ប្រាក់ដុល្លារ

ហេតុផលធំៗទាំង៣ដែលប្រទេសជុំវិញពិភពលោកចង់ឈប់ប្រើប្រាក់ដុល្លារអាម៉េរិកសម្រាប់ពាណិជ្ជកម្ម និងការទូទាត់


ប្រាក់ដុល្លារអាម៉េរិកបានក្លាយជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកចាប់តាំងពីសង្គ្រាមលោកលើកទី២មកម៉្លេះ ប៉ុន្តែហេតុផលនយោបាយគួបផ្សំជាមួយហេតុផលសេដ្ឋកិច្ចកំពុងធ្វើឱ្យឥទ្ធិពលនៃប្រាក់ដុល្លារអាម៉េរិកធ្លាក់ចុះបន្តិចម្តងៗ។ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ជិត៦០% នៃទុនបម្រុងអន្តរជាតិ គឺជាប្រភេទទ្រព្យសកម្ម ដែលគិតជាប្រាក់ដុល្លារ។ ប្រាក់ដុល្លារ ក៏ជារូបិយប័ណ្ណ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតសម្រាប់ពាណិជ្ជកម្មផងដែរ។
ប្រាក់ដុល្លារ
ដោយ

ទោះជាយ៉ាងណាក៏ដោយ ពេលនេះទណ្ឌកម្មរបស់លោកខាងលិចដាក់លើប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានចូលប្រទេសអ៊ុយក្រែនកំពុងធ្វើឱ្យប្រទេសផ្សេងទៀត បង្កើនការប្រុងប្រយ័ត្នចំពោះផលវិបាក ដែលអាចកើតមានឡើងដោយសារការធ្វើឱ្យក្រុងវ៉ាស៊ីនតោនមិនសប្បាយចិត្ត។

ប្រទេសមួយចំនួនដូចជាប្រេស៊ីល អាហ្សង់ទីន បង់ក្លាដែស និងឥណ្ឌា ជាដើមកំពុងត្រៀមរូបិយប័ណ្ណ និងទ្រព្យសកម្មនានាដូចជាប្រាក់យន់របស់ចិន និងរូបិយ័ណ្ណឌីជីថល Bitcoin ជាដើម សម្រាប់ពាណិជ្ជកម្ម និងការទូទាត់។

ខណៈបរិយាកាសម៉ាក្រូភូមិសាស្ត្រនយោបាយ កំពុងជំរុញឱ្យប្រទេសនានាស្វែងរករូបិយប័ណ្ណជំនួស ក៏មានការព្រួយបារម្ភជាយូរមកហើយដែរ ជុំវិញឥទ្ធិពលលើសលប់នៃប្រាក់ដុល្លារអាមេរិកនៅក្នុងពាណិជ្ជកម្ម និងហិរញ្ញវត្ថុពិភពលោក។

ការជជែកដេញដោលពីការឈប់ពឹងផ្អែករបស់ពិភពលោកលើប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណបម្រុងចម្បងនេះបានផ្ទុះឡើងសាជាថ្មីរៀងរាល់ពីរបីឆ្នាំម្ដងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ នេះជាហេតុផលធំៗទាំង៣ ដែលប្រទេសជុំវិញពិភពលោកកំពុងព្យាយាមរៀបផែនការផ្ដាច់ខ្លួនចេញពីការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក។

ហេតុផលទី១ គឺគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកជះឥទ្ធិពលលើពិភពលោកខ្លាំងពេក សហរដ្ឋអាម៉េរិក គឺជាអ្នកបោះផ្សាយរូបិយប័ណ្ណបម្រុងរបស់ពិភពលោក ក៏ដូចជារូបិយប័ណ្ណដ៏លេចធ្លោនៅក្នុងប្រព័ន្ធទូទាត់ និងពាណិជ្ជកម្មអន្តរជាតិ។ ជាលទ្ធផល វាមានឥទ្ធិពលលើសលប់លើសេដ្ឋកិច្ចពិភពលោក ហើយជាញឹកញាប់វាមានតម្លៃថ្លៃខុសធម្មតា។

នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវឯករាជ្យ Wilson Center ដែលបានរាយការណ៍កាលពីខែឧសភា ដើមឆ្នាំនេះ។ ទន្ទឹមគ្នានេះ ប្រទេសនានាជុំវិញពិភពលោកត្រូវតាមដានគោលនយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុរបស់សហរដ្ឋអាមេរិកឱ្យជាប់ និងយ៉ាងយកចិត្តទុកដាក់ផងដែរ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅលើសេដ្ឋកិច្ចរបស់ពួកគេ។

ប្រទេសមួយចំនួនរួមទាំងឥណ្ឌាផងនិយាយថា ពួកគេធុញទ្រាន់នឹងគោនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាម៉េរិក ដែលចាប់ពួកគេធ្វើជាចំណាប់ខ្មាំង ដោយពួកគេថែមទាំងហ៊ាននិយាយថា សហរដ្ឋអាម៉េរិក គឺជាអ្នកបោះផ្សាយរូបិយប័ណ្ណបម្រុងរបស់ពិភពលោកដែលគ្មានទំនួលខុសត្រូវ។ ក្រុមការងារនៅធនាគារកណ្ដាលឥណ្ឌា (Reserve Bank of India) ពេលនេះកំពុងជំរុញឱ្យប្រើប្រាស់រូបិយប័ណ្ណរូពីរបស់ឥណ្ឌា សម្រាប់ពាណិជ្ជកម្មជាជំហរ ដែលស្របតាមចក្ខុវិស័យរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi)។

ហេតុផលទី២ គឺប្រាក់ដុល្លារអាមេរិក ថ្លៃខ្លាំងពេកសម្រាប់បណ្ដាប្រទេសរីកចម្រើនឆាប់រហ័សការឡើងថ្លៃប្រាក់ដុល្លារអាម៉េរិកទល់នឹងរូបិយប័ណ្ណភាគច្រើនជុំវិញពិភពលោកកំពុងធ្វើឱ្យទំនិញនាំចូលមានតម្លៃថ្លៃសម្រាប់បណ្ដាប្រទេសរីកចម្រើនឆាប់រហ័ស។ ជាក់ស្ដែងនៅប្រទេសអាហ្សង់ទីន សម្ពាធនយោបាយ និងការដាំក្បាលចុះនៃការនាំចេញបានរួមចំណែកធ្វើឱ្យធ្លាក់ចុះនូវទុនបម្រុងប្រាក់ដុល្លារអាម៉េរិក ហើយសម្ពាធលើប្រាក់ប៉េសូរបស់អាហ្សង់ទីន បានជំរុញឱ្យអតិផរណាហក់ឡើង។

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាហ្សង់ទីនបានលើកឡើងកាលពីខែវិច្ឆិកា ថា កត្តានេះបានជំរុញឱ្យប្រទេសអាហ្សង់ទីនចាប់ផ្តើមទូទាត់ទំនិញនាំចូលរបស់ប្រទេសចិន ដោយប្រើប្រាក់យន់ជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក។ ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស្យូ លូឡា ដា ស៊ីលវ៉ា (Luiz Inácio Lula da Silva) ស្ថិតក្នុងចំណោមអ្នកតស៊ូមតិដ៏ខ្លាំងក្លាបំផុត ដែលជំរុញឱ្យបង្កើតរូបិយប័ណ្ណជំនួសសម្រាប់ទូទាត់ពាណិជ្ជកម្ម ហើយថែមទាំងបានជំរុញឱ្យប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងផ្ដាច់ខ្លួនចេញពីប្រាក់ដុល្លារអាម៉េរិកទៀតផង។

ហេតុផលទី៣ គឺពាណិជ្ជកម្ម និងតម្រូវការប្រេងសកលកំពុងធ្វើពិពិធកម្មដោយធ្វើឱ្យប្រាក់ដុល្លារអាម៉េរិកប្រឈមហានិភ័យមូលហេតុដ៏សំខាន់មួយដែលប្រាក់ដុល្លារអាម៉េរិកក្លាយជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក គឺដោយសារបណ្ដាប្រទេសជាប់ឈូងសមុទ្រក្នុងតំបន់មជ្ឈិមបូព៌ាបានប្រើប្រាក់ដុល្លារអាម៉េរិកសម្រាប់ការជួញដូរប្រេង ពីព្រោះវាជារូបិយប័ណ្ណពាណិជ្ជកម្ម ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅពេលពួកគេកំពុងជួញដូរប្រេង។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើជាផ្លូវការនៅឆ្នាំ១៩៤៥ នៅពេលអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងដ៏ធំ និងសហរដ្ឋអាម៉េរិកបានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រថា អារ៉ាប៊ីសាអូឌីតនឹងលក់ប្រេងរបស់ខ្លួនទៅឱ្យសហរដ្ឋអាម៉េរិកដោយប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកសម្រាប់ការទូទាត់។

ហើយត្រលប់មកវិញ ប្រទេសអារ៉ាប៊ីសាអូឌីត នឹងយកទុនបម្រុងជាប្រាក់ដុល្លារ ដ៏ច្រើនលើសលប់ទៅវិនិយោគឡើងវិញលើប័ណ្ណរតនាគារ និងក្រុមហ៊ុននានារបស់សហរដ្ឋអាម៉េរិក។ កិច្ចព្រមព្រៀងនេះជាថ្នូរនឹងការធានារបស់សហរដ្ឋអាម៉េរិក ថានឹងជួយការពាសន្តិសុខសម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីត។

ទោះជាយ៉ាងណា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងអារ៉ាប៊ីសាអូឌីតបានជួបភាពល្អក់កករដោយសារបញ្ហាមួយចំនួននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

បញ្ហាទាំងនោះរួមមានដូចជា នៅពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានត្អូញត្អែរថា ប្រទេសអារ៉ាប៊ីសាអូឌីតមិនបានបង់ប្រាក់ឱ្យសហរដ្ឋអាម៉េរិកក្នុងតម្លៃសមស្របសម្រាប់ការការពារសន្តិសុខរបស់ខ្លួន និងនៅពេលប្រធានាធិបតី ចូ បៃឌិន បានថ្កោលទោសព្រះអង្គម្ចាស់មហាម៉េត ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) នៃប្រទេសអារ៉ាប៊ីសាអូឌីតជុំវិញករណីឃាតកម្មលើអ្នកកាសែត Washington Post លោក ចាម៉ាល់ ខាសុកហ្គី (Jamal Khashoggi) ជាដើម។

លោកស្រី សារ៉ា មីល័រ (Sarah Miller) និពន្ធនាយកនៃក្រុមហ៊ុនព៌ត៌មានថាមពលឈានមុខគេ Energy Intelligence បានលើកឡើងកាលពីខែវិច្ឆិកា ឆ្នាំមុនថា ភាពតានតឹងបែបនេះបានបង្កើនលទ្ធភាពដែលប្រទេសអារ៉ាប៊ីសាអូឌីត អាចនឹងឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក សម្រាប់ការទូទាត់ថ្លៃប្រេងនៅពេលណាមួយ៕

អត្ថបទ៖ តែម សុខុម​

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យសមាគមម្រេចកំពតវាយតម្លៃថា ការនាំចេញម្រេចកំពតនៅឆ្នាំក្រោយអាចនឹងធ្លាក់ចុះ៤០%?

បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយបញ្ហាការកើនឡើងអតិផរណា បញ្ហាសង្រ្គាម និងភាពតាមភូមិសាស្ត្រនយោ…

ចិនបន្តពុះពារអភិវឌ្ឍន៍សេដ្ឋកិច្ច ខណៈការធ្លាក់ចុះទីផ្សារអចលនទ្រព្យ និងការវិនិយោគឯកជននៅតែជាឧបសគ្គ

ទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ បានបង្ហាញថា ភាពទន់ខ្សោយ ដែលកំពុងតែបន្តនៅក្នុង វិស័យអចលនទ្រព្យ និងការវិនិយោគឯកជននៅប្រទេសចិន បានបន្តអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ