
លោកស្រី ហេង សុធាណា កសិករដាំទុរេនម្នាក់នៅខេត្តត្បូងឃ្មុំ បានលើកឡើងថា នៅឆ្នាំនេះការលក់ទុរេនហាក់មានភាពលំបាកជាងឆ្នាំមុនដោយសារនៅឆ្នាំនេះអ្នកដាំទុរេនមានការកើនឡើងច្រើន។ បច្ចុប្បន្នទុរេននៅតំបន់របស់លោកស្រីអាចលក់បានក្នុងតម្លៃចន្លោះពី១ម៉ឺនរៀលទៅ១១០០០រៀលក្នុង១គីឡូក្រាមជាតម្លៃលក់នៅចម្ការ ខណៈទុរេនបេះពីចម្ការមកលក់នៅលើទីផ្សារមានតម្លៃចន្លោះពី១៣០០០រៀលទៅ១៤០០០រៀលក្នុង១គីឡូក្រាម។ បើតាមអ្នកដាំទុរេនរូបនេះ តម្លៃទុរេនបច្ចុប្បន្នអាចជួយផ្គត់ផ្គង់ដល់អ្នកស្រី និងក្រុមគ្រួសារអ្នកស្រីបានគ្រប់គ្រាន់ តែបើសម្រាប់កសិករ ដែលជំពាក់ថ្លៃជីកសិកម្មអាចប្រឈមនឹងការខាតដើម។
ជាមួយគ្នានេះ លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេន បានកត់សម្គាល់ឃើញថា មកទល់ពេលនេះ ការប្រមូលផលទុរេនជិតបិទបញ្ចប់ហើយ ពោលគឺនៅមានតំបន់តិចតួចប៉ុណ្ណោះដែលមិនទាន់ប្រមូលផល។ បើតាមប្រធានសហគមន៍រូបនេះ ទុរេនបច្ចុប្បន្នមានតម្លៃចន្លោះពី១ម៉ឺនរៀលដល់ជាង២ម៉ឺនរៀល ដែលជាតម្លៃមួយសមាមាត្រគ្នារវាងអ្នកលក់ និងអ្នកទិញ។ ដោយឡែកចំពោះកសិករដែលស្ទាត់ជំនាញដាំទុរេនវិញសម្រាប់តម្លៃទុរេនសព្វថ្ងៃនេះអាចជួយផ្ដល់ប្រាក់ចំណេញដល់ពួកគេ ប៉ុន្តែប្រសិនកសិករដែលមិនមានបច្ចេកទេសដាំដុះទុរេនអាចប្រឈមនឹងការខាត។
ពាក់ព័ន្ធបញ្ហានេះដែរ លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេននៃក្រុមហ៊ុនអង្គរហ្គ្រីន បានវាយតម្លៃថា ការប្រមូលផលទុរេនរបស់កសិករមកទល់ពេលនេះសម្រេចបានប្រមាណ៨៥%ហើយ ដោយនៅសល់ប៉ុន្មានតំបន់ប៉ុណ្ណោះដែលកំពុងប្រមូលផលដូចជាខេត្តមណ្ឌលគិរី និងសៀមរាប ជាដើម។ បើតាមអ្នកជំនាញរូបនេះ ទុរេននៅឆ្នាំនេះ ភាគច្រើនត្រូវបានផ្គត់ផ្គង់នៅក្នុងស្រុក ដែលបណ្ដាលឱ្យតំបន់ខ្លះចាល់ ហើយតម្លៃវិញក៏ធ្លាក់ចុះជាងឆ្នាំមុនផងដែរ ដោយសារម្ចាស់ចម្ការមួយចំនួនមិនអាចលក់ឱ្យឈ្មួញនាំចេញទៅក្រៅស្រុកបាន។ តាមរយៈការលក់បានតម្លៃទាបនៅឆ្នាំនេះ អ្នកជំនាញរូបនេះវាយតម្លៃថា អាចនឹងធ្វើឱ្យរាំងស្ទះដល់ការពង្រីកការដាំដុះដំណាំទុរេនរបស់កសិករ។
អ្នកដាំទុរេនជឿជាក់ថា កាលណាផ្លែទុរេនស្រស់របស់កម្ពុជា អាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនបាន នោះវានឹងជំរុញឱ្យការដាំដុះទុរេនក្នុងស្រុកមានការកើនឡើងបន្ថែមទៀត ហើយវាក៏អាចធ្វើឱ្យតម្លៃទុរេនក្នុងស្រុកឡើងថ្លៃផងដេរ៕
អត្ថបទ៖ ជា ម៉ារ៉ា