Advertisement
ទំហំពាណិជ្ជកម្ម​ កម្ពុជា​-អាមេរិក

ពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក ពាក់កណ្ដាល ឆ្នាំ២០១៩ នៅតែខ្លាំង ទោះបីរលកនយោបាយកំពុងឡើងកម្ដៅ


មួយរយៈចុងក្រោយនេះ រលកទំនាក់ទំនងផ្នែកនយោបាយរវាងកម្ពុជា និងអាមេរិក ត្រូវបានអ្នកតាមដានសង្គមមើលឃើញថា ហាក់មិនសូវជាមានភាពល្អូកល្អិនប៉ុន្មានទេ។ ប៉ុន្ដែ បើយើងក្រឡេកទៅមើលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅពាក់កណ្ដាលឆ្នាំ២០១៩នេះ នៅតែបន្ដកំណើនខ្ពស់ល្អ ពោលគឺសម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។
ពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក ពាក់កណ្ដាល ឆ្នាំ២០១៩ នៅតែខ្លាំង ទោះបីរលកនយោបាយកំពុងឡើងកម្ដៅ
ដោយ
Advertisement

ទិន្នន័យពី​រដ្ឋាភិបាល​អាមេរិក បាន​ឲ្យដឹងថា ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក នៅក្នុង​ឆមាស​ទី១ ឆ្នាំ​២០១៩នេះ សម្រេចបាន​ក្នុងទំហំ​ទឹកប្រាក់​ប្រមាណ​២,៥ ពាន់លាន​ដុល្លារអាមេរិក ដែលមាន​ការកើនឡើង​ប្រមាណ ជាង ២២% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

របាយការណ៍​ពី​ការិយាល័យ​ជំរឿន​របស់​សហរដ្ឋអាមេរិក បាន​ឲ្យដឹងថា នៅរយៈពេល​៦ខែ​ឆ្នាំ២០១៩នេះ ការនាំចេញ​របស់កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក មានប្រមាណ​ជាង ២,២ ពាន់លាន​ដុល្លារអាមេរិក កើនឡើង​ប្រមាណ​ជាង​៥០០​លាន​ដុល្លារ​អាមេរិក​ធៀបនឹង​៦ខែឆ្នាំ២០១៨ គិតជាអត្រា​កំណើន​គឺមានប្រមាណ ជាង​២៣%។

រីឯការនាំចេញ​របស់អាមេរិក​មក​កម្ពុជា​វិញ ឃើញថា ក្នុងរយៈពេល​ដូចគ្នានេះដែរ អាមេរិក​នាំទំនិញ​មកកម្ពុជា​មានតម្លៃជាទឹកប្រាក់​ប្រមាណ​ជាង​២៦០ លាន​ដុល្លារអាមេរិក កើនឡើង​ប្រមាណ​៥០ លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ​ធៀបនឹង​៦ខែ​ឆ្នាំ២០១៨ បើគិតជាអត្រា​កំណើន​គឺមាន​ប្រមាណ​២០ភាគរយ។ 

បើនិយាយ​ពី​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​សហរដ្ឋអាមេរិក តាមរយៈ​ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP វិញ ត្រូវបាន​ដឹងថា គឺមាន​លើកលែង​ពន្ធ តែសម្រាប់​ទំនិញ​សម្រាប់​ការធ្វើដំណើរ​ប៉ុណ្ណោះ​ដូចជា វ៉ាលី កាតាបស្ពាយ កាបូបយួដៃ និង​កាបូប​លុយជាដើម។

បើតាម​ប្រធាន​សមាគម​រោងចក្រ​កាន់ដេរ​កម្ពុជាលោកឧកញ៉ា វ៉ាន់ ស៊ូអៀង ធ្លាប់បានលើកឡើងថា ចំនួន​រោងចក្រ​ផលិត​កាបូប​នៅកម្ពុជា​បាន​បង្ហាញកំណើនល្អគួរ​ឲ្យកត់សម្គាល់ ហើយ​នៅ​រយៈពេល​២ឆ្នាំ​ទៅមុខនេះ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​រូបនេះ ជឿ​ជាក់ថា ចំនួន​រោងចក្រ​ផលិតកាបូប នឹង​កើនឡើង​ទ្វេដងថែមទៀត ខណៈដែល បច្ចុប្បន្ន រោងចក្រ​ផលិតកាបូប ដែលជាសមាជិក​របស់សមាគម​រោងចក្រ​កាត់ដេរ កម្ពុជា មានប្រមាណ​ ២០​រោងចក្រ និងមានការ​នាំចេញ​ រហូតដល់ ៥៥០ លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ២០១៨។ 

អ្នកជំនាញ សេដ្ឋកិច្ច ធ្លាប់បាន​អះអាងថា កំណើននៃចំនួន​​រោងចក្រ​ផលិត​កាបូប​ កំពុង​មាន​និន្នាការ​កើនឡើង​នៅកម្ពុជានេះ គឺដោយសារតែ​ កាបូប គឺជាផលិតផល​មួយ​ក្នុងចំណោម​ផលិតផល​សម្រាប់​ការធ្វើដំណើរ​ផ្សេងទៀត ដែល​អាចនាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក ដោយ​មានការ​អនុគ្រោះពន្ធ​តាមប្រព័ន្ធ អនុគ្រោះពន្ធ GSP។

សូមបញ្ជាក់ដែរថា សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ក៏ដូចជា​ទីផ្សារ​នាំចេញ​ដ៏​ធំមួយ​របស់​កម្ពុជា។ បើតាម​ទិន្នន័យពី​រដ្ឋាភិបាល​អាមេរិក បច្ចុប្បន្ន កម្ពុជា​គឺជា​ប្រទេសដៃគូរពាណិជ្ជកម្ម​ធំបំផុត​ទី​៦៦ របស់អាមេរិក ដែល​កាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​សម្រេច​បាន​ប្រមាណ​៤,៣ ពាន់​លាន​ដុល្លារអាមេរិក មានកំណើន​ជាង​២០% ធៀបនឹង​ឆ្នាំ២០១៧។ ដោយក្នុងនោះ កម្ពុជា​នាំទៅអាមេរិក​មាន​ជាង​៣,៨ ពាន់​លាន​ដុល្លារអាមេរិក និងអាមេរិក​នាំចូលមក​កម្ពុជា​វិញ​មានជាង​៤៤០ លាន​ដុល្លារអាមេរិក៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេ​មនោគម​​វិជ្ជា​ខ្មែក្រហម លោក នួន ជា បាន​ស្លាប់​ហើយ ក្នុង​វ័យ​៩៣​ឆ្នាំ

ព័ត៌មាន
លោក នួន ជា ដែល​ជា​មេ​មនោគម​​វិជ្ជា​របស់​របប​ខ្មែរ​ក្រហម បាន​ស្លាប់ហើយ​ នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​សីហា ឆ្នាំ​២០១៩នេះ នៅ​មន្ទីរពេទ្យ​មិ...

សំណង់ខុសច្បាប់ នឹងត្រូវ «រដ្ឋផ្អាកផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់»

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម និងសប្បិកម្ម បានចេញវិធានការនឹងផ្អាកការផ្គត់ផ្គង់ទឹកស្អាត ចំពោះសំណង់ទាំងឡាយណា ដែលសាងសង់ខុស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ