លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា
វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧។ លោកទទួលសញ្ញាបត្រវេជ្ជបណ្ឌិតនៅឆ្នាំ១៩៧៣ ជាមួយនឹងឯកទេសព្យាបាលកុមារ នៅមន្ទីរពេទ្យកុមារ នៅទីក្រុងហ្ស៊ុយរិច ប្រទេសស្វ៊ីស។
ឆ្នាំ១៩៧៤/៧៥ កាកបាទក្រហមស្វ៊ីស បានបញ្ជូនគាត់មកធ្វើការនៅមន្ទីរពេទ្យ គន្ធបុប្ផា នៅរាជធានីភ្នំពេញ។ ប៉ុន្តែ របបខ្មែរក្រហម បានធ្វើឲ្យគាត់បង្ខំចិត្តត្រឡប់ទៅប្រទេសស្វ៊ីសវិញ នៅឆ្នាំ១៩៧៥។
ឆ្នាំ១៩៩២ លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយបានកសាងឡើងវិញ និងពង្រីកគន្ធបុប្ផា ចាប់តាំងពីពេលនោះមក។ ចាប់តាំងពីឆ្នាំ១៩៩២មក លោក បេអាត រីច្ឆន័រ បានបង្កើតនិងដំណើរការមន្ទីរពេទ្យចំនួន ០៥ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
នៅរាជធានីភ្នំពេញ មន្ទីរពេទ្យ គន្ធបុប្ផា មានចំនួន ៤ គឺ គន្ធបុប្ផា ១ កសាងនៅឆ្នាំ១៩៩២, គន្ធបុប្ផា ២ កសាងនៅឆ្នាំ១៩៩៦, គន្ធបុប្ផា ៣ កសាងនៅឆ្នាំ២០០៥ និង គន្ធបុប្ផា ៤ កសាងនៅឆ្នាំ២០០៧។ នៅខេត្តសៀមរាប លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ បានកសាងនិងដំណើរការមន្ទីរពេទ្យមួយ ឈ្មោះ មន្ទីរពេទ្យ ជយវរ្ម័ន ទី៧ ដែលមន្ទីរពេទ្យកសាងនៅឆ្នាំ១៩៩៩។
ក្នុងរយៈពេលជាង ២៤ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យ ជយវរ្ម័ន ទី៧ បានផ្ដល់ការព្យាបាលមិនសម្រាកដល់អ្នកជំងឺ ១៤.៨៣៧.១៥៥នាក់ អ្នកជំងឺសម្រាកព្យាបាលបាន ១.៥១៦.៤៧១នាក់ ពិនិត្យផ្ទៃពោះបាន ១.៣៩០.៣២៣នាក់ និងសម្រាលកូនបាន ១៩២.៨៩៧នាក់។
អ្នកនាង អ៊ែនជែលីណា ចូលី (Angelina Jolie) តារាភាពយន្តហូលីវូដ
អ្នកនាង អ៊ែនជែលីណា ចូលី ដំបូងឡើយ ត្រូវបានខ្មែរមួយចំនួនស្គាល់ដោយសារនាងសម្ដែងនៅក្នុងរឿងកុនហូលីវូដមួយ គឺរឿង Tomb Raider ដែលមានឈុតខ្លះថតនៅប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា កាលអំឡុងដើមទសវត្ស២០០០។
តាំងពីពេលនោះមក តារាភាពយន្តហូលីវូដដ៏ល្បីល្បាញនេះហាក់បានជាប់ជំពាក់ចិត្តជាមួយប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។
ឆ្នាំ២០០២ អ្នកនាង អ៊ែនជែលីណា បានសុំកូនខ្មែរមួយរូបចិញ្ចឹម ដោយដាក់ឈ្មោះថា Madox។ តាំងពីពេលនោះមក អ្នកនាងឧស្សាហ៍អញ្ជើញមកប្រទេសកម្ពុជា ដោយបានទិញដីសម្រាប់អភិរក្សព្រៃឈើនៅស្រុកសំឡូត ខេត្តបាត់ដំបង ផងដែរ។ អ្នកនាងត្រូវបានរដ្ឋាភិបាលកម្ពុជាផ្ដល់សញ្ជាតិកម្ពុជាឲ្យ ជាកិច្ចតបស្នងចំពោះគុណបំណាច់របស់អ្នកនាង។
នៅដើមឆ្នាំ២០១៦ អ្នកនាង អ៊ែនជែលីណា បានដឹកនាំថតខ្សែភាពយន្តទាក់ទងនឹងរឿងរ៉ាវសម័យខ្មែរក្រហម ដែលមានចំណងជើងថា «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ឬ "First, They Killed My Father" នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា។ ហើយកូនប្រុសនាង ឈ្មោះ ម៉ាដុក ដែលមានកំណើតខ្មែរ ក៏ចូលរួមជួយនៅក្នុងផលិតកម្មនេះដែរ។
ក្រៅពីមានអារម្មណ៍ផ្សារភ្ជាប់ជាមួយខ្មែរ យកកូនខ្មែរទៅចិញ្ចឹមធ្វើកូន ជួយដល់ការអភិរក្សព្រៃឈើនៅកម្ពុជា និងថតកុនទាក់ទងនឹងខ្មែរ អ្នកនាង អ៊ែនជែលីណា ចូលី បានជួយធ្វើឲ្យប្រទេសកម្ពុជាត្រូវពិភពលោកស្គាល់កាន់តែច្បាស់ថែមទៀត ពីព្រោះរៀងរាល់ពេលដែលអ្នកនាងធ្វើដំណើរមកកម្ពុជា ឬធ្វើអ្វីមួយទាក់ទងនឹងកម្ពុជា សារព័ត៌មានទូទាំងពិភពលោកចុះផ្សាយរឿងរបស់អ្នកនាង ដោយភ្ជាប់ជាមួយនឹងប្រទេសកម្ពុជា។
លោក ស្កុត នីសុន (Scott Neeson) អតីតប្រធានផ្នែកទីផ្សារនៅហូលីវូដ
លោក ស្កុត នីសុន មានអាជីពការងារក្នុងវិស័យផលិតកុននៅហូលីវូដ ដ៏ល្បីល្បាញរបស់ពិភពលោក រយៈពេល ២៦ឆ្នាំ មានប្រាក់ខែច្រើនចាយមិនអស់ មានផ្ទះធំ មានឡានទំនើប និងមានទូកកម្សាន្ត។
ប៉ុន្តែ នៅក្នុងអំឡុងដើមទសវត្សឆ្នាំ២០០០ លោក ស្កុត បានមកទស្សនកិច្ចកម្ពុជា។ នៅគ្រានោះ គាត់បានជួបកុមារដើររើសសំរាមនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ពេលនោះហើយដែលបានធ្វើឲ្យជីវិតគាត់ប្រែប្រួល។
លោក ស្កុត បានលាលែងពីការងារប្រាក់ខែច្រើន ជីវិតរស់នៅស្រណុកសុខស្រួល មករស់នៅរាជធានីភ្នំពេញ បើកមូលនិធិ និងអង្គការ ជួយកុមាររើសសំរាមនៅស្ទឹងមានជ័យ ឲ្យមានការអប់រំ និងជួយគ្រួសារពួកគេឲ្យមានជីវភាពសមរម្យ។
ថ្មីៗនេះ លោក ស្កុត នីសុន បានកសាងសាលារៀនធំមួយ នៅសហគមន៍ស្ទឹងមានជ័យ ផ្ដល់ការអប់រំដល់កុមារកាន់តែច្រើននាក់។
យើងមិនអាចរៀបរាប់អស់សេចក្ដីសមល្មមនឹងអ្វីដែលពួកគាត់ទាំងបីរូបខាងលើ បានជួយដល់ពលរដ្ឋខ្មែរ និងសង្គមខ្មែរ។ យើងគ្រាន់តែសង្ឃឹមថា រឿងរ៉ាវរបស់ពួកគាត់នឹងជំរុញទឹកចិត្តដល់ប្រជាជនខ្មែរ ជាពិសេស សេដ្ឋីនៅកម្ពុជាជួយដល់ពលរដ្ឋខ្មែរជាជនរួមជាតិរបស់ខ្លួនឲ្យបានកាន់តែច្រើនថែមទៀត៕