អ្នកឧកញ៉ា ម៉ុង ឫ ទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលជាក្រុមហ៊ុនដាំដុះ និងនាំចេញដូងប្រេងតែមួយគត់នៅកម្ពុជាបានគូសបញ្ជាក់ថា ភ្លៀងធ្លាក់គ្រប់គ្រាន់នៅដើមឆ្នាំបានជួយជំរុញឲ្យការដាំដុះដំណាំដូងប្រេងមានការលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់នៅឆ្នាំនេះ។ ជាក់ស្ដែងដូងប្រេងក្នុង១ហិកតានៅឆ្នាំនេះអាចផ្ដល់ទិន្នផលរហូត២០តោន ខណៈកាលពីឆ្នាំមុនដូងប្រេងក្នុង១ហិកតា អាចផ្តល់ទិន្នផលចន្លោះពី១៦តោនទៅ១៨តោនតែប៉ុណ្ណោះ។ ទន្ទឹមនឹងទិន្នផលកើនឡើងខ្ពស់ តម្លៃដូងប្រេងឯណោះវិញបានដាំក្បាលចុះយ៉ាងគំហុកនៅឆ្នាំនេះ។ បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី តម្លៃដូងប្រេងធ្លាក់ចុះប្រមាណ៤៥០ដុល្លារក្នុង១តោន ពោលគឺដូងប្រេងនៅឆ្នាំនេះលក់ចេញ១តោនក្នុងតម្លៃចន្លោះពី៨០០ដុល្លារទៅ៨៥០ដុល្លារ ខណៈកាលពីឆ្នាំមុនលក់ចេញក្នុងរង្វង់១ពាន់៣រយដុល្លារក្នុង១តោន។
បើតាមអ្នកឧកញ៉ា ម៉ុង ឬទ្ធី កត្តាដែលធ្វើឲ្យតម្លៃដូងប្រេងនៅឆ្នាំ២០២២ ខ្ពស់ជាងឆ្នាំ២០២៣ ដោយសារនៅដើមឆ្នាំ២០២២ ពិភពលោកបានជួបប្រទះនូវបញ្ហាជាបន្តបន្ទាប់ ជាពិសេសការអូសបន្លាយនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឲ្យមានសម្ពាធអតិផរណាកាន់តែខ្លាំង ដែលជំរុញឲ្យទំនិញប្រើប្រាស់ប្រចាំថ្ងៃ រួមទាំងដូងប្រេងជាដើមបានឡើងថ្លៃ។ ស្របពេលជាមួយគ្នានោះ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសនាំចេញដូងប្រេង ដ៏ធំបំផុតរបស់ពិភពលោក ក៏បានប្រកាសផ្អាកនាំចេញដូងប្រេងមួយរយៈ ក្រោយប្រទេសក្នុងតំបន់អាស៊ានមួយនេះ បានជួបវិបត្តិទំនិញឡើងថ្លៃ ពិសេសប្រេងឆា ដែលផលិតចេញពីដូងប្រេងតែម្ដង។ ម្យ៉ាងទៀត ការកើនឡើងតម្រូវការបន្ទាប់ពីការរាតត្បាតជំងឺកូវីដ១៩ បានធូរស្បើយ និងការធ្លាក់ចុះនៃផលិតកម្ម ក៏ជាកត្តារួមចំណែកជួយជំរុញឲ្យតម្លៃប្រេងដូងមានការកើនឡើងផងដែរ។
ការវិនិយោគលើដំណាំដូងប្រេង មិនមែនជាការងាយស្រួលនោះទេ ទើបនៅក្នុងប្រទេសកម្ពុជា មិនសូវមានអ្នកវិនិយោគចាប់អារម្មណ៍លើដំណាំប្រភេទនេះ ដ្បិតវាទាមទារឲ្យអ្នកវិនិយោគផ្ដោតសំខាន់ទៅលើកត្តាមួយចំនួនដូចជាដី ទឹកភ្លៀង បច្ចេកទេស និងហិរញ្ញវត្ថុជាដើម។ យ៉ាងណាក៏ដោយ សម្រាប់កម្ពុជាការដាំដុះដំណាំដូងប្រេងនេះ គឺមិនមានច្រើននោះឡើយ ពោលគឺមានតែក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប មួយប៉ុណ្ណោះ ដែលមានការដាំដុះជាលក្ខណៈឧស្សាហកម្មនៅលើផ្ទៃដីដំាដុះជាង១ម៉ឺន៦ពាន់ហិកតា។ សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញដូងប្រេងប្រមាណ២ម៉ឺន២ពាន់តោនទៅកាន់ទីផ្សារអន្តរជាតិ ដោយដូងប្រេងមានតម្លៃចន្លោះពី៨០០ដុល្លារ ទៅ ៨៥០ដុល្លារ ក្នុង១តោន។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី៕