រុស្ស៊ី-អ៊ុយក្រែន

UN ស្នើជួបលោក ពូទីន និងលោក ហ្សេលេនស្គី ក្នុងជំនួបដាច់ដោយឡែកពីគ្នា ដើម្បីពិភាក្សាស្វែងរកសន្តិភាព


ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្ដអូសបន្លាយ និងកំពុងរីកសាយភាយកំដៅកាន់តែខ្លាំងឡើងៗនោះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្នើសុំជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Zelensky នៅក្នុងជំនួបដាច់ដោយឡែកពីគ្នា ដើម្បីពិភាក្សារកដំណោះស្រាយផ្សេងៗឈានទៅរកការផ្សះផ្សា និងនាំមកនូវសន្តិភាពត្រឡប់មកវិញ បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែនកាន់តែមានភាពតានតឹងឡើងៗ។
UNស្នើសុំជួបលោកពូទីនិងលោកហ្សេលេនស្គី
ដោយ

អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ លោក ស្ទេ​វ​ហ្វា​ន ឌូ​ចារិក  (Stephane Dujarric) បាន​និយាយ​ថា លិខិត​ណាត់ជួប​ដាច់​ដោយឡែក​ពី​គ្នា ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​បេសកកម្ម​អចិន្ត្រៃយ៍​របស់​រុ​ស្ស៊ី និង អ៊ុយ​ក្រែ​ន​រួច​ហើយ​កាលពី​រសៀល​ថ្ងៃ​អង្គារ​ដោយ​អង្គការសហប្រជាជាតិ បាន​ស្នើ​សុំ​ឱ្យ​បុរស​ខ្លាំង​រុ​ស្ស៊ី​លោកពូ​ទី​ន ទទួល​ជួប​លោក Guterres នៅ​ទីក្រុង​មូ​ស្គូ និង ស្នើ​ឲ្យ​លោក Zelenskiy ទទួល​លោក Guterres ដូច​គ្នា​នៅ​ទីក្រុង​គៀវ​។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​Guterres បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​ថា នៅ​ក្នុងអំឡុងពេល​នៃ​គ្រោះថ្នាក់ និង​ផលវិបាក​ដ៏​ធំធេង​នេះ លោក​ចង់​ពិភាក្សា​រក​ដំណោះស្រាយ​ច្រកចេញ និង ការ​ចរចា ដើម្បី​នាំ​មក​នូវ​សន្តិភាព​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​អនាគត​នៃ​លទ្ធិ​ពហុភាគី​និយម ដែល​គេ​បាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង ច្បាប់​អន្តរជាតិ​នានា​។

ទន្ទឹម​នឹង​នោះ លោក Guterres បាន​អំពាវនាវ​ឱ្យ​មានការ​ផ្អាក​ការ​បាញ់​ប្រយុទ្ធ​គ្នា​រយៈពេល ៤ ថ្ងៃ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​អនុញ្ញាត​ឱ្យ​មានការ​ធ្វើ​ដំណើរ​ចាកចេញ​ដោយ​សុវត្ថិភាព​របស់​ជន​ស៊ី​វិល​ពី​តំបន់​ជម្លោះ និង ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​ទៅ​កាន់​តំបន់​ដែល​រង​គ្រោះ​ខ្លាំង​ផង​ដែរ​។ ក្នុង​នោះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​Guterres បាន​និយាយ​ថា មនុស្ស​ជាង ១២ លាន​នាក់​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

គួរ​កត់​សម្គាល់ថា ការ​លុកលុយ​របស់​ទីក្រុង​មូ​ស្គូ លើ​អ៊ុយ​ក្រែ​ន គឺជា​ការ​វាយប្រហារ​ដ៏​ធំ​បំផុត​លើ​ទ្វីបអឺរ៉ុប ចាប់តាំងពី​ឆ្នាំ ១៩៤៥ ដែល​បាន​សម្លាប់​មនុស្ស និង រង​របួស​រាប់​ពាន់​នាក់​។ ចាប់តាំងពីរ​ស្ស៊ី​បាន​ចូលលុក​លុយ​អ៊ុយ​ក្រែ​ន​មក រុ​ស្ស៊ី​បាន​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​នានា​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ធ្វើ​ឲ្យ​ខ្ទេចខ្ទី​យ៉ាងដំណំ​តែ​ម្តង ហើយ​សាកសព​ជន​ស៊ី​វិល​រាប់រយ​នាក់​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​ផ្សេង​ៗ​គ្នា បន្ទាប់​ពី​កងកម្លាំង​របស់​រុ​ស្ស៊ី​បាន​ដកខ្លួន​ចេញ​ប្តូរ​ទៅ​ទិស​ដៅ​ផ្សេង​។

គួរ​ជម្រាប​ថា ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​លោក ឆា​លី មី​ឆែ​ល (Charles Michel) បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Zelenskiy នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​ទៅ​កាន់​ទីក្រុង គៀវ ផ្ទាល់​តែ​ម្តង​កាលពី​ថ្ងៃ​ពុធ បន្ទាប់​ពី​មានដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​លោក​ខាងលិច​ផ្សេង​ទៀត រួម​ទាំង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson និង ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោកស្រី អ៊ួ​សូ​ឡា វ៉​ន​ឌ័​រ លី​យិ​ន (Ursula von der Leyen) ។

សូម​បញ្ចា​ក់​ផង​ដែរ​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក Joe Biden បាន​និយាយ​ដែរ ថា លោក​មិន​ទាន់​ប្រាកដ​នោះ​ទេ​ថា តើ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​គៀវ​បាន​ដែរ ឬ​ក៏​អត់​នោះ​ទេ បន្ទាប់​ពី​មេដឹកនាំ​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ឱ្យ​លោក​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​អ៊ុយ​ក្រែ​ន​។ ទោះ​យ៉ាងណា អា​មេ​រិ​ក​កំពុង​ត្រៀម​ប្រកាស​នឹង​ផ្ដល់​ជំនួយ​សព្វាវុធ​បន្ថែម​ទៀត​ហើយ សម្រាប់​ផ្ដល់​ជូន​អ៊ុយ​ក្រែ​ន ដែល​តាម​ប៉ាន់ស្មាន​ជំនួយ​ថ្មី​នេះ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៨០០​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទ​៖ វ៉ា​ន់ ស្រី​រ័​ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីបានគំរាមប្រើសន្លឹកបៀរចុងក្រោយ ដោយប្រើមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដែលខ្លួនបានសាកល្បងជោគជ័យ

ព័ត៌មាន
ក្រោយពីបានបង្ហាញកម្លាំងរយៈពេល២ខែក្នុងការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនរួចមកពេលនេះប្រទេសរុស្ស៊ីបានគំរាមប្រើសន្លឹកបៀរចុងក្រោយរបស់ខ្លួនហើយ តាម…

ប្រធាន IMF ព្រមានពីហានិភ័យ ទាក់ទងនឹងការធ្លាក់ចុះសេដ្ឋកិច្ចប្រទេសចិនកំពុងអូសបន្លាយ

ព័ត៌មាន
អគ្គនាយិកាគ្រប់គ្រងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺលោកស្រី Kristalina Georgieva បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ការធ្លាក់ចុះសេដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ