ប្រទេសជប៉ុន

ក្រុមហ៊ុនផលិតរថយន្ដធំៗរបស់ជប៉ុន កំពុងជួបឧបសគ្គ ខណៈមិនអាចទទួលបានការអនុគ្រោះផ្នែកពន្ធពីអាមេរិក


វិធានការចុងក្រោយបំផុតរបស់រដ្ឋការលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការជំរុញបង្កើនរថយន្តអគ្គិសនីនៅលើទឹកដីសហរដ្ឋអាមេរិកនោះកំពុងបង្កជាឧបសគ្គ ឬក៏បាត់បង់ឱកាសសម្រាប់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor និងក្រុមហ៊ុនផលិតរថយន្តជប៉ុនជាច្រើនផ្សេងទៀត ក្នុងការទទួលបានការអនុគ្រោះផ្នែកពន្ធ ដោយសារតែ ក្រុមហ៊ុនដែលត្រូវទទួលបានការអនុគ្រោះពន្ធពីរដ្ឋអាមេរិក គឺតម្រូវឱ្យដំឡើងរថយន្តអគ្គិសនីសម្រាប់ផលិតកម្មចុងក្រោយនៅអាមេរិកខាងជើង។
ក្រុមហ៊ុនផលិតរថយន្ដធំៗរបស់ជប៉ុនកំពុងជួបឧបសគ្គ

ច្បាប់ស្តីពីពន្ធ អាកាសធាតុ និងការថែទាំសុខភាពដែលសេតវិមានបានដាក់ហៅថាច្បាប់កាត់បន្ថយអតិផរណានោះបានផ្តល់អនុគ្រោះពន្ធរហូតដល់ ៧ពាន់៥រយដុល្លារសម្រាប់អ្នកទិញរថយន្តអគ្គិសនី (EV) ថ្មីរហូតដល់ឆ្នាំ២០២៣។ ចំណែករថយន្ត អគ្គិសនីជជុះ ឬប្រើហើយប្រើមួយទឹកអាចទទួលបានលើកលែងការបង់ពន្ធអតិបរមាចំនួន ៤ពាន់ដុល្លារ ហើយរថយន្តអគ្គិសនីកូនកាត់មួយចំនួនក៏អាចទទួលបានការលើកលែងពន្ធប្រហាក់ប្រហែលនេះផងដែរ។

ច្បាប់ថ្មីរបស់អាមេរិកនេះ សម្រាប់អាមេរិក គឺនឹងជំរុញឱ្យការផលិតរថយន្ដអគ្គិសនីមាននៅអាមេរិកកាន់តែច្រើន ពិសេសការប្រើប្រាស់រថយន្តអគ្គិសនីក៏នឹងមានកើនឡើងកាន់តែច្រើនដែរ ខណៈដែលអាមេរិកកំពុងបង្កើតការងារផលិតកម្មរបស់ខ្លួន និងកំពុងកាត់បន្ថយការពឹងផ្អែកលើខ្សែច្រវាក់ផ្គត់ផ្គង់របស់អាមេរិកទៅលើប្រទេសចិន។ ប៉ុន្ដែ ច្បាប់នេះ វាក៏ធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្ដបរទេសជាច្រើនផងដែរ ទាំងក្រុមហ៊ុនធំៗរបស់ជប៉ុន និងកូរ៉េខាងត្បូង។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនជាច្រើនបានព្រួយបារម្ភពីច្បាប់ថ្មីដែលសភាតំណាងរាស្ត្រអាមេរិកបានអនុម័តកាលថ្មីៗនេះ ហើយអ្វីដែលធ្វើឱ្យក្រុមហ៊ុនជប៉ុនទាំងនេះកំពុងតែព្រួយបារម្ភនោះគឺការកំណត់លក្ខខណ្ឌនៃគោលដៅក្នុងការដំឡើងរថយន្តសម្រាប់ផលិតកម្មចុងក្រោយនេះតែម្ដង។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជប៉ុនជាច្រើនកំពុងតែខំប្រឹងបង្កើនការផលិតរថយន្តអគ្គិសនីរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុនផលិតរថយន្ត Toyota និងក្រុមហ៊ុនផលិតរថយន្តជប៉ុនជាច្រើនទៀតគឺស្ទើរតែមិនបានដំឡើងរថយន្តអគ្គិសនីជាផលិតសម្រេច ឬរថយន្តកូនកាត់របស់ពួកគេនៅតំបន់ទ្វីបអាមេរិកខាងជើងនោះទេ ដែលនឹងធ្វើឱ្យពួកគេបាត់បង់ឱកាសសម្រាប់ការទទួលបានការលើកលែងពន្ធពីអាមេរិក។

ក្រៅពីច្បាប់ស្ដីពីការដំឡើងរថយន្តនៅទ្វីបអាមេរិកខាងជើងនេះហើយ ក៏នៅមានការកំណត់លក្ខខណ្ឌនៃការផលិតអាគុយសម្រាប់រថយន្តនេះផងដែរ គឺត្រូវតែផលិត ឬដំឡើងអាគុយរថយន្ដនៅទ្វីបអាមេរិកខាងជើង ដើម្បីអាចទទួលបានការអនុគ្រោះពន្ធ ៣.៧៥០ដុល្លារ។

តាមរបាយការណ៍ស្ដីពីអ្នកប្រើប្រាស់បានបង្ហាញថា បច្ចុប្បន្នមានតែក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors ក្រុមហ៊ុន Ford Motor ក្រុមហ៊ុន Volkswagen និងក្រុមហ៊ុន Nissan Motor តែប៉ុណ្ណោះដែលទំនងជាបានបំពេញតាមតម្រូវការនៃច្បាប់ថ្មីរបស់អាមេរិកនេះ ចំណែកក្រុមហ៊ុន Tesla និងក្រុមហ៊ុន Rivian ក៏កំពុងស្ថិតក្នុងបញ្ជីឈ្មោះនៃក្រុមហ៊ុនដ៏មានសក្តានុពលក្នុងការទទួលបានការអនុគ្រោះពន្ធនេះផងដែរ។

សូមបញ្ជាក់ថា ថ្មីៗនេះ ប្រទេសជប៉ុ និងកូរ៉េខាងត្បូង ក៏បានលើកឡើងពីក្ដីបារម្ភថា ច្បាប់ថ្មីរបស់អាមេរិកនេះ អាចនឹងមានការធ្វើឲ្យមានការរើសអើងចំពោះក្រុមហ៊ុនផលិតរថយន្ដនៅក្រៅទឹកដីសហរដ្ឋអាមេរិក ហើយវាក៏អាចបំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកដែរ៕




អត្ថបទបន្ទាប់


បំពង់បង្ហូរឧស្ម័នថ្មីរបស់អឺរ៉ុបអាចនឹងសាងសង់រួចរាល់ក្នុងរយៈពេល ៩ ខែខាងមុខ ដើម្បីជំនួសការផ្គត់ផ្គង់ពីរុស្ស៊ី

ព័ត៌មាន
ការតភ្ជាប់បំពង់បង្ហូរឧស្ម័នថ្មីរបស់ប្រទេសនៅអឺរ៉ុបអាចនឹងត្រូវបានសាងសង់រួចរាល់ក្នុងរយៈពេលជិតមួយឆ្នាំខាងមុខទៀតនេះ។ គម្រោងនេះ ត្រូវគេមើលឃើ…

ក្រុមហ៊ុនវិស្វកម្មជប៉ុន Taisei គ្រោងបញ្ឈប់គម្រោងសាងសង់ពង្រីកព្រលានយន្តហោះនៅស្រីលង្កា

ព័ត៌មាន
ក្រុមហ៊ុនវិស្វកម្មជប៉ុន Taisei នឹងបើកកិច្ចចរចាលើការបញ្ឈប់គម្រោងការពង្រីកអាកាសយានដ្ឋានក្នុងប្រទេសស្រីលង្កាក្នុងតម្លៃជាង៤៦០លានដុល្លារ បន្ទាប់ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ