ថ្នាក់ដឹកនាំសហព័ន្ធឧស្សាហកម្មយានយន្តបានអះអាងថា នៅក្នុងតំបន់អាស៊ាន បច្ចុប្បន្ន នៅតែកម្ពុជាមួយប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យមានការនាំចូលរថយន្តជជុះ និងគ្មានការកំណត់អាយុកាលរបស់រថយន្តជជុះ។ ទោះយ៉ាងណាអ្នកជំនាញក្នុងវិស័យយានយន្តជឿជាក់ថា កម្ពុជានឹងអាចឈានទៅលុបបំបាត់ការនាំចូលរថយន្តជជុះក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រុមការងារអន្តរមកពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងពិភាក្សាគ្នា ដើម្បីកំណត់អាយុកាលរថយន្តជជុះសម្រាប់នាំចូលមកលក់នៅលើទីផ្សារកម្ពុជា។ បើតាមគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ បច្ចុប្បន្នក្រុមការងារអន្តរក្រសួងកំពុងពិចារណាលើជម្រើសចំនួន៣ រួមមានកំណត់យករថយន្តដែលផលិតនៅត្រឹម ៧ឆ្នាំ ១០ឆ្នាំ និង១៥ឆ្នាំចុងក្រោយ។ ទោះយ៉ាងណាមកទល់ពេលនេះ ក្រុមការងារអន្តរក្រសួង មិនទាន់មានការឯកភាពលើចំណុចណាមួយក្នុងជម្រើសទាំង៣នេះនោះទេ។
ការគ្រោងកំណត់អាយុកាលរថយន្តជជុះ ដែលអាចនាំចូល ឬមិនអាចនាំចូលមកកាន់ទីផ្សារកម្ពុជានេះធ្វើឡើង វាស្របពេលដែលរាជរដ្ឋាភិបាលកំពុងជំរុញឲ្យប្រជាពលរដ្ឋប្រើប្រាស់រថយន្តថ្មី និងរថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុលនៅក្នុងបរិយាកាស កាត់បន្ថយផលប៉ះពាល់មកលើបរិសា្ថន និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាយានយន្តជាដើម។ ម្យ៉ាងទៀត ការកាត់បន្ថយការនាំចូលរថយន្តជជុះ ក៏ជាផ្នែកមួយក្នុងការទាក់ទាញក្រុមហ៊ុនរថយន្តឲ្យមកបោះទុនវិនិយោគលើការផលិតនិងផ្គុំ និងតម្លើងនៅកម្ពុជាផងដែរ។
ជុំវិញការនាំចូលរថយន្តជជុះមកកាន់ទីផ្សារកម្ពុជានេះដែរ ឯកឧត្តម តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានគូសបញ្ជាក់ថា នៅក្នុងតំបន់អាស៊ាន មានតែកម្ពុជាមួយនោះទេ ដែលអនុញ្ញាតឲ្យមានការនាំចូលរថយន្តជជុះ និងគ្មានការកំណត់ពីអាយុកាលរបស់រថយន្តជជុះ ដែលអាចនាំចូលបាន ឬមិនបាន។ ថ្នាក់ដឹកនាំរូបនេះអះអាងថា មិនទាន់មានសញ្ញាណាមួយបង្ហាញថា កម្ពុជានឹងឈប់នាំចូលរថយន្តជជុះទាំងស្រុងនៅពេលនោះទេ បើទោះពីការនាំចូលរថយន្តជជុះមកកាន់ទីផ្សារកម្ពុជាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ស្រដៀងគ្នានេះដែរ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia វាយតម្លៃថា ចាប់ពីឆ្នាំ២០២៣ នេះតទៅការនាំចូលរថយន្តថ្មីមកកាន់ទីផ្សារកម្ពុជានឹងមានការកើនឡើងជាបន្តបន្ទាប់ ហើយការនាំចូលរថយន្តមួយទឹកនឹងបន្តធ្លាក់ចុះ ឬអាចឈានទៅលុបបំបាត់ការនាំចូលរថយន្តប្រភេទនេះដូចបណ្តាប្រទេសក្នុងតំបន់ដែរនៅពេលអនាគត។ អ្នកជំនាញរូបនេះជឿជាក់ថា តម្រូវការទីផ្សាររថយន្តថ្មីនៅកម្ពុជានឹងវាយលុករថយន្តមួយទឹកក្នុងពេលឆាប់ៗខាងមុខនេះ។
បើតាមការគូសបញ្ជាក់របស់លោក ងន សាំង មានមូលហេតុមួយចំនួនដែលបានទាញទម្លាក់ការប្រើប្រាស់រថយន្តមួយទឹកនៅកម្ពុជាដូចជាការយល់ដឹងពីអត្ថប្រយោជន៍ និងសុវត្ថិភាពក្នុងការប្រើប្រាស់រថយន្តរបស់ប្រជាពលរដ្ឋមានកើនឡើង, ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន គួបផ្សំតម្លៃរថយន្តថ្មីបច្ចុប្បន្នស្ទើរតែស្មើនឹងរថយន្តជជុះ និងលក្ខខណ្ឌបង់រំលស់មានភាពល្អប្រសើរជាដើម។
របាយការណ៍របស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានបង្ហាញឲ្យឃើញថា ការនាំចូលរថយន្តមកកម្ពុជាមានការកើនឡើងជាង៣០%កាលពីឆ្នាំ២០២២ ក្នុងនោះការនាំចូលរថយន្តថ្មីមានការកើនឡើងជាង៥០% រីឯការនាំចូលរថយន្តជជុះមានកំណើនប្រមាណ២០%តែប៉ុណ្ណោះ។ កំណើននាំចូលរថយន្តដែលជាភាគច្រើនជារថយន្តថ្មីនេះ ត្រូវបានឯកឧត្តម តាន់ មុនីវណ្ណ វាយតម្លៃថា គឺដោយសារការងើបឡើងវិញនៃវិស័យសំខាន់ៗដែលជាជន្ទល់សេដ្ឋកិច្ចរបស់កម្ពុជា, តម្រូវការប្រើប្រាស់រថយន្តមានការកើនឡើងក្រោយរាជរដ្ឋាភិបាលបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ គួបផ្សំភាពនឹងននៃសេដ្ឋកិច្ច និងស្ថានភាពសង្គម៕