លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ប្រសិនបើសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប មានវិវាទពាណិជ្ជកម្មជាមួយគ្នាមែន ចង់ ឬមិនចង់វានឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកទាំងមូល រួមទាំងប្រទេសតូចដូចកម្ពុជា ដែរ ដ្បិតបញ្ហានេះ អាចធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះមានកំណើនយឺត ហើយរាំងស្ទះដល់ការនាំចូលទំនិញរបស់ខ្លួន។ ទោះជាយ៉ាងណានៅក្នុងបញ្ហានេះ អ្នកជំនាញរូបនេះ ក៏មើលឃើញពីឱកាសសម្រាប់កម្ពុជា ដែរ ដ្បិតកាលណាមានការដំឡើងពន្ធខ្ពស់នៅប្រទេសធំៗ នោះបណ្តាក្រុមហ៊ុនអន្តរជាតិនឹងផ្លាស់ប្តូរទីតាំងផលិតកម្មទៅកាន់ប្រទេសដែលមានគោលនយោបាយសេដ្ឋកិច្ចច្បាស់លាស់ដូចជា កម្ពុជា ដើម្បីផលិត និងនាំចេញទៅទីផ្សារសកលវិញ។
ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា ប្រសិនបើបញ្ហាទំនាស់ពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ឈានទៅរកចំណុចកាន់តែអាក្រក់ នោះប្រាកដណាស់វាអាចជះផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ ការវាយតម្លៃបែបនេះ ក៏ដោយសារកាលណាមានសម្ពាធសេដ្ឋកិច្ចពាណិជ្ជកម្ម ប្រជាជនក្នុងប្រទេសទាំងនោះអាចប្រឈមនឹងធ្លាក់ចុះប្រាក់ចំណូល ដែលជំរុញឱ្យការបញ្ជាទិញទំនិញពីកម្ពុជា ធ្លាក់ចុះ។
ស្រដៀងគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា យល់ឃើញថា មហិច្ឆតារបស់សហរដ្ឋអាម៉េរិក តែងតែមានការប្រែប្រួលមិនទៀងទាត់ ដែលធ្វើឱ្យពិភពលោកពិបាកប៉ាន់ស្មាន ហើយប្រសិនបើសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបដំឡើងពន្ធគយដាក់គ្នាមែន នោះតិចក្តីច្រើនក្តី វានឹងជះផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់បណ្តាប្រទេសផ្សេងៗរួមទាំងកម្ពុជា ផងដែរ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បានបង្ហាញភាពចម្រូងចម្រាសដាក់គ្នាលើការគំរាមដំឡើងពន្ធនាំចូលទំនិញទៅកាន់ប្រទេសរៀងខ្លួនក្នុងកម្រិតខ្ពស់ ប៉ុន្តែបន្ទាប់ពីសម្រេចបានក្របខ័ណ្ឌកិច្ចព្រមព្រៀងអនាគតកោះហ្គ្រីនលែន រវាងសហរដ្ឋអាម៉េរិក និងអង្គការណាតូនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកផែនការដំឡើងពន្ធគយ១០០% លើសហភាពអឺរ៉ុបវិញ។
បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅពេញមួយឆ្នាំ២០២៥ កន្លងទៅ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអាម៉េរិក មានទំហំជាង១២ពាន់លានដុល្លារ កើនឡើងជាង២៨% ខណៈនាំចេញទៅកាន់ទីផ្សារអឺរ៉ុប មានទំហំជាង៥ពាន់លានដុល្លារកើនឡើងជាង១៣%៕