គិតត្រឹមថ្ងៃចន្ទ ទី២៥ កុម្ភៈ គឺឈានចូលសប្ដាហ៍៍ទីពីរហើយនៃការផ្អើលមកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនេះ។ គេឃើញសន្តិសុខខណ្ឌចំនួនពីរទៅបីនាក់មមាញឹកសម្រួលចរាចរណ៍នៅខាងមុខវិទ្សាស្ថានប៉ាស្ទ័រ ខណៈដែលមនុស្សប្រុសស្រី ទាំងក្មេងទាំងចាស់ មកពីខេត្តផ្សេងៗគ្នា ជាច្រើនបន្តចូលទទួលការចាក់ថ្នាំការពារ ដែលមានតម្លៃចន្លោះពី១០ដុល្លារទៅ១៥ដុល្លារសម្រាប់ការចាក់មួយនាក់។
បងស្រី វ៉ន សំបូរ អាយុ៤៥ឆ្នាំ ត្រូវបានឆ្មាខាំបន្ទាប់ពីគាត់បានដើរជាន់វាដោយចៃដន្យ ហើយគាត់មានការភ័យខ្លាចដល់អាយុជីវិតរបស់គាត់។ ដោយពរកូនតូចនៅក្នុងដៃ បងស្រី វ៉ន សំបូរ ដែលមានទីលំនៅនៅបឹងស្រឡាង ក្រុងភ្នំពេញ បាននិយាយដោយសំឡេងញ័រៗដូច្នេះ ថា «ឥឡូវ ខ្ញុំភ័យខ្លាំង ខ្ញុំមកចាក់ថ្នាំ។»
ប្អូនស្រី ឈន ឌីណា អាយុ២៧ឆ្នាំ មកពីស្រុកព្រៃកប្បាស់ ខេត្តតាកែវ បានជូនប្តីមកចាក់ថ្នាំការពារឆ្កែឆ្កួតបន្ទាប់បានឮតាមហ្វ៊េសប៊ុកថា វានឹងមានគ្រោះថា្នក់ដល់ជីវិតរបស់គាត់។ ប្តីរបស់នាងបានចាប់ឆ្កែដាក់ចូលពាងទឹកដើម្បីសម្លាប់ធ្វើម្ហូបហើយឆ្កែនោះក៏បានខាំដៃរបស់គាត់។ ប្អូនស្រី ឈន ឌីណា បាននិយាយដូច្នេះថា «ខ្ញុំឮគេនិយាយថា អាចមានបញ្ហាដល់អាយុជីវិតយើង អ៊ីចឹង យើងចេះតែការពារទៅព្រោះមើលក្នុងហ្វេសប៊ុក គេចេះតែបង្ហោះមក អ៊ីចឹងវាគួរឲ្យខ្លាច អ៊ីចឹងចេះតែការពារទៅ។»
បន្ទាប់ពីរង់ចាំមួយសន្ទុះមក ប្តីរបស់ ឈន ឌីណា គឺប្អូនប្រុស ឈូក សារិទ្ធ អាយុ៣២ឆ្នាំ បានចេញមកក្រៅបន្ទាប់ពីពេទ្យបានប្រាប់ឲ្យគាត់មកម្តងទៀតនៅថ្ងៃស្អែក ព្រោះថ្ងៃនេះមានមនុស្សច្រើនពេក ដែលមានចំនួនប្រហែលជា ១ពាន់នាក់ក្នុងមួយថ្ងៃទៅហើយ។ ដោយបង្ហាញដៃគាត់ដែលមានស្នាមមាត់ឆ្កែខាំ ឈូក សារិទ្ធ បាននិយាយដូច្នេះថា «ខ្ញុំខ្លាចវាធ្វើទុក្ខ ខ្ញុំខ្លាចណាស់។ ខ្ញុំឃើញជាក់ស្តែងតាមហ្វេសប៊ុកថា មានស្លាប់ដែរ។»
បងប្រុស សម សេង អាយុ៤៦ឆ្នាំ បានធ្វើដំណើរឆ្ងាយតាំងពីខេត្តត្បូងឃ្មុំ ដើម្បីឲ្យកូនរបស់គាត់អាយុ៤ឆ្នាំ បានចាក់ថ្នាំការពារបន្ទាប់ពីឆ្កែខាំពីម្សិលមិញ។ បងប្រុស សម សេង បាននិយាយដូច្នេះថា «ដូចបងដឹងស្រាប់ហើយ ឃើញបង្ហោះតាមបណ្តាញសង្គម វាខ្លាចប៉ះពាល់ដល់កូន បើឆ្កែវាបញ្ហា កូនយើងវាស្លាប់។»
វិទ្យាស្ថានប៉ាស្ទ័របានប្រកាសក្នុងសារជូនដំណឹងជាសាធារណៈថា មានចំនួនអ្នកមកវិទ្យាស្ថានប៉ាស្ទ័រដើម្បីចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតកើនឡើងយ៉ាងខ្លាំងនិងក្នុងចំណោមអ្នកមកមួយចំនួន ជាករណីមានរបួសដោយសត្វឆ្កែ ឆ្មា ខាំ ឬ ខ្វាច កន្លងមកយូរពេលហើយ ហើយសត្វនោះក៏គេដឹងច្បាស់ថា នៅរស់ធម្មតា លើសពី ១០ថ្ងៃ ក្រោយពេលបង្ករបួស។
វិទ្យាស្ថានប៉ាស្ទ័របានប្រកាសថា «ករណីបែបនេះ មានន័យថា សត្វបង្ករបួសនោះ មិនមានជំងឺឆ្កែឆ្កួត មិនចម្លងជំងឺឆ្កែឆ្កួត ទៅអ្នករងរបួសទេ និងមិនតម្រូវឲ្យចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនោះទេ»។ វិទ្យាស្ថានប៉ាស្ទ័រក៏បានសូមអធ្យាស្រ័យផងដែរ ចំពោះការរង់ចាំនិងផលលំបាកនានាពេលរង់ចាំរយៈពេលច្រើនម៉ោងដោយហេតុថា មានអ្នកមកដល់ច្រើនក្នុងពេលតែមួយ។ វិទ្យាស្ថានប៉ាស្ទ័រក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿតាមព័ត៌មានមិនពិតតាមរយៈបណ្តាញសង្គម ហើយឲ្យជឿជាក់លើការណែនាំរបស់គ្រូពេទ្យនៅវិទ្យាស្ថាន៕