

សម្រាប់ឪពុកម្តាយ វាជារឿងសំខាន់ក្នុងការលើកទឹកចិត្តក្រុមគ្រួសាររបស់ខ្លួនឱ្យពិចារណាដោយប្រុងប្រយ័ត្នអំពីសារដែលពួកគេផ្ញើ កំណត់ព្រំដែនសមស្របដើម្បីទទួលបានបទពិសោធរីករាយនិងវិជ្ជមាន ខណៈពេលដែលរក្សាសុវត្ថិភាព។ យោងតាមរបាយការណ៍ថ្មីៗបានបង្ហាញថា ប្រហែលពាក់កណ្តាលនៃសារជាសំឡេងទាំងអស់នៅលើកម្មវិធី Messenger គឺមកពីប្រទេសកម្ពុជា។ តោះទៅមើលកម្មវិធីផ្ញើសារដ៏ពេញនិយមមួយនេះ និងចែករំលែកគន្លឹះមួយចំនួនសម្រាប់ការផ្ញើសារប្រកបដោយការគោរព និងការទទួលខុសត្រូវសម្រាប់ក្រុមគ្រួសារ។
និយាយជាមួយគ្រួសាររបស់អ្នក ជាពិសេសកូនៗអំពីការផ្ញើសារប្រកបដោយសុវត្ថិភាព
ដំបូងឡើយ រកឱ្យឃើញថា តើការគោរពមានន័យយ៉ាងណាចំពោះអ្នក ហើយការគោរពមើលទៅយ៉ាងដូចម្តេចដែរនៅក្នុងប្រអប់សាររបស់អ្នក។ តើវានៅមានកម្រិត? តើអ្នកកំពុងប្រើប្រាស់ភាសាអធ្យាស្រ័យនិងកំប្លែងសមរម្យទេ? និយាយជាមួយកូនរបស់អ្នក ហើយរកឱ្យឃើញថា តើវាមានន័យយ៉ាងណាចំពោះពួកគេ។ គិតអំពីទំនាក់ទំនង ឬសារដែលអាចប្រើជ្រុលលើសដែនកំណត់។ បន្ទាប់មក ចាត់វិធានការប្រសិនបើសមស្រប។ នោះអាចមានន័យថា និយាយជាមួយអ្នកផ្ញើអំពីអ្វីដែលពួកគេបានផ្ញើ ឬប្រើប្រាស់ឱ្យបានច្រើននូវមុខងារសុវត្ថិភាពនៅក្នុងកម្មវិធីរបស់អ្នក ដូចជាការកំណត់កម្មវិធី Messenger (Messenger setting) ការរាយការណ៍ ការប្លុក ឬការដាក់កម្រិតជាដើម។
កំណត់ព្រំដែនរបស់អ្នក
សូមចំណាយពេលបន្តិច ដើម្បីមើលការកំណត់កម្មវិធី Messenger របស់អ្នក។ អ្នកអាចកំណត់ថាតើឱ្យអ្នកប្រើប្រាស់ផ្សេងទៀតឃើញថាអ្នកអនឡាញឬអុហ្វឡាញ គ្រប់គ្រងថាតើសាររបស់អ្នកណាអាចផ្ញើមកកាន់ថតសំណើសារ (Message Request) របស់អ្នក ហើយអ្នកណាមិនអាចផ្ញើសារឱ្យអ្នកបានទាល់តែសោះ។

គ្រប់គ្រងប្រអប់សំបុត្ររបស់អ្នក
អ្នកអាចរាយការណ៍អំពីសារមួយបានប្រសិនបើអ្នកគិតថា សារនោះហួសដែកកំណត់ ហើយផ្ទុយនឹងស្តង់ដារសហគមន៍។ អ្នកអាចជ្រើសរើសយកការប្លុកទំនាក់ទំនង ដូច្នេះពួកគេនឹងមិនអាចទាក់ទងមកអ្នកបានទៀតទេ។ កុំបារម្ភ កម្មវិធី Messenger នឹងមិនប្រាប់ពួកគេថា អ្នកបានប្លុក ឬរាយការណ៍ពួកគេទេ។
តើការប្លុកគឺជាវិធានការខ្លាំងជ្រុលពេកមែនទេ? កម្មវិធី Messenger អនុញ្ញាតឱ្យអ្នករឹតបន្តឹងទំនាក់ទំនង ដែលមានន័យថា វានឹងលុបការជជែកចេញពីបញ្ជី Chats របស់អ្នក ហើយវានឹងមិនអនុញ្ញាតឱ្យបុគ្គលនោះដឹងថា អ្នកកំពុងអនឡាញ ឬថា អ្នកបានអានសាររបស់ពួកគេទេ។
បង្កើតបទពិសោធកម្មវិធីដែលមានសុវត្ថិភាពជាងមុនសម្រាប់កុមារ
ការកំណត់ព្រំដែនមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នានៅក្នុងគ្រួសារ។ ដោយសារការចំណាយពេលអនឡាញរបស់កុមារកើនឡើង ទិវាសុវត្ថិភាពអ៊ីនធឺណិតគឺជាពេលវេលាដ៏ល្អសម្រាប់ឪពុកម្តាយដើម្បីបញ្ឈប់ និងវាយតម្លៃពីរបៀបដែលកូនរបស់ពួកគេកំពុងធ្វើទំនាក់ទំនងជាមួយពិភពអនឡាញ។ អ្នកអាចប្រើកម្មវិធី Messenger Kids ដែលមានមុខងារគ្រប់គ្រងនិងលទ្ធភាពមើលឃើញ ដែលឪពុកម្តាយអាចប្រើដើម្បីបង្កើតបទពិសោធកម្មវិធីដែលមានសុវត្ថិភាពជាងមុនសម្រាប់កូនៗរបស់ខ្លួន រាប់ចាប់ពីការត្រួតពិនិត្យមើលថា តើពួកគេកំពុងនិយាយជាមួយអ្នកណាញឹកញាប់បំផុត រហូតដល់ការទាញយកព័ត៌មានរបស់កូនពួកគេ។
សម្រេចចិត្តថា អ្វីដែលដំណើរការបានសម្រាប់អ្នក
ដើម្បីជួយអ្នកបង្កើត និងរក្សាទំនាក់ទំនងប្រកបដោយសុវត្ថិភាព ក៏ដូចជាកំណត់ព្រំដែនសំខាន់ៗទាំងអស់នោះ កម្មវិធី Messenger បានបង្កើតមែកធាងការសម្រេចចិត្តដ៏ងាយស្រួលមួយ ដើម្បីណែនាំអ្នកអំពីមុខងារសមស្រប ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងស្ថានភាពពិសេសរបស់អ្នកបាន៕