អតិរេកបន្ទះឈីប ដែលបានកើតមានឡើងនៅពាក់កណ្តាលឆ្នាំ២០២២កន្លងទៅ មិនត្រូវបានរំពឹងថា នឹងធូរស្រាលឡើងវិញឆាប់ៗឡើយ។ ភាពលើសនៃការផ្គត់ផ្គង់ក្នុងឈីបអង្គចងចាំនេះ ក៏ដោយសារតែតម្រូវការស្មាតហ្វូនសាកល មានការធ្លាក់ចុះ។
លោក Sanjay Mehrotra ប្រធានប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាឈីប Micron បាននិយាយថា ឧស្សាហកម្មឈីបកំពុងជួបប្រទះនូវអតុល្យភាពខ្លាំងបំផុតរវាងការផ្គត់ផ្គង់ និងតម្រូវការ ទាំងប្រភេទ DRAM និង NAND ក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ។
ក្រុមហ៊ុនអាមេរិកនេះ ក៏បានឱ្យដឹងពីការធ្លាក់ចុះប្រាក់ចំណូលដុលប្រមាណ ៤៧% ក្នុងត្រីមាសទី៣ ដែលគិតពីខែកញ្ញា ដល់ វិច្ឆិកា ឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
យោងតាមការស្រាវស្រាវរបស់អ្នកវិភាគឱ្យដឹងថា សម្រាប់ស្មាតហ្វូន ការផ្គត់ផ្គង់ឈីបលើស គឺនឹងមិនត្រូវបានរំពឹងទេថា នឹងកាត់បន្ថយមកវិញឡើយ រហូតដល់ត្រីមាសទី៤ ឆ្នាំនេះ។ សម្រាប់កុំព្យូទ័រវិញ ការផ្គត់ផ្គង់លើស នឹងឈានដល់ចំណុចកំពូលក្នុងត្រីមាសទី៣។
ក្នុងពេលជាមួយគ្នានេះដែរ ការផ្គត់ផ្គង់ជ្រុលនៃបន្ទះឈីបសម្រាប់មជ្ឈមណ្ឌលទិន្នន័យ នឹងកើតឡើងត្រឹមត្រីមាសទីមួយនេះប៉ុណ្ណោះ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក និងចិន បានស្ទាក់ស្ទើរលើការវិនិយោគដោយសារតែប្រាក់ចំណូលផ្សព្វផ្សាយពាណិជ្ជកម្មកាន់តែចុះខ្សោយ និងផលប៉ះពាល់ទៅលើតម្រូវការឈីបសម្រាប់មជ្ឈមណ្ឌលទិន្នន័យ។
ក្រុមហ៊ុនឈីបតៃវ៉ាន់ រំពឹងថាវានឹងចំណាយពេលដល់ពាក់កណ្តាលឯណោះនៅឆ្នាំ ២០២៣ ដើម្បីរក្សាការស្តុកទុកឈីបក្នុងកម្រិតល្អប្រសើរ។
ផ្ទុយមកវិញ ឧស្សាហកម្មយានយន្ត បែរជាកំពុងប្រឈមមុខនឹងកង្វះខាតឈីបទៅវិញ។ វានៅតែជាការប្រឈមក្នុងការធានានូវការផ្គត់ផ្គង់ឈីបគ្រប់គ្រាន់ ដែលពឹងផ្អែកលើបច្ចេកវិទ្យាផលិតចាស់ៗកន្លងមក។
ឈីបក្នុងឧស្សាហកម្មយានយន្ត ត្រូវបានប៉ាន់ស្មានថា នឹងនៅតែខ្វះខាតក្នុងការផ្គត់ផ្គង់នៅពេញមួយឆ្នាំនេះទៀត។ ជាមួយគ្នានេះ តម្រូវការឈីបសម្រាប់ផលិតរថយន្តអគ្គិសនី គឺខ្ពស់ជាងតម្រូវការឈីបសម្រាប់ផលិតរថយន្តប្រើប្រាស់សាំងទៅទៀត ខណៈទំនោរប្រើរថយន្តអគ្គិសនីកាន់តែកើនឡើងខ្លាំង។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនរថយន្តធំៗមួយចំនួន បាននិយាយថា គ្រឿងបន្លាស់សំខាន់ៗនឹងមិនមានគ្រប់គ្រាន់ដូចធម្មតាវិញឡើយរហូតដល់ឆ្នាំ២០២៤។
ប្រសិនបើស្ថានភាពសេដ្ឋកិច្ចសាកលកាន់តែអាក្រក់ នោះវានឹងចំណាយពេលកាន់តែយូរក្នុងការរក្សាតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការ ព្រមទាំងបង្កើតហានិភ័យកាន់តែធ្ងន់ធ្ងរចំពោះទីផ្សារឈីបទៀតផង។
សូមបញ្ជាក់ថា ក្រុមហ៊ុនធំៗដូចជា Intel និង TSMC គឺគ្រោងនឹងប្រតិបត្តិការផលិតឈីបនៅរោងចក្រថ្មីរបស់ខ្លួនក្នុងទឹកដីអាមេរិក អំឡុងឆ្នាំ២០២៤។ ចំណែក Micron និងក្រុមហ៊ុនផ្សេងៗទៀត ក៏សុទ្ធតែបានប្រកាសផែនការវិនិយោគឈីបទ្រង់ទ្រាយធំផងដែរ៕
អត្ថបទ ៖ នៅ សំភី