ធនាគារពិភពលោកកាលពីថ្ងៃទី៣ ខែធ្នូ បានលើកឡើងដ៏គួរឱ្យភ្ញាក់ផ្អើលថា គម្លាតរវាងការចំណាយលើការទូទាត់បំណុលរបស់ប្រទេសក្រីក្រ និងការផ្តល់ហិរញ្ញប្បទានថ្មីបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមកនេះ។ ស្ថាប័នហិរញ្ញវត្ថុ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន នេះ បានអះអាងថា ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ប្រទេសក្រីក្រទាំងនោះកំពុងតស៊ូក្នុងការដោះស្រាយបំណុលប្រមាណ៧៤១ពាន់លានដុល្លារ។
ដើម្បីដោះស្រាយបញ្ហាវិបត្តិបំណុលរបស់ប្រទេសក្រីក្រទាំងនោះ អ្នកជំនាញ កំពុងស្នើឲ្យមានការគិតគូរឡើងវិញនូវលក្ខខណ្ឌហិរញ្ញប្បទានសកល ដែលមានភាពធូរស្រាលជាងមុន ដើម្បីរៀបចំសេដ្ឋកិច្ច ក៏ដូចជាច្បាប់ឱ្យមានសណ្តាប់ធ្នាប់ផ្នែកហិរញ្ញវត្ថុ។ នៅក្នុងរបាយការណ៍បំណុលអន្តរជាតិ ប្រចាំឆ្នាំរបស់ខ្លួន ធនាគារពិភពលោកបានរកឃើញថា ការទូទាត់ការប្រាក់សរុបរបស់ប្រទេសក្រីក្រដែលជាកូនបំណុលបានឈានដល់កំណត់ត្រាថ្មីរហូតដល់ជាង៤១៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។
លោក អ៊ីនឌឺមីត ហ្គីល (Indermit Gill) អ្នកសេដ្ឋកិច្ចរបស់ធនាគារពិភពលោកបានអះអាងថា ស្ថានភាពហិរញ្ញវត្ថុសកលអាចនឹងមានភាពប្រសើរឡើង ប៉ុន្តែប្រទេសក្រីក្រមិនគួរព្យាយាមកុហកខ្លួនឯងនោះទេ។ លោកបានអះអាងថា ប្រទេសក្រីក្រមិនទាន់រួចផុតពីគ្រោះថ្នាក់នៅឡើយទេ ហើយបានព្រមានថា ការកើនឡើងនៃបំណុលកំពុងបន្តតាមរបៀបថ្មី និងមានគ្រោះថ្នាក់។
បើតាមការអះអាងរបស់ធនាគារពិភពលោក ប្រទេសក្រីក្រ ក៏កំពុងងាកទៅរកទីផ្សារបំណុលក្នុងស្រុកកាន់តែខ្លាំងឡើង ដើម្បីគាំទ្រការចំណាយ និងដោះស្រាយបញ្ហាផ្សេងៗ។ នៅក្នុងចំណោមប្រទេសក្រីក្រចំនួន៥០ បំណុលក្នុងស្រុកបានកើនឡើងក្នុងល្បឿនលឿនជាងបំណុលខាងក្រៅស្រុកកាលពីឆ្នាំមុន។ នេះជាសញ្ញានៃការវិវត្តនៃទីផ្សារឥណទានក្នុងស្រុក តែវាអាចជាការច្របាច់កលើប្រាក់កម្ចីរបស់ធនាគារក្នុងស្រុក និងអាចបង្កើនថ្លៃដើមនៃការផ្តល់ហិរញ្ញប្បទាន៕
ដោយៈ សរ សុជាតិ