ប្រាក់យ័នចិនធ្លាក់ចុះ ធ្វើឲ្យក្រុមហ៊ុនធំៗរបស់ចិនខាតជិត៣ពាន់លានដុល្លារ

ក្រុមហ៊ុនអភិវឌ្ឍន៍កំពូលៗរបស់ចិនបានខាតបង់ប្រាក់ជិត ៣ពាន់លានដុល្លារ ដោយសារតែតម្លៃប្រាក់យ័នចិនធ្លាក់ចុះ


អ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនដីគោកកំពូលៗ បានកត់ត្រាពីការខាតបង់ប្រាក់ជិត ៣ពាន់លានដុល្លារក្នុងការដូររូបិយបណ្ណបរទេស ដោយភាគច្រើនខាតទៅលើការខ្ចីប្រាក់គិតជាប្រាក់ដុល្លារអាមេរិករបស់ពួកគេ ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ ដោយសារតម្លៃប្រាក់យន់បានធ្លាក់ចុះថែមទៀតបើធៀបនឹងប្រាក់ដុល្លារ។ បញ្ហានេះ ក៏បានបន្ថែមសម្ពាធដល់ការប្រឹងប្រែងរបស់ក្រុមហ៊ុនចិនទាំងនេះ ក្នុងការធានាសាច់ប្រាក់សម្រាប់ការសងបំណុលដែលចេះតែកើនឡើងផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ប្រាក់យ័នចិនធ្លាក់ចុះ ធ្វើឲ្យក្រុមហ៊ុនធំៗរបស់ចិនខាតជិត៣ពាន់លានដុល្លារ

បើតាមការស្រាវជ្រាវរបស់សារព័ត៌មាននីកេអេស៊ាបានបង្ហាញថា ការខាតបង់សរុបនៃការប្ដូររូបិយបណ្ណបរទេសសុទ្ធ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍កំពូលៗរបស់ចិនចំនួន២៤ ក្នុងចំណោម៣០ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅចិនដីគោក មានជិត៣ពាន់លានដុល្លារសម្រាប់រយៈពេល៦ខែដំបូងនៃឆ្នាំនេះ បើគេធៀបនឹងទៅនឹងអំឡុងឆ្នាំ២០២០ មុនពេលមានការរាតត្បាតកូវីដ១៩។
ទោះយ៉ាងណា ការខាតបង់លើការប្តូរប្រាក់បរទេសនេះ គឺគ្រាន់តែមានកត់ត្រានៅលើក្រដាសតែប៉ុណ្ណោះ ហើយការបាត់បង់ ឬចំណេញពិតប្រាកដ គឺអាស្រ័យលើអត្រាប្តូរប្រាក់តាមកាលបរិច្ឆេទ ដែលបានកំណត់រៀងៗខ្លួន នៃកម្ចីរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនោះ។ ប៉ុន្តែតួលេខនេះ បានដើរតួជាខ្នាតរង្វាស់មួយ ពីហានិភ័យនៃអត្រាប្តូរប្រាក់ពាក់ព័ន្ធនឹងបំណុល ដែលបានកំណត់ដោយរូបិយបណ្ណបរទេសរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានបញ្ហាជាពិសេសនៅពេលប្រាក់យន់បានធ្លាក់ដល់កម្រិតទាបមិនធ្លាប់មានក្នុងរយៈពេល១៦ឆ្នាំមកនេះ បើធៀបនឹងប្រាក់ដុល្លារ កាលពីថ្ងៃទី៨ ខែកញ្ញា។
លោកស្រី អាលីស៊ី ហ្គាស៊ី ហេរ៉េរ៉ូ (Alicia Garcia Herrero) ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Natixis បានចាត់ទុកការធ្លាក់ថ្លៃប្រាក់យន់ថា បណ្ដាលមកពីការកើនឡើងសាច់ប្រាក់ងាយស្រួល ដោយសារការកាត់បន្ថយអត្រាតម្រូវការទុនបម្រុង និងអត្រាការប្រាក់ ដោយធនាគារកណ្ដាលរបស់ចិន នៅក្រោមសម្ពាធពីវិបត្តិរបស់វិស័យអចលនទ្រព្យ។
លោកស្រីបានបន្តថា ផលប័ត្រអវិជ្ជមានដែលហូរចូលក្នុងប្រទេសចិន ក៏ជាចំណែកមួយនៃការធ្វើឲ្យប្រាក់យន់ចុះខ្សោយផងដែរ ហើយការធ្លាក់ថ្លៃប្រាក់យន់ត្រូវបានគេមើលឃើញថា ជាផលបន្ទាប់បន្សំក្នុងការជួយអ្នកអភិវឌ្ឍន៍ដែលមានបញ្ហា ប៉ុន្តែជាក់ស្តែងវាកំពុងបន្ថែមបន្ទុកហិរញ្ញវត្ថុដល់អ្នកដែលប្រឈមនឹងបំណុលជាប្រាក់ដុល្លារយ៉ាងខ្លាំង។

ក្រុមហ៊ុន Yango Group ត្រូវបានបង្ខំឱ្យលុបឈ្មោះចេញពីផ្សារហ៊ុន Shenzhen កាលពីខែមុន ខណៈដែលក្រុមហ៊ុន CIFI Holdings Group ដែលបានចុះបញ្ជីនៅក្រុងហុងកុង បានបរាជ័យក្នុងការប្រកាសរបាយការណ៍ពីប្រាក់ចំណូលប្រចាំឆមាសទី១របស់ខ្លួនត្រឹមថ្ងៃផុតកំណត់នៅថ្ងៃទី៣១ ខែសីហា។ ដោយឡែក ក្រុមហ៊ុនចំនួន៤ទៀត មិនបានបង្ហាញរបាយការណ៍ច្បាស់លាស់ទេ ហើយមួយចំនួនទៀតបាននិយាយថា ការខាតបង់ប្រាក់លើការប្ដូររូបិយបណ្ណបរទេសនេះ ត្រូវបានរួមបញ្ចូលនៅក្នុងប្រភេទធំទូលាយ នៃការបាត់បង់ហិរញ្ញវត្ថុ ខណៈការខាតបង់ជាក់ស្តែង ដោយការធ្លាក់ថ្លៃប្រាក់យន់នេះ អាចមានទំហំធំជាងនេះ។
ក្រុមហ៊ុន China Evergrande Group បានឈរនៅលើកំពូលតារាងជាមួយនឹងការខាតបង់លើការប្ដូរប្រាក់បរទេសសុទ្ធចំនួនជិត ៦០០លានដុល្លារ ឬជិត១៣% នៃការបាត់បង់សុទ្ធចំនួនជាង៤ពាន់លានដុល្លារ សម្រាប់រយៈពេល៦ខែដំបូងនៃឆ្នាំនេះ។ ក្នុងចំណោមប្រាក់កម្ចីសរុបចំនួនជាង ៨៥ពាន់លានដុល្លារនៅចុងខែមិថុនា អត្រាជាង ២៦%ត្រូវបានគិតទូទាត់ជាដុល្លារអាមេរិក និងដុល្លារហុងកុង៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើសហភាពអឺរ៉ុបនឹងផ្តេកផ្តួលពឹងលើអាគុយយានយន្ដអគ្គិសនីពីប្រទេសចិន ដូចខ្លួនធ្លាប់ពឹងផ្អែកលើប្រេងរបស់រុស្ស៊ីដែរទេ?

ជាក្តីបារម្ភមួយថ្មីសម្រាប់សហភាពអឺរ៉ុប ដែលប្លុកទាំង២៧ប្រទេស ត្រូវមានវិធានការណ៍ទប់ស្កាត់មុនហួសពេល។ យោងតាមឯកសារមួយដែលបានចេញផ្សាយដោយសារព័…

សិប្បកម្មកែច្នៃត្រីមួយមានមហិច្ឆតានាំចេញទៅបរទេស ខណៈបច្ចុប្បន្នកំពុងរៀបចំបែបបទនាំចេញទៅអូស្ត្រាលី

សិប្បកម្មកែច្នៃត្រីមួយកន្លែងនៅខេត្តសៀមរាប ដែលអនុវត្តគម្រោង CAPFish CAPTURE របស់អង្កការ UNIDO ក្រោមការគាំទ្រដោយសហភាពអឺរ៉ុប និងក្រសួងកសិកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ