ប្រព័ន្ធច្បាប់

ឯកឧត្តម វង្សី វិស្សុត រំពឹងថា ក្រមពាណិជ្ជកម្មថ្មី នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការកសាងបូរណភាពប្រព័ន្ធច្បាប់ និង នីតិរដ្ឋនៅកម្ពុជា


កម្ពុជា កំពុងបោះជំហានយុទ្ធសាស្ត្រថ្មីមួយទៀតក្នុងក្របខ័ណ្ឌ នៃការកែទម្រង់ច្បាប់ ដើម្បីឆ្លើយតបនឹងការវិវត្តដ៏សាំញ៉ាំនៃសេដ្ឋកិច្ចសកល។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានគូសបញ្ជាក់ថា ការគិតគូររៀបចំចងក្រងក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា គឺជាចំណែកដ៏សំខាន់មិនអាចខ្វះបានក្នុងការកសាងបូរណភាព នៃប្រព័ន្ធច្បាប់ និងការលើកកម្ពស់នីតិរដ្ឋ។
ប្រព័ន្ធច្បាប់
ដោយ

ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា នាពេលថ្មីៗនេះ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរទម្រង់ពាណិជ្ជកម្មយ៉ាងលឿនរហ័សបំផុត ដោយបានវិវត្តពីបែបប្រពៃណីទៅជាឌីជីថលូបនីយកម្ម និងនិន្នាការពាណិជ្ជកម្មបៃតង។ ភាពប្រែប្រួលនៃទំនាក់ទំនងពាណិជ្ជកម្មសកលទាំងក្នុងក្របខណ្ឌពហុភាគី តំបន់ និងទ្វេភាគីបានបង្កើតឡើងនូវវិធាន និងគោលការណ៍ចម្រុះដ៏ស្មុគស្មាញ ដែលកម្ពុជា ពិតជាទទួលរងផលប៉ះពាល់ដោយផ្ទាល់ និងមិនអាចគេចវេះបានឡើយ។

ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា វិស័យពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា បច្ចុប្បន្នកំពុងតែជួបប្រទះនូវរបាំង និងប្រឈមមុខនឹងបញ្ហាគតិយុត្តមួយចំនួនដូចជាភាពមិនស៊ីសង្វាក់គ្នារវាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់, នីតិវិធីស្មុគស្មាញពេកក្នុងការចុះបញ្ជី ការស្នើសុំលិខិតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗ និងភាពមិនច្បាស់លាស់នៃដែនសមត្ថកិច្ចរវាងស្ថាប័នគ្រប់គ្រង រួមទាំងអត្ថិភាពនៃច្បាប់ខ្លះដែលហួសសម័យកាល។ បន្ថែមលើនេះ ការធ្វើឌីជីថលូបនីយកម្មនៃសេវាសាធារណៈមួយចំនួននៅខ្វះវិធានគតិយុត្តគ្រប់គ្រងច្បាស់លាស់ និងពិបាកស្វែងរក និងកម្រិតនៃទំនុកចិត្តលើប្រព័ន្ធតុលាការ និងយន្តការដោះស្រាយវិវាទពាណិជ្ជកម្មនៅមានកម្រិត ក៏ជារបាំងសម្រាប់កម្ពុជាផងដែរ។

សម្រាប់ឯកឧត្តម វង្សី វិស្សុត បញ្ហាប្រឈមទាំងអស់នេះហើយ គឺជារបាំងដ៏ធំ ដែលរារាំងដល់ប្រសិទ្ធភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។ ហេតុនេះទើបក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តម បានដាក់ចេញនូវគោលគំនិតក្នុងការរៀបចំក្រមពាណិជ្ជកម្មនេះឡើង ដោយចាត់ទុកជាកិច្ចការស្នូលដ៏សំខាន់ ស្ថិតក្នុងចំណោមយុទ្ធសាស្ត្រគន្លឹះទាំង៤ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។

លើសពីនេះ ក្រមពាណិជ្ជកម្មនេះ គឺជាយុទ្ធសាស្ត្រប្រមូលផ្តុំ និងដាក់បញ្ចូលនូវរាល់វិធានចាំបាច់ទាំងឡាយ ដែលគ្រប់គ្រងវិស័យពាណិជ្ជកម្មឱ្យមកស្ថិតនៅក្រោមក្រមតែមួយនឹងផ្តល់សារប្រយោជន៍មហាសាល។ ជាពិសេស វានឹងជួយបង្កើតឱ្យមានលំហប្រកួតប្រជែងស្មើភាព និងយុត្តិធម៌សម្រាប់គ្រប់តួអង្គសេដ្ឋកិច្ច ធុរកិច្ច និងពាណិជ្ជកម្មទាំងអស់ ដែលនេះគឺជាស្នូលដ៏រឹងមាំមិនអាចខ្វះបាន ក្នុងយន្តការសេដ្ឋកិច្ចទីផ្សារសេរី និងជាទិដ្ឋភាពយុទ្ធសាស្ត្រដ៏មានឥទ្ធិពល ក្នុងការរុញច្រាននាវារបស់សេដ្ឋកិច្ចជាតិឱ្យកាន់តែលូតលាស់ប្រកបដោយចីរភាពទៅថ្ងៃអនាគត៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ

(រាជធានីភ្នំពេញ)៖ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី…

យោធាថៃ បង្កបញ្ហាគំរាមកំហែងលើកម្ពុជា ជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ តើវាបង្កប់នូវចេតនាអ្វីខ្លះ?

ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ នៅមួយរយៈចុងក្រោយនេះហាក់ឡើងកម្ដៅជាថ្មី បន្ទាប់ពីយោធាថៃ បានបន្តបង្ហាញកាយវិការគំរាមកំហែង និងបង្កអរិភាពមកលើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ