំងស្រុង។

សូមជម្រាបថា មិនមែនតែធនាគារពិភពលោកមួយនោះទេដែលអនុម័តកម្ចីនិងជំនួយខាងលើដល់អ៊ុយក្រែន។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានអនុម័តបង្កើតកម្មវិធីមួយដែលធ្វើការងាររយៈពេល៤ខែពេញ ដើម្បីជួយកៀរគរហិរញ្ញប្បទានបន្ថែមសម្រាប់ទីក្រុងកៀវផងដែរ។ IMF រំពឹងថានៅឆ្នាំ២០២៣ ខ្លួនអាចជំរុញម្ចាស់ជំនួយពីលោកខាងលិចបន្ថែមទៀត ដើម្បីគាំទ្រដល់អ៊ុយក្រែន។ IMF ប៉ាន់ប្រមាណថា អ៊ុយក្រែនត្រូវការប្រាក់ចន្លោះពី៤០ពាន់លានទៅ៥៧ពាន់លានដុល្លារបន្ថែម ពីម្ចាស់ជំនួញក្រៅប្រទេសសម្រាប់ឆ្នាំ២០២៣៕




អត្ថបទបន្ទាប់


ការនាំចេញគ្រាប់ស្វាយចន្ទីឆៅសម្រេចបានជាង ១ពាន់លានដុល្លារនៅជិត១ឆ្នាំ២០២២ ធ្លាក់ចុះ ៣៥%

របាយការណ៍ផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា គិតចាប់ពីខែមករា ដល់ពាក់កណ្តាលខែធ្នូ ក្នុងឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទ…

Apple នឹងបើកការផលិត Macbook នៅវៀតណាមនៅពាក់កណ្ដាលឆ្នាំ២០២៣

ប្រទេសវៀតណាម បាននឹងកំពុងក្លាយជាទិសដៅពង្រីកការវិនិយោគកាន់តែខ្លាំងឡើងពីសំណាក់ក្រុមហ៊ុនអាមេរិក ដែលមានបំណងរើផលិតកម្មចេញពីប្រទេសចិន។ ក្នុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ