ក្រុមហ៊ុន PetroVietnam

ក្រុមហ៊ុន PetroVietnam គ្រោងនឹងបោះទុនវិនិយោគជិត ១៩ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងក្នុងស្រុក


ក្រុមហ៊ុន PetroVietnam Power ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Vietnam Oil and Gas Group ដែលគ្រប់គ្រងដោយរដ្ឋវៀតណាម បានប្រកាសពីផែនការសាងសង់រោងចក្រចម្រាញ់ប្រេង និង គីមីឥន្ធនៈនៅក្នុងប្រទេស ខណៈការវិនិយោគសរុបត្រូវបានគេរំពឹងថា នឹងចំណាយទឹកប្រាក់ប្រហែល ១៨,៥ ពាន់លានដុល្លារ។ គម្រោងនេះ នឹងក្លាយជារោងចក្រចម្រាញ់ប្រេងទី៣ហើយ របស់វៀតណាម ដោយវាមានសមត្ថភាពអាចនឹងចម្រាញ់ប្រេងឆៅបានដល់ទៅ ២៦លានតោនឯណោះក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុនNikkei។
ក្រុមហ៊ុន PetroVietnam គ្រោងនឹងបោះទុនវិនិយោគជិត ១៩ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងក្នុងស្រុក

ក្រុមហ៊ុន PetroVietnam បានជូនដំណឹងដល់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អំពីផែនការសាងសង់រោងចក្រចម្រាញ់ប្រេងថ្មីរបស់ខ្លួនរួចហើយ ខណៈប្រសិនបើផែនការនេះសម្រេចបានវានឹងក្លាយជារោងចក្រចម្រាញ់ប្រេងដ៏ធំទីបីនៅក្នុងប្រទេសវៀតណាម។ រោងចក្រចម្រាញ់ប្រេងនេះគ្រោងនឹងសាងសង់នៅក្នុងខេត្ត Ba Ria-Vung Tau ភាគខាងត្បូងនៃប្រទេសវៀតណាម ដោយនៅពេលដែលគម្រោងនេះសាងសង់រួចរាល់ វាត្រូវបានគេមើលឃើញថា នឹងអាចចម្រាញ់ប្រេងឆៅពី ២៤ លានតោន ទៅ ២៦ លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ រយៈពេលសាងសង់ត្រូវបានបែងចែកជាពីរដំណាក់កាល ខណៈការវិនិយោគសម្រាប់ដំណាក់កាលទី ១ ត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់រហូតដល់ ១៣,៥ ពាន់លានដុល្លារ និង ដំណាក់កាលទី ២ ចំណាយ ៥ ពាន់លានដុល្លារ។ ក្នុងនោះ ក្រុមហ៊ុននេះក៏នឹងសាងសង់កន្លែងសម្រាប់ស្តុកផលិតផលប្រេងផងដែរ។

ក្រុមហ៊ុន PetroVietnam បានគូសបញ្ចាក់ថា ប្រេងឆៅ និង ធនធានផ្សេងទៀតដែលត្រូវការសម្រាប់ផ្គត់ផ្គង់រោងចក្រចម្រាញ់ប្រេងនឹងត្រូវបានប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ខណៈការខ្វះខាតណាមួយនឹងត្រូវបាននាំចូលពីមជ្ឈិមបូព៌ា និង សហរដ្ឋអាមេរិក។ ទោះយ៉ាងណា ពេលវេលានៃការប្រតិបត្តិការមិនត្រូវបានក្រុមហ៊ុនម្ចាស់គម្រោងប្រាប់ឱ្យដឹងនោះទេ។

គួរបញ្ចាក់ថា បច្ចុប្បន្ននេះ វៀតណាមមានរោងចក្រចម្រាញ់ប្រេងចំនួន២រួចហើយ គឺ រោងចក្រចម្រាញ់ Nghi Son នៅភាគខាងជើងក្នុងខេត្ត Thanh Hoa ដំណើរការដោយក្រុមហ៊ុនលក់ដុំប្រេងជប៉ុន Idemitsu Kosan និង រោងចក្រចម្រាញ់ Dung Quat នៅខេត្ត Quang Ngai ភាគកណ្តាល ដែលដំណើរការដោយ PetroVietnam។ ប៉ុន្តែប្រទេសនេះ មិនមានរោងចក្រចម្រាញ់ប្រេងទេនៅភាគខាងត្បូង ខណៈទីនោះ គឺមានទីក្រុងហូជីមិញ ដែលជាទីក្រុងធំបំផុតរបស់ខ្លួនដែលមានប្រហែល ៤៥% នៃតម្រូវការក្នុងស្រុកសរុបសម្រាប់ផលិតផលប្រេង និង គីមីឥន្ធនៈ។

ក្រុមហ៊ុន PetroVietnam និយាយថា ផែនការរបស់ខ្លួនក្នុងការសាងសង់រោងចក្រចម្រាញ់ប្រេង និងកន្លែងផ្សេងទៀតនៅភាគខាងត្បូងគឺសមហេតុផល និង ស្របតាមតម្រូវការនៃទីផ្សារក្នុងប្រទេស។ យ៉ាងណាមិញ ជាមួយរោងចក្រចម្រាញ់ប្រេងទាំងពីររបស់វៀតណាមនាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពអាចផ្គត់ផ្គង់ប្រេងសាំងសម្រាប់ប្រើប្រាស់ក្នុងស្រុកដល់ទៅ ៧០% ឯណោះ។ ទោះយ៉ាងណា នៅតែមានក្តីបារម្ភត្រូវបានលើកឡើងជុំវិញតម្រូវការប្រេងសាំងអាចនឹងមានតិចជាងចំនួន ដែលផលិតបានច្រើនលើសលុប ដែលអាចធ្វើឲ្យទីផ្សារនៅទ្រឹង ដោយសារមានបទប្បញ្ញត្តិទាក់ទងនឹងបរិស្ថានកាន់តែតឹងរ៉ឹង ហើយការប្រើប្រាស់រថយន្តអគ្គិសនីមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលកត្តាទាំងនេះ អាចនឹងនាំឱ្យការផ្គត់ផ្គង់សាំងលើសតម្រូវការ។ មួយវិញទត បង្កើនមូលនិធិដ៏ច្រើននេះក៏ទំនងជាបញ្ហាផងដែរ នៅក្នុងការផលិតផ្គត់ផ្គង់ប្រេងនេះ៕




អត្ថបទបន្ទាប់


ចិននឹងបញ្ចេញលក់បណ្ណបំណុលចំនួនជិត ២៣០ ពាន់លានដុល្លារ ខណៈចំណូលសារពើពន្ធធ្លាក់ចុះ

ព័ត៌មាន
រដ្ឋាភិបាលមូលដ្ឋាននៅប្រទេសចិនត្រូវគេជឿថា ទំនងជានឹងបញ្ចេញលក់បណ្ណបំណុលបន្ថែមជិត២៣០ ពាន់លានដុល្លារអាមេរិកនៅក្នុងប៉ុន្មានខែខាងមុខនេះ ដើម្បី…

តម្លៃដែកពិភពលោកធ្លាក់ចុះ ចំពេលតម្រូវការនៅប្រទេសធំៗកំពុងខ្សត់ខ្សោយ

ព័ត៌មាន
តម្លៃដែកថែបពិភពលោក ដែលបានកើនឡើងខ្លាំងដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែនអស់រយៈពេលជាច្រើនខែមកនេះ បានចាប់ផ្ដើមបង្ហាញពីការធ្លាក់ចុះមកវិញហើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ