មនុស្ស​ម្នា​នាំ​គ្នា​ផ្អើល​មក​ចាក់ថ្នាំ​ការពារ​ជំងឺ​ឆ្កែឆ្កួត!

ឃើញ​ការ​បំភ័យ​តាម​ហ្វ៊េសប៊ុក មនុស្ស​រាប់​ពាន់​នាក់​សម្រុក​មក​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត


បន្ទាប់​ពី​បាន​ឃើញ​ការ​បំភ័យ​តាម​ហ៊្វេកប៊ុក​អំពី​គ្រោះថា្នក់​ដល់​ជីវិត​​បង្ក​ដោយ​សត្វ​ឆ្កែ ឆ្មា ខាំ ឬ ខ្វាច មនុស្ស​រាប់​ពាន់​នាក់​បាន​សម្រុក​មក​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅទីក្រុង​ភ្នំពេញ ដែល​បង្ក​ឲ្យ​មាន​ការ​ចង្អៀត​ចរាចរណ​ផងដែរ។
ទិដ្ឋភាព​មនុស្ស​ម្នា​រង់ចាំ​នៅ​វិទ្យាស្ថានប៉ាស្ទ័រ ដើម្បី​ទទួល​ការចាក់ថ្នាំ​បង្ការ​ជំងឺឆ្កែឆ្កួត នាថ្ងៃទី២២​ កុម្ភៈ ២០១៩។
ដោយ

គិតត្រឹមថ្ងៃចន្ទ ទី២៥ កុម្ភៈ គឺ​ឈាន​ចូលសប្ដាហ៍៍ទីពីរហើយ​នៃ​ការ​ផ្អើល​មក​ចាក់​ថ្នាំ​បង្ការ​ជំងឺឆ្កែឆ្កួតនេះ។ គេ​ឃើញ​សន្តិសុខ​ខណ្ឌ​ចំនួន​ពីរ​ទៅ​បី​នាក់​មមាញឹក​សម្រួល​ចរាចរណ៍​​នៅ​ខាង​មុខ​វិទ្សាស្ថាន​ប៉ាស្ទ័រ ខណៈ​​ដែល​មនុស្ស​ប្រុស​ស្រី ទាំង​ក្មេង​ទាំង​ចាស់ មក​ពី​ខេត្ត​ផ្សេងៗ​គ្នា ជាច្រើន​បន្ត​ចូល​ទទួល​ការ​ចាក់​ថ្នាំ​ការពារ ដែល​មាន​តម្លៃ​ចន្លោះ​ពី១០​ដុល្លារ​ទៅ​១៥​ដុល្លារ​សម្រាប់​ការ​ចាក់​មួយ​នាក់។

បងស្រី វ៉ន សំបូរ អាយុ​៤៥ឆ្នាំ ត្រូវ​បាន​ឆ្មា​ខាំ​បន្ទាប់​ពី​គាត់​បាន​ដើរ​ជាន់​វា​ដោយ​ចៃដន្យ ហើយ​គាត់​មាន​ការ​ភ័យ​ខ្លាច​ដល់​អាយុ​ជីវិត​របស់​គាត់។ ដោយ​ពរ​កូន​តូច​នៅ​ក្នុង​ដៃ បងស្រី វ៉ន សំបូរ ដែល​មាន​ទីលំនៅ​នៅ​បឹង​ស្រឡាង ក្រុង​ភ្នំពេញ បាន​និយាយ​ដោយ​សំឡេង​ញ័រៗ​ដូច្នេះ​ ថា «ឥឡូវ ខ្ញុំ​ភ័យ​ខ្លាំង ខ្ញុំ​មក​ចាក់​ថ្នាំ។»

ប្អូនស្រី ឈន ឌីណា អាយុ​២៧ឆ្នាំ មក​ពីស្រុក​​ព្រៃ​កប្បាស់ ខេត្តតាកែវ បាន​ជូន​ប្តី​មក​ចាក់​ថ្នាំ​ការពារ​ឆ្កែឆ្កួត​បន្ទាប់​បាន​ឮ​តាម​ហ្វ៊េសប៊ុក​ថា វា​នឹង​មាន​គ្រោះថា្នក់​ដល់​ជីវិត​របស់​គាត់។ ប្តី​របស់​នាង​បាន​ចាប់​ឆ្កែ​ដាក់​ចូល​ពាងទឹក​ដើម្បី​សម្លាប់​ធ្វើ​ម្ហូប​ហើយ​ឆ្កែ​នោះ​ក៏​បាន​ខាំ​ដៃ​របស់​គាត់។ ប្អូន​ស្រី ឈន ឌីណា បាន​និយាយ​ដូច្នេះ​ថា «ខ្ញុំ​ឮ​គេ​និយាយ​ថា អាច​មាន​បញ្ហា​ដល់​អាយុ​ជីវិត​យើង អ៊ីចឹង​ យើង​ចេះ​តែ​ការពារ​ទៅ​ព្រោះ​មើល​ក្នុង​ហ្វេសប៊ុក គេ​ចេះ​តែ​បង្ហោះ​មក អ៊ីចឹង​វា​គួរ​ឲ្យ​ខ្លាច អ៊ីចឹង​ចេះ​តែ​ការពារ​ទៅ។»

បន្ទាប់​ពី​រង់ចាំ​មួយ​សន្ទុះ​មក ប្តី​របស់ ឈន ឌីណា គឺ​ប្អូន​ប្រុស ឈូក សារិទ្ធ អាយុ​៣២​ឆ្នាំ បាន​ចេញ​មក​ក្រៅ​បន្ទាប់​ពី​ពេទ្យ​បាន​ប្រាប់​ឲ្យ​គាត់​មក​ម្តង​ទៀត​នៅ​ថ្ងៃស្អែក ព្រោះ​ថ្ងៃនេះ​មាន​មនុស្ស​ច្រើន​ពេក ដែល​មាន​ចំនួន​ប្រហែល​ជា ១ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ទៅ​ហើយ។ ដោយ​បង្ហាញ​ដៃ​គាត់​ដែល​មាន​ស្នាម​មាត់​ឆ្កែ​ខាំ ឈូក សារិទ្ធ បាន​និយាយ​ដូច្នេះ​ថា «ខ្ញុំ​ខ្លាច​វា​ធ្វើ​ទុក្ខ ខ្ញុំ​ខ្លាច​ណាស់។ ខ្ញុំ​ឃើញ​ជាក់ស្តែង​តាម​ហ្វេសប៊ុក​ថា មាន​ស្លាប់​ដែរ។»

បងប្រុស សម សេង អាយុ​៤៦​ឆ្នាំ បាន​ធ្វើ​ដំណើរ​ឆ្ងាយ​តាំង​ពី​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ឲ្យ​​កូន​របស់​គាត់​អាយុ​៤​​​ឆ្នាំ បាន​ចាក់​ថ្នាំ​ការពារ​បន្ទាប់​ពី​ឆ្កែ​ខាំ​ពី​ម្សិល​មិញ។ បង​ប្រុស​ សម សេង បាន​និយាយ​ដូច្នេះ​ថា «ដូច​បង​ដឹង​ស្រាប់​ហើយ ឃើញ​បង្ហោះ​តាម​បណ្តាញ​សង្គម វា​ខ្លាច​ប៉ះពាល់​ដល់​កូន បើ​ឆ្កែ​វា​បញ្ហា កូន​យើង​វា​ស្លាប់។»

វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ប្រកាស​ក្នុង​សារ​ជូន​ដំណឹង​ជា​សាធារណៈ​ថា មាន​ចំនួន​អ្នក​មក​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដើម្បី​ចាក់ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​កើន​ឡើង​យ៉ាង​ខ្លាំង​និង​ក្នុង​ចំណោម​អ្នក​មក​មួយ​ចំនួន ជា​ករណី​មាន​របួស​ដោយ​សត្វ​ឆ្កែ ឆ្មា ខាំ ឬ ខ្វាច កន្លង​មក​យូរ​ពេល​ហើយ ហើយ​សត្វ​នោះ​ក៏​គេ​ដឹង​ច្បាស់​ថា នៅ​រស់​ធម្មតា លើស​ពី ១០​ថ្ងៃ ក្រោយ​ពេល​បង្ក​របួស។

វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ប្រកាស​ថា «ករណី​បែប​នេះ មាន​ន័យ​ថា សត្វ​បង្ក​របួស​នោះ មិន​មាន​ជំងឺ​ឆ្កែឆ្កួត មិន​ចម្លង​ជំងឺ​ឆ្កែឆ្កួត ទៅ​អ្នក​រង​របួស​ទេ និង​មិន​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នោះ​ទេ»។ វិទ្យាស្ថាន​ប៉ាស្ទ័រ​ក៏​បាន​សូម​អធ្យាស្រ័យ​ផង​ដែរ ចំពោះ​ការរង់ចាំ​និង​ផល​លំបាក​នានា​ពេល​រង់ចាំ​រយៈពេល​ច្រើន​ម៉ោង​ដោយ​ហេតុថា មាន​អ្នក​មក​ដល់​ច្រើន​ក្នុង​ពេល​តែ​មួយ។ វិទ្យាស្ថាន​ប៉ាស្ទ័រ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ជឿ​តាម​ព័ត៌មាន​មិនពិត​តាម​រយៈ​បណ្តាញ​សង្គម ហើយ​ឲ្យ​ជឿ​ជាក់​លើការណែនាំ​របស់​គ្រូពេទ្យ​នៅ​វិទ្យាស្ថាន៕




អត្ថបទបន្ទាប់


តំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិលេខ ៦អា ជា «មេដែក» ទាក់ទាញគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋាន

ព័ត៌មាន
បើនិយាយពីតំបន់សក្ដានុពលសម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន តំបន់ជ្រោយចង្វារត្រូវបានអ្នកជំនាញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន បានអះអាងដូចគ្នាថា គឺ…

កម្ពុជា មានឱនភាពពាណិជ្ជកម្ម ជាមួយវៀតណាមជាង ២.៧០០ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨

ព័ត៌មាន
ទំហំពាណិជ្ជកម្មកម្ពុជា វៀតណាមកាលពីឆ្នាំ២០១៨ សម្រេចបានប្រមាណ ៤.៧០០លានដុល្លារអាមេរិក កើនឡើងជិត២៣,៨ ភាគរយ ធៀបនឹងឆ្នាំ២០១៧។ ក្នុងនោះ កម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ