អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា បើទោះបីជាបញ្ហាចោរលួចកសិផល ឬសម្ភារៈកសិកម្មនៅតាមមូលដ្ឋានមួយចំនួននៅកម្ពុជាហាក់នៅមានកម្រិតតូចនៅឡើយ ក៏ពិតមែន ប៉ុន្តែបញ្ហានេះបានក្លាយជាក្តីបារម្ភមួយរបស់ប្រជាកសិករ និងអ្នកវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។
សម្រាប់អ្នកជំនាញរូបនេះ អាជ្ញាធរពាក់ព័ន្ធគួរតែដល់ពេលត្រូវអនុវត្តច្បាប់ចំពោះបុគ្គលដែលលួចកសិផល ឬសម្ភារកសិកម្ម ក៏ដូចជាអ្នកឃុបឃិតទិញកសិផលពីអ្នកលួចនៅតាមមូលដ្ឋានទាំងនោះឱ្យបានតឹងរ៉ឹងបំផុត បើមិនដូច្នេះទេ វាអាចនាំឱ្យបញ្ហានេះកាន់តែរីកធំឡើងៗ ដែលនឹងធ្វើឱ្យអ្នកវិនិយោគបាត់បង់ទំនុកចិត្តក្នុងការវិនិយោគ និងប៉ះពាល់ដល់ការទាក់ទាញការវិនិយោគ។
ទន្ទឹមនេះអ្នកឧកញ៉ា លឹម ហេង សង្កេតឃើញថា កន្លងមកអ្នកមានដើមទុនវិនិយោគភាគច្រើន ពួកគេហាក់មានភាពស្ទាក់ស្ទើរ និងមិនហ៊ានវិនិយោគក្នុងវិស័យកសិកម្ម ក៏ដោយសារមានការរួមចំណែកពីបញ្ហាចោរលួចកសិផលនេះដែរ ពោលគឺស្របពេលដែលមានថ្លៃដើមផលិតខ្ពស់ និងចំណាយពេលវេលាយូរដើម្បីទទួលបានផលហើយនោះ ព្រមទាំងត្រូវបារម្ភចំពោះការបាត់បង់ទិន្នផលនៅពេលប្រមូលផលថែមទៀត។
សូមជម្រាបថា បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា លឹម ហេង កសិផលដែលត្រូវបានចោរលួចភាគច្រើនរួមមានដូចជាស្វាយចន្ទី ដំឡូងមី កៅស៊ូ និងកសិផលមួយចំនួនទៀត ដែលផលិតផលទាំងអស់នេះសុទ្ធសឹងតែមានការវិនិយោគច្រើននៅកម្ពុជា៕