វិស័យអចលនទ្រព្យ

កត្តាធំៗ៣នឹងធ្វើឱ្យទីផ្សារអចលនទ្រព្យរបស់ថៃ បន្តដាំក្បាលចុះពី២ទៅ៣ឆ្នាំបន្ថែមទៀត


ស័យអចលនទ្រព្យនៅប្រទេសថៃ ដែលកំពុងធ្លាក់ចុះស្រាប់ហើយនោះ ត្រូវបានគេព្យាករថា អាចនឹងបន្តដាំក្បាលចុះពី២ទៅ៣ឆ្នាំបន្ថែមទៀត ដែលវានឹងដាក់បន្ទុកកាន់តែធ្ងន់ដល់ការអភិវឌ្ឍ និងអ្នករកស៊ីពាក់ព័ន្ធនៅក្នុងវិស័យនេះ។ អ្នកជំនាញបានបង្ហាញពីកត្តាប្រឈមធំៗចំនួន៣ ដែលជាមូលហេតុចម្បងធ្វើឱ្យការធ្លាក់ចុះទីផ្សារអចលនទ្រព្យរបស់ប្រទេសក្បែរខាងកម្ពុជា បន្តអូសបន្លាយ។ ទីផ្សារទិញលក់អចលនទ្រព្យនៅប្រទេសថៃ ក្នុងឆ្នាំ២០២៥ ត្រូវបានគេព្យាករថា នឹងធ្លាក់ចុះ៦% បន្ទាប់ពីបានធ្លាក់ចុះដល់១៥% នៅឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
វិស័យអចលនទ្រព្យ
ដោយ

ក្រោយប្រទេសថៃ រងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ បានជំរុញឱ្យក្រុមហ៊ុនហិរញ្ញវត្ថុ និងអចលនទ្រព្យដ៏ធំមួយរបស់ថៃ Kiatnakin Phatra Financial Group បានព្យាករដ៏គួរឱ្យភ្ញាក់ផ្អើលថា ទីផ្សារអចលនទ្រព្យនៅប្រទេសថៃ ដែលកំពុងធ្លាក់ចុះស្រាប់ នឹងបន្តដាំក្បាលចុះពី២ទៅ៣ឆ្នាំបន្ថែមទៀត។ ក្រៅពីបញ្ហាគ្រោះធម្មជាតិ ហេតុផលសំខាន់ៗដែលនឹងទាញទម្លាក់វិស័យអចលនទ្រព្យរបស់ថៃ គឺការកើនឡើងបំណុលគ្រួសារដ៏គួរឱ្យព្រួយបារម្ភ និងការរឹតបន្តឹងការផ្តល់ឥណទានសម្រាប់វិស័យនេះ។

លោក វីសារុត ផានយ៉ាភិនយូភុន (Vissarut Panyapinyopon) ប្រធានផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងអចលនទ្រព្យនៅក្រុមហ៊ុនខាងលើបានអះអាងថា សម័យកាលនៃការវិនិយោគគម្រោងអចលនទ្រព្យធំៗនៅថៃ ហាក់កំពុងបញ្ចប់ហើយនៅពេលនេះ រីឯអត្រាការរស់រានមានជីវិតនៃគម្រោងអចលនទ្រព្យ ដែលមានស្រាប់ ក៏កំពុងអាស្រ័យលើការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ ការកំណត់គោលដៅជាក់លាក់ និងការកំណត់ទីផ្សារ។

ក្រុមហ៊ុនហិរញ្ញវត្ថុខាងលើបានព្យាករថា ទីផ្សារទិញលក់អចលនទ្រព្យទូទាំងប្រទេសថៃនឹងធ្លាក់ចុះ៦% នៅឆ្នាំ ២០២៥ បន្ទាប់ពីបានធ្លាក់ចុះរហូតដល់១៥% កាលពីឆ្នាំ២០២៣។ អ្វីដែលគួរឱ្យកត់សម្គាល់ ការទិញលក់រហូតដល់៥៦% មិនមែនជាគម្រោងវិនិយោគថ្មីនោះទេ តែវាជាការទិញលក់ក្នុងគម្រោងលំនៅឋាន ដែលប្រើប្រាស់រួច។

មកដល់ពេលនេះ ទំហំប្រតិបត្តិការសេវាកម្មផ្សេងៗពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យរបស់ថៃបាន​ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ជាពិសេសនៅទីក្រុងបាងកក និងតំបន់នៅជុំវិញនោះ។ បើយោងតាមស្ថិតិរបស់ក្រុមហ៊ុនខាងលើ ទំហំប្រតិបត្តិការផ្ទេរអចលនទ្រព្យនៅទីក្រុងបាងកក និងនៅតំបន់ជុំវិញបានធ្លាក់ចុះរហូតដល់១៥% ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះគម្រោងអចលនទ្រព្យសាងសង់ថ្មីនៅទីក្រុងបាងកក បានធ្លាក់ចុះប្រមាណ២០% និងការលក់ខុនដូធ្លាក់ចុះ២៨% នៅក្នុងរយៈពេលដូចគ្នានេះ។

ការធ្លាក់ចុះនេះ បានឆ្លុះបញ្ចាំងឱ្យឃើញមិនត្រឹមតែការរឹតបន្តឹងលើលទ្ធភាពទិញ និងការងើបឡើងវិញយឺត នៃតម្រូវការទិញពីបរទេសប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការធ្លាក់ចុះចំនួនអ្នកចង់រស់នៅកណ្តាលទីក្រុងបាងកក ផងដែរ។ បញ្ហាគ្រោះធម្មជាតិ ដ៏មហន្តរាយដូចជាគ្រោះរញ្ជួយដី និងទឹកជំនន់ដែលបានកើតឡើងថ្មីៗនេះ បានក្លាយជាមូលហេតុចម្បង ដែលធ្វើឱ្យវិនិយោគិនបាត់បង់ទំនុកចិត្តក្នុងការវិនិយោគ និងរស់នៅនៅទីក្រុងនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហេតុអ្វីអាម៉េរិក ដែលជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា មិនសូវមកបោះទុនវិនិយោគនៅកម្ពុជា?

សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតលើពិភពលោកបានគ្រងតំណែងជាទីផ្សារនាំចេញធំជាងគេបំផុតរបស់កម្ពុជា អស់រយៈពេលជាច្រើនមកហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ