សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា សំណើច្បាប់ថវិកាដែលមានកម្រាស់ ១ពាន់៨រយ ទំព័រនេះ ត្រូវបានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ ហើយរួមបញ្ចូលទាំងបទប្បញ្ញត្តិផ្សេងៗទៀត ដែលសំដៅការការពារសហរដ្ឋអាម៉េរិក ទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់មហាយក្សចិន ចំៗតែម្តង។
កាលពី២សប្ដាហ៍មុន លោកស្រី ជេស៊ីកា រ៉ូសេនវ័រសែល (Jessica Rosenworcel) ប្រធានគណៈកម្មការទូរគមនាគមន៍សហព័ន្ធ (FCC) របស់សហរដ្ឋអាម៉េរិក បានអំពាវនាវឱ្យសភាអាម៉េរិក ផ្តល់មូលនិធិបន្ថែមជាបន្ទាន់ដើម្បីដក ឬ កាត់ផ្ដាច់ការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ដែលផលិតដោយចិន។
លោកស្រីបាននិយាយថា គម្រោងកាត់ផ្ដាច់ការប្រាស់ឧបករណ៍ទូរគមនាគមន៍ដែលផលិតដោយចិន នេះ គឺដោយសារការព្រួយបារម្ភផ្នែកសន្តិសុខជាតិ ហើយថា គម្រោងនេះកំពុងតែប្រឈមនឹងការខ្វះខាតថវិការប្រមាណជាង៣ពាន់លានដុល្លារ។
លោកស្រីបានបន្តថា អាម៉េរិក មិនទំនងជាយកបញ្ហាសន្តិសុខជាតិ ទៅភ្ជាប់នឹងការប្រើប្រាស់ប្រព័ន្ធដែលមានហានិភ័យចំពោះជាតិ បែបនេះឡើយ ។
គណៈកម្មការទំនាក់ទំនងសភាសហព័ន្ធកន្លងមក ធ្លាប់បានបញ្ចូលសំណើថវិកាដែលមានទំហំប្រមាណជិត៥ពាន់លានដុល្លារ ដើម្បីសុំការអនុម័ត ប៉ុន្តែនៅពេលនោះសភាអាម៉េរិក អនុម័ត្រឹមតែជិត២ពាន់លានដុល្លារ ប៉ុណ្ណោះ ។
មកដល់ពេលនេះ ក្រៅពីខ្លួនកំពុងតែអនុវត្តការប្រឹងប្រែងកាត់ផ្តាច់ការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ដែលផលិតនៅក្នុងប្រទេសចិន ហើយនោះ ក្រុងវ៉ាស៊ីនតោន ក៏កំពុងជំរុញយ៉ាងទទូចឱ្យបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួនកាត់ផ្ដាច់ការប្រើប្រាស់ឧបករណ៍ដែលផលិតដោយក្រុមហ៊ុនចិន Huawei និងឧបករណ៍របស់ចិន ផ្សេងៗទៀតចេញពីបណ្តាញទូរគមនាគមន៍របស់ខ្លួនផងដែរ៕
ដោយៈ សរ សុជាតិ