១. សកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore)
សកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore) ជាប់ជាសកលវិទ្យាល័យល្អជាងគេបំផុតនៅអាស៊ីប្រចាំឆ្នាំ២០១៧។ នេះបើយោងតាមអត្ថបទចុះផ្សាយមួយ របស់ Times Higher Education។
ជាស្ថាប័នអប់រំចំណាស់ជាងគេបំផុត និងធំជាងគេបំផុត (បើគិតជាចំនួននិស្សិត) នៅក្នុងប្រទេសសិង្ហបុរី សកលវិទ្យាល័យជាតិសិង្ហបុរី ទទួលបានពិន្ទុខ្ពស់នៅក្នុងការស្ទង់មតិ ទៅលើផ្នែកស្រាវជ្រាវនិងទស្សនវិស័យពិភពលោក និងភាពលេចធ្លោជាងគេលើមុខវិជ្ជាវិស្វកម្ម និងបច្ចេកវិទ្យា។
តើគួរធ្វើដូចម្ដេចខ្លះ ដើម្បីអាចបានចូលរៀននៅសកលវិទ្យាល័យជាតិសិង្ហបុរី?
សកលវិទ្យាល័យជាតិសិង្ហបុរី ប្រើវិធីសាស្ត្របង្រៀនបែបអង់គ្លេស តាមរយៈការបង្រៀនជាក្រុមតូចៗ និងប្រើប្រព័ន្ធពិន្ទុ (credits) តាមបែបអាមេរិក ដើម្បីកំណត់លក្ខខណ្ឌតម្រូវសម្រាប់សញ្ញាបត្រ។
អតីតនិស្សិតដ៏មានឥទ្ធិពលមួយចំនួនដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យនេះ មាន ៤រូប ជានាយករដ្ឋមន្ត្រីនិងប្រធានាធិបតីសិង្ហបុរី ២រូបជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងអ្នកនយោបាយ ពាណិជ្ជករ មន្ត្រីតុលាការ និងឥស្សរជនជាច្រើននាក់ទៀត។
👉 គួរអាន ! កត្តាសំខាន់៣យ៉ាងដែលធ្វើឲ្យសិង្ហបុរីជាប្រទេសជោគជ័យផ្នែកសេដ្ឋកិច្ច
២. សកលវិទ្យាល័យប៉េកាំង (Peking University) ប្រទេសចិន
សកលវិទ្យាល័យប៉េកាំង គឺជាសកលវិទ្យាល័យជាតិទំនើបមុនដំបូងគេ នៅក្នុងប្រទេសចិន ដែលបានកសាងឡើងនៅចុងសតវត្សទី១៩។ សកលវិទ្យាល័យនេះល្បីល្បាញខាងផ្នែកឧត្ដមភាពនៃគំនិតនិងការស្រាវជ្រាវ។ បច្ចុប្បន្ន សកលវិទ្យាល័យមានមជ្ឈមណ្ឌលស្រាវជ្រាវ ចំនួន ២១៦ ក្នុងនោះមានពីរស្ថាប័នវិស្វកម្មជាតិ។
មុខវិជ្ជាដែលលេចធ្លោជាងគេ គឺវិទ្យាសាស្ត្ររូប និងវិស្វកម្ម។ សកលវិទ្យាល័យនេះមានបណ្ណាល័យធំជាងគេបំផុតនៅអាស៊ី ដោយមានសៀវភៅ ១១លានក្បាល និងធនធានជាច្រើនទៀត។
បច្ចុប្បន្ន សកលវិទ្យាល័យនេះមានទីតាំងស្ថិតនៅលើអតីតសួនច្បារនៃចក្រភពស្ដេចឈីង។ នៅក្នុងបរិវេណសកលវិទ្យាល័យ មានបន្ទប់ស្នាក់នៅសម្រាប់និស្សិតអន្តរជាតិ ២០០០នាក់។
ឥស្សរជនល្បីៗនៅប្រទេសចិន គឺជាអតីតនិស្សិតនៃសកលវិទ្យាល័យនេះ ក្នុងនោះក៏មានជ័យលាភីណូបែល ៣រូប ដែលមានទំនាក់ទំនងជាមួយសកលវិទ្យាល័យនេះដែរ។
៣. សកលវិទ្យាល័យ Tsinghua ប្រទេសចិន
សកលវិទ្យាល័យនេះ បង្កើតឡើងនៅឆ្នាំ១៩១១ ហើយល្បីល្បាញជាសកលវិទ្យាល័យលំដាប់អភិជននៅប្រទេសចិន ពីព្រោះសកលវិទ្យាល័យនេះទទួលឲ្យចូលរៀន តែនិស្សិតទាំងឡាយណាដែលមានពិន្ទុខ្ពស់បំផុតនៅក្នុងការប្រឡងថ្នាក់ជាតិ។
សកលវិទ្យាល័យនេះ មានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ៥១កម្មវិធី និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជាង ២០០កម្មវិធី។ សកលវិទ្យាល័យនេះ មានភាពលេចធ្លោលើមុខវិជ្ជាវិស្វកម្ម និងបច្ចេកវិទ្យា។
៤. សកលវិទ្យាល័បច្ចេកវិទ្យា Nanyang ប្រទេសសិង្ហបុរី
សកលវិទ្យាល័យបច្ចេកវិទ្យា Nanyang មានអាយុទើបតែ ២៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ ជាប់ចំណាត់ថ្នាក់ស្ថិតក្នុងចំណោមសកលវិទ្យាល័យល្អបំផុតនៅលើពិភពលោក។
សកលវិទ្យាល័យនេះ ល្បីល្បាញជាពិសេសលើមុខវិជ្ជាវិស្វកម្ម និងបច្ចេកវិទ្យា។ មហាវិទ្យាល័យពាណិជ្ជសាស្ត្រនៃសកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ជាមហាវិទ្យាល័យធំជាងគេបំផុត នៅសិង្ហបុរី ដោយមានសាស្ត្រាចារ្យ ១៦០នាក់ មកពីជាង ២០ប្រទេស ដែលបង្រៀនមុខវិជ្ជាគណនេយ្យ និងធុរកិច្ច ដល់និស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។
និស្សិតថ្នាក់បរិញ្ញាបត្រមានចំនួន ២ម៉ឺន ៥ពាន់នាក់ បានចុះឈ្មោះរៀននៅសកលវិទ្យាល័យនេះ ក្នុងនោះ ២០ភាគរយជានិស្សិតអន្តរជាតិ។
៥. សកលវិទ្យាល័យហុងកុង ទីក្រុងហុងកុង
ភាសាបង្រៀននៅសកលវិទ្យាល័យហុងកុង គឺភាសាអង់គ្លេស។ សកលវិទ្យាល័យនេះបង្កើតឡើងដោយអភិបាលជនជាតិអង់គ្លេស នៅឆ្នាំ១៩១១ ប៉ុន្តែ បានដាក់បញ្ចូលវប្បធម៌និងការអប់រំភាសាចិន នៅក្នុងកម្មវិធីសិក្សារបស់ខ្លួននៅឆ្នាំ១៩២៧។
អគារសកលវិទ្យាល័យសាងសង់តាមរចនាបថអាណានិគមអង់គ្លេស និងជាស្ថាបត្យកម្មដ៏ចំណាស់នៅលើកោះនេះ។ អគារធំជាងគេនៃសកលវិទ្យាល័យនេះ សាងសង់នៅឆ្នាំ១៩១២ និងត្រូវបានប្រកាសជាវិមានជាតិ។
ការប្រឡងចូលសកលវិទ្យាល័យនេះ មានលក្ខណៈតឹងតែងខ្លាំង។ និស្សិតក្នុងស្រុកទាំងអស់ត្រូវតម្រូវឲ្យរៀនភាសាអង់គ្លេស និងចិន។
និស្សិតបញ្ចប់ការសិក្សាពីសកលវិទ្យាល័យហុងកុង បានចូលរួមនៅក្នុងការកសាងវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌សម័យទំនើបរបស់ប្រទេសចិន។ ហើយនិស្សិតជាច្រើនរូប មានតួនាទីធំៗនៅក្នុងអង្គការវិស័យឯកជន៕