ទោះបីជា កិច្ចប្រជុំនឹងទំនងជាផ្តោតលើសំណុំរឿងឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ សន្និសីទនិងកិច្ចប្រជុំកំពូលទាំងបី ក៏អាចនឹងលើកយកភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងអតិផរណាពិភពលោក ដែលសុទ្ធសឹងជាបញ្ហាក្តៅ និងរសើបមកពិភាក្សាផងដែរ។
កិច្ចប្រជុំដែលធ្វើឡើងបន្តកន្ទុយគ្នានៅក្នុងខែវិច្ឆិកានៅក្នុងប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍នោះរួមមាន កិច្ចប្រជុំកំពូលអាស៊ានដែលគ្រោងធ្វើនៅថ្ងៃទី ១០-១៣ ខែវិច្ឆិកានៅទីក្រុងភ្នំពេញ។ កិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី ១៥-១៦ខែវិច្ឆិកា និងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC នៅទីក្រុងបាងកកប្រទេសថៃ ពីទីថ្ងៃទី ១៨-១៩ខែវិច្ឆិកា។
កិច្ចប្រជុំទាំងនេះ នឹងនាំយកមេដឹកនាំប្រទេសធំៗកំពូលៗដូចជា មកពីសហរដ្ឋអាមេរិក ជប៉ុន និងបណ្តាប្រទេសលោកខាងលិចសំខាន់ៗជាច្រើនទៀត និងក៏ដូចនាំយកនូវមេដឹកនាំយក្សនៅអាស៊ី គឺចិន ខណៈរុស្ស៊ីក៏នឹងត្រូវបង្ហាញវត្តមានក្នុងកិច្ចប្រជុំដែរ។ ក្រៅពីនោះ ក៏មានដែរប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនផ្សេងទៀត។ មែនទែនទៅ វាជារឿងកម្រ ដែលមានកិច្ចប្រជុំ និងសន្និសីទអន្តរជាតិច្រើនបន្តគ្នា រៀបចំក្នុងតំបន់តែមួយហើយក្នុងខែតែមួយបែបនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក និងចិនបានតតាំងគ្នាដើម្បីដណ្តើមឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបានបង្កើនការចូលរួមច្រើនជាងមុននៅក្នុងតំបន់មិនថា សេដ្ឋកិច្ចឬនយោបាយឡើយ ក្នុងកិច្ចខិតខំប្រឹងប្រែងទាក់ទាញប្រទេសអាស៊ានឱ្យចូលរួមជាមួយពួកគេ។
ទោះយ៉ាងណា អាស៊ាន ដែលភាគច្រើនតែងព្យាយាមជៀសវាងពីជម្លោះរវាងសហរដ្ឋអាមេរិក និងចិន មិនរើសតែម្ខាងៗ ហើយតែងចាត់ទុកកិច្ចប្រជុំរបស់ខ្លួនថា ជាវេទិកាសម្រាប់កិច្ចសន្ទនាក៏ដោយ ក៏ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ចាត់ទុកអាស៊ានជាការលេងល្បែងទាញព្រ័ត្រ ខំទាញយកសមាជិកតំបន់មួយនេះ មកចូលរួមជាមួយខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការលើកទឹកចិត្ត ផលចំណេញផ្សេងទៀត។
គួរជម្រាបថា សេតវិមានអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលG20ផងដែរ។ ក្រៅពីលោក Biden ប្រធានាធិបតីចិន Xi Jinping និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida គ្រោងនឹងចូលរួមកិច្ចប្រជុំទាំងនេះ ហើយពួកគេទំនងជាអាចឈ្លៀតយកឱកាសនេះជួបពិភាក្សាជាមួយគ្នា ឬសមភាគីដ៏ទៃនៅខាងក្រៅកិច្ចប្រជុំថែមទៀតផង។
ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នៅតែមិនទាន់ច្បាស់លាស់អំពីការចូលរួម ដោយនិយាយថា លោកកំពុងតែពិចារណា។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយរបស់រុស្ស៊ី បានរាយការណ៍ថា លោក ពូទីន នឹងមិនមានវត្តមានក្នុងកិច្ចប្រជុំទាំងនេះឡើយ ហើយបញ្ជូននាយករដ្ឋមន្ត្រី គឺលោក មីខាអេល មីស៊ូទីន(Mikhail Mishustin) មកជំនួសវិញ។
ខណៈពេលដែលអ្នកចូលរួម និងរបៀបវារៈជាក់ស្តែង នៃកិច្ចប្រជុំអាស៊ាន G20 និង APEC មានភាពខុសប្លែកគ្នាពីមួយទៅមួយ ការពិភាក្សាត្រូវបានគេរំពឹងថា នឹងពិនិត្យមើលវិធីដើម្បីធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។ ប៉ុន្តែកិច្ចប្រជុំទាំង៣ នឹងតម្រូវឱ្យមានការចូលរួមដោយសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ដែលសុទ្ធសឹងជាអ្នកមានបញ្ហាជាប់ពាក់ព័ន្ធក្នុងទំនាក់ទំនងទ្វេភាគីរៀងៗខ្លួន។ ដោយជៀសមិនរួច ការជជែកពិភាក្សា ច្បាស់ជាត្រូវកត់សម្គាល់ពីភាពតានតឹងរវាងអាមេរិក និងចិនដែលកំពុងបន្ត និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
របៀបវីរៈភាគច្រើនក្នុងកិច្ចប្រជុំ G-20 និង APEC នឹងផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខណៈកិច្ចប្រជុំកំពូលអាស៊ាននឹងពិភាក្សាចម្រុះ ទាំងអំពីនយោបាយសន្តិសុខ ដែលមានន័យថា បញ្ហានៅអ៊ុយក្រែន និងភាពតានតឹងនៅសមុទ្រចិនខាងកើត រួមទាំងច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាសមុទ្រចិនខាងត្បូង សុទ្ធសឹងតែជាប្រធានបទនៃកិច្ចពិភាក្សា។ ការណ៍នេះទំនងជាអាចបង្កឱ្យមានការប៉ះទង្គិចគ្នាពាក្យសំដីគ្នា រវាងសហរដ្ឋអាមេរិក និងចិនជុំវិញវត្តមានយោធារបស់ប្រទេសទាំងពីរក្នុងតំបន់។
ដោយឡែក ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដែលជាប្រធានដឹកនាំកិច្ចប្រជុំកំពូលG20 សង្ឃឹមថានឹងពិភាក្សាអំពីការកើនឡើងនៃតម្លៃថាមពល និងស្បៀងអាហារ ដែលជាកត្តារារាំងដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែ មិនដូចកិច្ចប្រជុំអាស៊ាន និង APEC ឡើយកិច្ចប្រជុំ G20 មានភាពល្អក់កករណាស់តាំងតែពីប្រជុំថ្នាក់រដ្ឋមន្ត្រីមុនៗ ដោយសារតែវត្តមានរបស់រុស្ស៊ី ត្រូវបានលោកខាងលិចជំទាស់៕