
លោកស្រីនាយករដ្ឋមន្ត្រីថៃបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៅរសៀលថ្ងៃច័ន្ទ ទី១៦ ខែមិថុនា នេះ ដើម្បីពិភាក្សាអំពីលទ្ធផល នៃកិច្ចប្រជុំរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ រយៈពេល២ថ្ងៃជាប់គ្នានៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។
នាយករដ្ឋមន្ត្រីថៃលោកស្រី ផៃថងថាន ស៊ីណាវ៉ាត់ត្រា បានចាត់ទុកកិច្ចប្រជុំរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ថាជាជោគជ័យមួយ ដោយលោកស្រីបានធ្វើការកត់សម្គាល់ថា ភាគីទាំងពីរបានឯកភាពលើក្របខណ្ឌនៃការពិភាក្សា។ លោកស្រីបានសង្កត់ធ្ងន់ថា ការកោះប្រជុំបន្ទាន់រយៈពេល២ម៉ោងនៅរសៀលថ្ងៃនេះ ត្រូវបានធ្វើឡើងនៅគ្រប់កម្រិតរាប់ចាប់តាំងពីអង្គភាពប្រតិបត្តិការរហូតដល់ថ្នាក់នាយករដ្ឋមន្ត្រី ហើយក្រុមការងារថ្មីមួយរបស់ថៃ ត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ គឺលោកឧត្តមសេនីយ៍ ណាតាពុល ណាកប៉ានីត (Nattapol Nakpanit)។
ទន្ទឹមនឹងនេះលោកស្រី ផៃថងថាន ស៊ីណាវ៉ាត់ត្រា បានពន្យល់ថា ក្រុមការងារថ្មីនេះត្រូវបានប្រគល់ភារកិច្ចឱ្យកំណត់ក្របខណ្ឌមួយសម្រាប់របៀបដែលប្រទេសថៃ នឹងប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ ត្រៀមរៀបចំការការពារ និងឆ្លើយតបទៅនឹងស្ថានការណ៍វិវត្តនាពេលខាងមុខ។ បន្ថែមលើនេះលោកស្រីបានបញ្ជាក់ជាថ្មីថា ប្រទេសថៃមិនទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះឡើយ ដោយអះអាងថា រដ្ឋាភិបាលថៃបានសិក្សាផ្នែកច្បាប់ និងប្រវត្តិសាស្ត្រដែលពាក់ព័ន្ធយ៉ាងហ្មត់ចត់រួចរាល់ហើយ។
ឆ្លើយតបនឹងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានព្រមានបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ប្រសិនបើភាគីថៃមិនបើកច្រកទ្វារព្រំដែនឱ្យដូចដើមវិញនៅថ្ងៃនេះ លោកស្រី ផៃថងថាន បានលើកឡើងថា ព្រំដែនមិនដែលត្រូវបានបិទជាផ្លូវការទេ ពោលគឺគ្រាន់តែផ្លាស់ប្ដូរម៉ោងបិទបើកតែប៉ុណ្ណោះ ដោយសារតែការប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ៕
ដោយ: តែម សុខុម