ជម្លោះព្រំដែនកម្ពុជា-ថៃ

យោធាថៃ បង្កបញ្ហាគំរាមកំហែងលើកម្ពុជា ជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ តើវាបង្កប់នូវចេតនាអ្វីខ្លះ?


ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ នៅមួយរយៈចុងក្រោយនេះហាក់ឡើងកម្ដៅជាថ្មី បន្ទាប់ពីយោធាថៃ បានបន្តបង្ហាញកាយវិការគំរាមកំហែង និងបង្កអរិភាពមកលើកម្ពុជា ជាបន្តបន្ទាប់។ សកម្មភាពផ្គើនទាំងនោះរួមមាន ការបង្ហាញសព្វាវុធធុនធ្ងន់ ការចល័តពង្រាយកងទ័ព ការលួចរាយបន្លាលួសព័ទ្ធយកដី និង​ការលួចចុះវាស់វែងបោះបង្គោលព្រំដីខុសច្បាប់ចូលក្នុងភូមិឋានរបស់ពលរដ្ឋខ្មែរជាដើម។
ជម្លោះព្រំដែនកម្ពុជា-ថៃ
ដោយ

ជាការកត់សម្គាល់ការបង្កអរិភាពរបស់យោធាថៃនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីកម្ពុជា សម្រេចចិត្តប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្រ និងស្របពេលដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។ តើការគំរាមកំហែងគ្រប់រូបភាពរបស់ភាគីថៃនេះបានបង្កប់នូវចេតនាអ្វីខ្លះទៅ?

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានចាត់ទុកសកម្មភាពគំរាមកំហែង និងការបង្កអរិភាពរបស់យោធាថៃ នៅមួយរយៈពេលចុងក្រោយនេះ គឺធ្វើឡើងក្នុងគោលបំណងចង់ឱ្យកម្ពុជា បោះបង់ចោលដំណើរការនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ។

បើតាមការកត់សម្គាល់របស់អ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះ ភាគីថៃ កំពុងប្រើប្រាស់ឧបាយកល និងយុទ្ធសាស្រ្តទិញពេលវេលា ដើម្បីបង្កើតភាពជាក់ស្ដែងតាមរូបភាពនានានៅលើទីតាំងក្នុងដែនអធិបតេយ្យកម្ពុជា ដែលពួកគេកំពុងឈ្លានពាន និងឈរជើងដោយខុសច្បាប់ ក្នុងបំណង ដើម្បីបំភាន់ភ្នែកអន្តរជាតិ។

បើតាមលោកបណ្ឌិត គិន ភា ការបង្កអរិភាពរបស់យោធាថៃ បានបង្ហាញឱ្យឃើញពីមហិច្ឆតាក្នុងការឈ្លានពានទឹកដីរបស់កម្ពុជា បន្ថែមទៀត ដើម្បីបម្រើនយោបាយជាតិនិយមជ្រុលផ្ទៃក្នុងរបស់ពួកគេ ខណៈរដ្ឋាភិបាលថៃ មិនមានឆន្ទៈក្នុងការដោះស្រាយបញ្ហាជាមួយកម្ពុជា ដោយសន្តិវិធីនោះទេ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ធួន ស៊ីណាន អ្នកតាមដានស្ថានការសង្គម បានកត់សម្គាល់ឃើញថា ភាគីថៃ មានមហិច្ឆតាច្បាស់លាស់ណាស់ ក្នុងការលេបត្របាក់ជាតិសាសន៍ខ្មែរតាមគ្រប់រូបភាពទាំងអស់ ដែលពួកគេអាចធ្វើទៅបាន។ ជាមួយគ្នានេះ អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ ចាត់ទុកសកម្មភាពរបស់ភាគីថៃនាពេលសព្វថ្ងៃនេះធ្វើឡើងក្នុងគោលបំណងឱ្យកម្ពុជាផ្ទុះកំហឹង ដើម្បីបញ្ឆេះភ្លើងសង្រ្គាមម្ដងទៀត។

បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ការបង្កអរិភាពរបស់យោធាថៃ ជាបន្តបន្ទាប់មកនេះ ក៏បានធ្វើឡើងដើម្បីផ្គាប់ចិត្តក្រុមជាតិនិយមជ្រុល និងនយោបាយផ្ទៃក្នុងរបស់ពួកគេដែរ។ ស្ថិតក្នុងស្ថានភាពនេះលោក ធួន ស៊ីណាន ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវបង្កើនការខិតខំប្រឹងប្រែងកសាងសេដ្ឋកិច្ច និង ការពារជាតិឱ្យបានខ្លាំងបន្ថែមទៀត។

គួររំលឹកថា ក្រសួងការបរទេសកម្ពុជា បានចេញមុខតវ៉ា និងផ្ញើលិខិតបដិសេធប្រឆាំងយ៉ាងដាច់អហង្ការចំពោះរាល់ទង្វើបំពានសព្វាវុធ និងការរំកិលរបងបន្លាលួសចូលទឹកដីខ្មែរដោយខុសច្បាប់ពីសំណាក់យោធាថៃ។ កម្ពុជា បានចាត់ទុកសកម្មភាពទាំងនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដី ហើយកម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាត ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍ច្បាប់អន្តរជាតិថា ខ្សែបន្ទាត់ព្រំដែននៃរដ្ឋទាំងពីរមិនអាចកែប្រែ ឬផ្លាស់ប្តូរបានឡើយដោយការប្រើប្រាស់កម្លាំងយោធា៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត រំពឹងថា ក្រមពាណិជ្ជកម្មថ្មី នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការកសាងបូរណភាពប្រព័ន្ធច្បាប់ និង នីតិរដ្ឋនៅកម្ពុជា

កម្ពុជា កំពុងបោះជំហានយុទ្ធសាស្ត្រថ្មីមួយទៀតក្នុងក្របខ័ណ្ឌ នៃការកែទម្រង់ច្បាប់ ដើម្បីឆ្លើយតបនឹងការវិវត្តដ៏សាំញ៉ាំនៃសេដ្ឋកិច្ចសកល។ ឯកឧត្តម វង្ស…

ក្រុមអ្នកជំនាញព្រួយបារម្ភយ៉ាងខ្លាំងរឿងសុវត្ថិភាពចំណីអាហារនៅលើទីផ្សារ និងស្នើឱ្យអាជ្ញាធរបង្កើនការត្រួតពិនិត្យឱ្យបានហ្មត់ចត់

សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋកំពុងរងការគំរាមកំហែងក្រោយអាជ្ញាធរបង្ក្រាបការលក់បន្លំទំនិញជាបន្តបន្ទាប់ ដែលធ្វើឱ្យមហាជនមានការខ្លាចរអា និងភ័យខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ