លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក និងលោក តូ ឡឹម ប្រធានបក្សកុម្មុយនីស្តវៀតណាម ដែលកំពុងបំពេញទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់សហរដ្ឋអាម៉េរិក ក្នុងឋានៈជាប្រធានាធិបតី បានជួបពិភាក្សាគ្នានៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្រុងញូវយ៉ក។ មន្ត្រីជាន់ខ្ពស់អាម៉េរិកមួយរូបអះអាងថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីវិធីពន្លឿនការចាប់ដៃគូសហការជាយុទ្ធសាស្ត្រ ដែលបានព្រមព្រៀងកាលពីឆ្នាំមុន។
នៅក្នុងជំនួបជាមួយលោក ចូ បៃឌិន កាលពីថ្ងៃទី២៥ ខែកញ្ញា លោក តូ ឡឹម បានបង្ហាញការសាទរចំពោះអ្វីដែលលោកហៅថា ការរួមចំណែកជាប្រវត្តិសាស្ត្ររបស់លោក ចូ បៃឌិន ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។
លោក ចូ បៃឌិន បានថ្លែងថា ចាប់តាំងពីការចាប់ផ្តើមសករាជថ្មីក្នុងទំនាក់ទំនងទ្វេភាគីកាលពីឆ្នាំមុន ប្រទេសទាំងពីរបានបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់លើបន្ទះឈីប និងខ្សែច្រវាក់ផ្គត់ផ្គង់ ហើយបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការថ្មីមិនធ្លាប់មានលើផ្នែកសន្តិសុខតាមអ៊ីនធឺណិត ឬ Cybersecurity។
ជាក់ស្ដែង ក្រុមហ៊ុនយក្សរបស់អាម៉េរិក SpaceX បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលរបស់វៀតណាម សម្រាប់ផែនការអ៊ីនធឺណិតផ្កាយរណបរបស់ខ្លួន ហើយបានជូនដំណឹងថា ក្រុមរបស់កំពូលមហាសេដ្ឋី Elon Musk មួយនេះមានគោលបំណងបោះទុនវិនិយោគរហូតដល់ទៅ១៥ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាម ក្នុងពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
ងាកមកលោក ចូ បៃឌិន ឯណេះវិញ លោកក៏បានលើឡើងដែរថា ប្រទេសទាំងពីរបានប្ដេជ្ញាចិត្តរួមគ្នាការពារសេរីភាពនៃនាវាចរ និងការគោរពនីតិរដ្ឋ ដោយសំដៅដល់ជម្លោះដែនសមុទ្រថ្នាក់តំបន់ជាមួយនឹងប្រទេសចិន។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា លោក តូ ឡឹម បានប្រាប់លោក ចូ បៃឌិន ថា ប្រទេសវៀតណាម កំពុងឈានចូលដល់យុគសម័យថ្មីនៃការអភិវឌ្ឍ ហើយថា ប្រទេសវៀតណាម គឺជាមិត្ត និងជាដៃគូដែលអាចជឿទុកចិត្តបាន៕
ដោយ: តែម សុខុម