ធនាគារអន្តរជាតិ

ធនាគារអភិវឌ្ឍន៍អន្តរជាតិធំៗទាំង១០ ប្ដេជ្ញាផ្ដល់កម្ចីបន្ថែម៤០០ពាន់លានដុល្លារ សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍


ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយដែលមានមូលដ្ឋាននៅវ៉ាស៊ីនតុនឌីស៊ី សហរដ្ឋអាម៉េរិក បានទម្លាយឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អន្តរជាតិធំៗទាំង១០របស់ពិភពលោកបានប្តេជ្ញាចាត់វិធានការ ដើម្បីជំរុញវិស័យសំខាន់ៗចំនួន៥ ដោយក្នុងនោះរួមទាំងការផ្តល់កម្ចីឥណទានបន្ថែមរហូតដល់ទៅ៤០០ពាន់លានដុល្លារអាម៉េរិកផងដែរសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
ធនាគារអន្តរជាតិ
ដោយ

ធនាគារអភិវឌ្ឍន៍អន្តរអាម៉េរិក ហៅកាត់ថា IDB ឬ IADB ដែលជាប្រភពដ៏ធំបំផុតនៃការផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍សម្រាប់តំបន់អាម៉េរិកឡាទីន (Latin America) និងតំបន់ការ៉ាអ៊ីព (Caribbean) បានទម្លាយឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី២០ ខែមេសា ថា ថ្នាក់ដឹកនាំនៃធនាគារអភិវឌ្ឍន៍ពហុជាតិសាសន៍ធំៗទាំង១០ របស់ពិភពលោក បានប្តេជ្ញាចាត់វិធានការដើម្បីជំរុញវិស័យសំខាន់ៗចំនួន៥ ដោយរួមទាំងការផ្តល់កម្ចីឥណទានបន្ថែមចន្លោះពី៣០០ពាន់លានដុល្លារ ទៅ៤០០ពាន់លានដុល្លារផងដែរនៅទសវត្សរ៍ក្រោយ។

កិច្ចខិតខំប្រឹងប្រែងនេះកើតឡើង ស្របពេលមានការអំពាវនាវកាន់តែខ្លាំងឡើងឱ្យគ្រឹះស្ថានហិរញ្ញវត្ថុធំៗទាំងនោះ បង្កើនការផ្តល់ហិរញ្ញប្បទានក្រោមលក្ខខណ្ឌអំណោយផលដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់ខ្លាំងជាងគេដោយសារអត្រាការប្រាក់ហក់ឡើងកាន់តែខ្ពស់ទូទាំងពិភពលោក និងដែលជួបបញ្ហាប្រឈមកាន់តែខ្លាំងនៅក្នុងការផ្លាស់ប្ដូរឈានទៅរកអាកាសធាតុដែលមាននិរន្តរភាពជាងនេះ។

លោក អ៊ីលែន ហ្គោហ្វែន (Ilan Goldfajn) ប្រធានធនាគារអភិវឌ្ឍន៍អន្តរអាម៉េរិក IDB បានបង្ហាញការជឿជាក់ថា តាមរយៈការរួបរួមគ្នាជាធ្លុងមួយ ធនាគារអភិវឌ្ឍន៍ធំៗទាំងនេះនឹងអាចសម្រេចបានលទ្ធផលកាន់តែល្អ និងកាន់តែធំ។

នៅខាងក្រៅកិច្ចប្រជុំរបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍ពហុជាតិសាសន៍ទាំងនោះបាននិយាយថា ពួកគេបានព្រមព្រៀងគ្នាធ្វើការជាប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព។

ធនាគារអភិវឌ្ឍន៍ពហុជាតិសាសន៍ធំៗទាំង១០ខាងលើនេះ រួមមានទាំងធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍ថ្មី (NDB) របស់ប្លុកប្រទេស BRICS ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) របស់មហាយក្សចិន ធនាគារវិនិយោគអឺរ៉ុប (EIB) និងធនាគារអភិវឌ្ឍន៍អាហ្វ្រិក (AfDB) ផងដែរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ធនាគារកណ្តាលវៀតណាមនឹងដាក់ដេញថ្លៃលក់មាសជិត១៧ពាន់តម្លឹង ដើម្បីទម្លាក់ថ្លៃមាសដែលកំពុងកើនឡើងខ្ពស់

ធនាគារកណ្តាលវៀតណាមនឹងដាក់លក់ដុំមាសតាមការដេញថ្លៃចំនួនជិត១៧ពាន់តម្លឹងនៅសប្តាហ៍នេះ ដែលនេះជាការលក់ដេញថ្លៃមាសលើកដំបូងក្នុងរយៈពេល១១ឆ្នាំក…

រដ្ឋសភាអាម៉េរិកអនុម័តកញ្ចប់ជំនួយ៩៥ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់

រដ្ឋសភាអាម៉េរិកកាលពីថ្ងៃសៅរ៍ បានអនុម័តកញ្ចប់ថវិកាចំនួន៩៥ពាន់លានដុល្លារសម្រាប់ផ្ដល់ជំនួយផ្នែកសន្តិសុខដល់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងកោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ