ការនាំចេញទំនិញកម្ពុជាទៅអាមេរិក

ការនាំចេញទំនិញកម្ពុជាទៅអាមេរិកនៅតែកើនខ្ពស់ដល់ ៤០% នៅ៨ខែឆ្នាំនេះ ទោះកូវីដ-១៩កំពុងរាតត្បាតខ្លាំង


ការនាំចេញទំនិញរបស់កម្ពុជានៅតែកើនខ្លាំងក្នុងរយៈពេល៨ខែដើមឆ្នាំ២០២១នេះ បើទោះបីជាកូវីដ១៩បាននិងកំពុងបន្ដអុកឡុកខ្លាំងក្ដី។ ជាក់ស្តែងនៅរយៈពេល៨ខែឆ្នាំនេះ ការនាំចេញទំនិញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក សម្រេចបានជាង ៤ពាន់៦រយលានដុល្លារអាមេរិកកើនឡើង៤០% ខណៈការនាំចូលពីសហរដ្ឋអាមេរិកកើនឡើងជាង៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ បានឈានដល់ជិត៥ពាន់លានដុល្លារ កើនឡើងជាង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទង់ជាតិ​កម្ពុជា និងទង់ជាតិ​អាមេរិក

របាយការណ៍ពីក្រសួងពាណិជ្ជកម្មបានបង្ហាញឲ្យឃើញថា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅរយៈពេល៨ខែក្នុងឆ្នាំ២០២១ សម្រេចបានជាង ៤ពាន់៦រយលានដុល្លារអាមេរិកកើនឡើង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង៣ពាន់៣រយលានដុល្លារអាមេរិកប៉ុណ្ណោះ។ ចំណែកការនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជានៅរយៈពេលដូចគ្នានេះ សម្រេចបានជាង ២៥០លានដុល្លារអាមេរិក កើនឡើងជាង៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើសរុបទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកបានឈានដល់ជិត៥ពាន់លានដុល្លារអាមេរិកនៅ៨ខែឆ្នាំ កើនឡើងជាង៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានចំនួនជិត៣ពាន់២រយលានដុល្លារអាមេរិក។ តាមរយៈតួលេខនេះអាចបញ្ជាក់បានថា ការឆ្លងរាតនៃជំងឺកូវីដ-១៩ ជាសកលមិនបានបង្កផលប៉ះធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះទេ ទោះបីបញ្ហានេះបានធ្វើឲ្យមានការរាំងស្ទះមួយចំនួនដល់ការដឹកជញ្ជូនក៏ដោយ។ 

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា  កត្តាដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅតែអាចរក្សាបាននូវកំណើននេះ គឺដោយសារកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធទូទៅពីសហរដ្ឋអាមេរិក(GSP) គួបផ្សំតម្រូវការមានការកើនឡើង។ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ក៏ជាកត្តារួមចំណែកធ្វើឲ្យការនាំចេញរបស់កម្ពុជាកើនឡើងផងដែរ។ អ្នកជំនាញរូបនេះអះអាងថា ការនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជាមានការកើនឡើង វាមិនមែនជាសញ្ញាអាក្រក់នោះទេ ប៉ុន្ដែ វាបានបង្ហាញពីភាពល្អប្រសើរនៃចរន្តសេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា ទំនិញដែលកម្ពុជានាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិករួមមានសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ខណៈកម្ពុជានាំចូលពីសហរដ្ឋអាមេរិកភាគច្រើនរថយន្ត និងគ្រឿងអគ្គិសនីជាដើម។

គួររំលឹកថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២០ មានទំហំទឹកប្រាក់ជិត ៧ពាន់លានដុល្លារអាមេរិក កើនឡើងជិត១៨% បើធៀបនឹងឆ្នាំ២០១៩ ដែលមានទំហំទឹកប្រាក់ជិត៦ពាន់លានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


UN ស្វែងរកថវិកាចំនួន ៦០០លានដុល្លារ ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌នៅអាហ្វហ្គានីស្ថាន

ព័ត៌មាន
អង្គការសហប្រជាជាតិស្វែងរកថវិកាចំនួន ៦០០ លានដុល្លារ ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌នៅអាហ្វហ្គានីស្ថាន។ អង្គការសហប្រជាជាតិ នៅដើមសប្ដាហ៍នេះ បានរ…

ប្រទេសមហាអំណាចធំៗទាំង ១០ ដែលមានការចំណាយលើវិស័យយោធាខ្ពស់បំផុតក្នុងពិភពលោក

ព័ត៌មាន
ការចំណាយលើវិស័យយោធា នៅទូទាំងពិភពលោកត្រូវបានគេសង្កេតឃើញថា មានការកើនឡើងជាបន្តបន្ទាប់ និងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៨៨ មក។ ដោយឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ