អ្នកដាំថ្នាំជក់នៅឆ្នាំនេះហាក់ត្រូវប៉ាន់

កសិករនៅខេត្តត្បូងឃ្មុំកំពុងមមាញឹកជាមួយការប្រមូលផលថ្នាំជក់ ខណៈតម្លៃនៅឆ្នាំនេះហាក់ត្រូវប៉ាន់


ថ្នាំជក់របស់កសិករក្នុងខេត្តត្បូងឃ្មុំចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗហើយ ជាមួយតម្លៃមានការកើនឡើងជាងឆ្នាំមុន ពោលគឺអាចលក់បានជាង១ម៉ឺនរៀលក្នុង១គីឡូក្រាម។ តម្លៃនេះត្រូវបានអ្នកដាំថ្នាំជក់អះអាងថា មានការកើនឡើងពី២ពាន់រៀលទៅ៣ពាន់រៀលអាស្រ័យលើគុណភាពរបស់ថ្នាំ បើធៀបនឹងឆ្នាំមុន។
អ្នកដាំថ្នាំជក់នៅឆ្នាំនេះហាក់ត្រូវប៉ាន់!
ដោយ

វៀតណាមជាទីផ្សារធំជាងគេក្នុងការស្រូបទាញថ្នាំជក់ពីកម្ពុជា ដែលមានចន្លោះពី៧០% ទៅ៨០% នៃបរិមាណលក់សរុប។ នៅឆ្នាំ២០២៥ នេះ ផ្ទៃដីដាំថ្នាំជក់នៅខេត្តត្បូងឃ្មុំ មានប្រមាណ១,៦៨៥ហិកតាមានការកើនឡើងប្រមាណ៣៣៥ហិកតា បើធៀបនឹងឆ្នាំមុន។

លោកស្រី កុច សុខម៉េង អ្នកថ្នាំជក់ប្រមាណ៣ម៉ឺនកូននៅឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មាន ខេមបូណូមីស ថា បច្ចុប្បន្នកសិករកំពុងរៀបចំប្រមូលផលថ្នាំជក់ជាបណ្ដើរៗហើយ ហើយក៏មានឈ្មួញប្រមូលទិញក្នុងតម្លៃល្អសមរម្យផងដែរ។ បើតាមការអះអាងរបស់កសិកររូបនេះទិន្នផលថ្នាំជក់នៅឆ្នាំនេះហាក់មានការកើនឡើង ហើយតម្លៃក៏មានការកើនឡើងដូចគ្នាដែរ បើធៀបនឹងឆ្នាំមុន។ កសិកររូបនេះបានបន្តថា ថ្នាំជក់នៅឆ្នាំនេះត្រូវបានឈ្មួញចុះទិញក្នុងតម្លៃចន្លោះពី១ម៉ឺន១ពាន់រៀលដល់១ម៉ឺន២ពាន់រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃមួយអាចផុ្តល់ប្រាក់ចំណេញគួរសមដល់កសិករ។ តម្លៃនេះមានការកើនឡើងពី២ពាន់រៀលទៅ៣ពាន់រៀលក្នុង១គីឡូក្រាមទៅតាមគុណភាពនៃថ្នាំជក់។

ដោយឡែកអ្នកស្រី លីម សុខេង អនុប្រធានភូមិរការខ្នុរបានឱ្យដឹងថា មកទល់ពេលនេះកសិករចាប់ផ្ដើមប្រមូលផលថ្នាំជក់ជាបន្តបន្ទាប់ និងទៅតាមលទ្ធភាពរបស់ពួកគេ ដោយសារការប្រមូលផល វាអាស្រ័យលើអាយុកាលនៃដើមថ្នាំដែលបានដាំដុះ។ បើតាមអនុប្រធានភូមិរការខ្នុររូបនេះ ទីផ្សារថ្នាំជក់នៅដើមឆ្នាំនេះមានតម្លៃល្អជាងឆ្នាំមុន ប៉ុន្តែតម្លៃអាចខុសគ្នាបន្តិចបន្តួចអាស្រ័យលើគុណភាពរបស់ថ្នាំជក់។

យោងតាមទិន្នន័យពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅឆ្នាំ២០២៥ នេះ ផ្ទៃដីដាំដុះថ្នាំជក់ក្នុងខេត្តត្បូងឃ្មុំមានប្រមាណ១,៦៨៥ហិកតា មានការកើនឡើងប្រមាណ៣៣៥ហិកតា បើធៀបនឹងឆ្នាំមុន។ ក្នុងនោះគ្រាន់តែក្នុងស្រុកក្រូចឆ្មារ មានផ្ទៃដីដាំដុះថ្នាំជក់រហូតដល់១,៤១០ហិកតា និងស្រុកត្បូងឃ្មុំមានចំនួន២៧៥ហិកតា ដោយស្មើនឹង១,៦០០គ្រួសារ។ ទីផ្សារនាំចេញថ្នាំជក់សំខានៗរបស់កម្ពុជារួមមានវៀតណាម ដោយបានស្រូបទាញថ្នាំជក់កម្ពុជាចន្លោះពី៧០%ទៅ៨០% ប្រទេសចិន ចន្លោះពី២% ទៅ៥% និងទីផ្សារក្នុងស្រុកចន្លោះពី២០% ទៅ២៥%៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ប្រធានសមាគមធនាគារនៅកម្ពុជា ចាត់ទុកការជំរុញអក្ខរកម្មហិរញ្ញវត្ថុដល់យុវជន ជាផ្នែកមួយជួយកសាងភាពធន់ដល់សេដ្ឋកិច្ច

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងសមាគមធនាគារនៅកម្ពុជា (ABC) បានបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីល…

នាយករដ្ឋមន្ត្រីថៃកោះប្រជុំបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាស្រូវអង្ករធ្លាក់ថ្លៃ ក្រោយរងសម្ពាធពីកសិករ

ការធ្លាក់ថ្លៃស្រូវអង្ករកាលពីពេលថ្មីៗកំពុងក្លាយជាបញ្ហាដ៏ក្ដៅគគុកនៅក្នុងប្រទេសថៃ ដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ គឺលោកស្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ