ក្នុងចំណោមប្រទេសទាំងនេះ តើប្រទេសណាជាប់ចំណាត់ថ្នាក់លេខ១ និងមានចំណែកគ្របដណ្ដប់ប៉ុន្មាន%នៃទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) របស់ខ្លួន?
មាសត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាទុនបម្រុងអន្តរជាតិ ដ៏សំខាន់បំផុតមួយសម្រាប់ប្រទេសនានាជុំវិញពិភពលោក ហើយផ្អែកតាមទិន្នន័យរបស់ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) បង្ហាញថា ប្រទេសកំពូលទាំង១០ដែលមានមាសបម្រុងច្រើនបំផុតប្រចាំឆ្នាំ២០២៣ រួមមានហាយក្សចិន រុស្ស៊ី សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ អ៊ីតាលី បារាំង ស្វីស ជប៉ុន ឥណ្ឌា និងហូឡង់។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ ចាហ្គ្រានចូស (Jagranjosh) កាលពីសប្ដាហ៍មុន។
ក្នុងនោះចំណាត់ថ្នាក់លេខ១០ បានទៅលើប្រទេសហូឡង់ ដែលមាសចំនួនជាង៦១២តោន រីឯចំណាត់ថ្នាក់លេខ៩ បានទៅលើប្រទេសឥណ្ឌា ដែលមាសចំនួន៨០០តោន, ចំណាត់ថ្នាក់លេខ៨ បានទៅលើប្រទេសជប៉ុន ដែលមានមាសចំនួន៨៤៦តោន, ចំណាត់ថ្នាក់លេខ៧ បានទៅលើប្រទេសស្វីស ដែលមានមាសចំនួន១.០៤០តោន, ចំណាត់ថ្នាក់លេខ៦ បានទៅលើមហាយក្សចិន ដែលមានមាសចំនួន២.១៩១តោន។
ចំណែកចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសរុស្ស៊ី ដែលមានមាសចំនួន២.៣៣២តោន ខណៈចំណាត់ថ្នាក់លេខ៤ បានទៅលើប្រទេសបារាំង ដែលមាសចំនួន២.៤៣៦តោន, ចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសអ៊ីតាលី ដែលមានមាសចំនួន២.៤៥១តោន, ចំណាត់ថ្នាក់លេខ២ បានទៅលើប្រទេសអាល្លឺម៉ង់ ដែលមានមាសចំនួន៣.៣៥២តោន។
ហើយចុងក្រោយគឺចំណាត់ថ្នាក់លេខ១ បានទៅលើសហរដ្ឋអាម៉េរិក ដែលមានមាសចំនួន៨.១៣៣តោន ដោយមាសទាំងនេះមានចំណែកគ្របដណ្ដប់រហូតដល់ទៅ៧៩%នៃទុនបម្រុងអន្តរជាតិរបស់មហាអំណាចទី១ ទាំងផ្នែកយោធា និងសេដ្ឋកិច្ចមួយនេះ៕
ដោយ: តែម សុខុម