យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ក្រុមហ៊ុនផលិតគ្រាប់ពេជ្រកែច្នៃក្នុងមន្ទីរពិសោធន៍របស់ចិន កំពុងទទួលបានផលចំណេញយ៉ាងមហាសាល ដោយសារតែការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់សកល ដែលបានងាកចេញពីត្បូងពេជ្រធម្មជាតិ កាន់តែច្រើនឡើងៗ។ ការធ្លាក់ចុះនៃតម្រូវការពេជ្រធម្មជាតិយ៉ាងគំហុកនេះ បានបង្ខំឱ្យក្រុមហ៊ុនរុករករ៉ែពេជ្រលំដាប់ពិភពលោក De Beers សម្រេចចិត្តផ្អាកដំណើរការជាបណ្តោះអាសន្ននូវអណ្តូងរ៉ែ Venetia ដែលជាអណ្តូងរ៉ែពេជ្រធំបំផុតរបស់ខ្លួននៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងរយៈពេល២ឆ្នាំ ដើម្បីកាត់បន្ថយការចំណាយ។ ក្រុមហ៊ុននេះបានទទួលស្គាល់ថា ខ្លួនកំពុងប្រឈមមុខនឹងស្ថានភាពទីផ្សារដ៏លំបាក និងអូសបន្លាយពេលយូរ ស្របពេលដែលឧស្សាហកម្មគ្រឿងអលង្ការពិភពលោកកំពុងវិវត្តទៅរករបត់ថ្មី។
យោងតាមរបាយការណ៍ ដែលបានចេញផ្សាយនៅក្នុងវេទិកាឧស្សាហកម្មពេជ្រនៅប្រទេសចិន បានបង្ហាញថា ទីផ្សារពេជ្រកែច្នៃសកលបច្ចុប្បន្នមានតម្លៃរហូតដល់ទៅប្រមាណ១២៧ពាន់លានយន់ ឬជាង១៨ពាន់លានដុល្លារអាម៉េរិក ដោយក្នុងនោះសហរដ្ឋអាម៉េរិក គឺជាទីផ្សារដែលមានតម្រូវការខ្លាំងជាងគេបង្អស់។ របាយការណ៍ដដែលបានប៉ាន់ប្រមាណថា ប្រទេសចិន កំពុងតែក្តោបក្តាប់ទីផ្សារ ដែលកំពុងរីកចម្រើនយ៉ាងគំហុកមួយនេះដោយនៅត្រឹមឆ្នាំ២០៣០ ខាងមុខ ចិននឹងក្លាយជាអ្នកផលិត ដែលផ្គត់ផ្គង់ជិត២ភាគ៣ នៃទិន្នផលពេជ្រកែច្នៃសរុបនៅលើពិភពលោក៕